(បាត់ដំបង)៖ លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្ពោធដាក់ឱ្យដំណើរការដេប៉ាតឺម៉ង់ ភាសាចិន ចំណុះឱ្យវិទ្យាស្ថានភាសាបរទេសនៅក្នុងសាកលវិទ្យាល័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកអប់រំ លោកសាស្ត្រាចារ្យបណ្ឌិត វ៉ាង ជានៀន អតីតនាយកវិទ្យាស្ថានខុងជឺ ភាគីចិន លោកសាស្ត្រាចារ្យបណ្ឌិត អ៊ី យ៉ុងចុង ជានាយកថ្មីវិទ្យាស្ថានខុងជឺភាគីចិន លោកបណ្ឌិត សំ រ៉ានី ជានាយកវិទ្យាស្ថានខុងជឺភាគីកម្ពុជា លោកសាស្រ្តាចារ្យ និងគ្រូបង្រៀនភាសាចិនជាច្រើនរូប។

សូមបញ្ជាក់ថា សាកលវិទ្យាល័យជាតិបាត់ដំបង នឹងបើកថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រចិន ជូនដល់សិស្សានុសិស្ស និងនិសិ្សតដែលមានបំណងចង់សិក្សានៅក្នុងឆ្នាំសិក្សាថ្មី ២០២១-២០២២នេះ។ បច្ចុប្បន្ននេះដេប៉ាតឺម៉ង់ភាសាចិនបានទទួលការឧបត្ថម្ភគាំទ្រពីស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា មូលនិធិអប់រំអន្តរជាតិ នៃប្រទេសចិន (CIEF) មជ្ឈមណ្ឌលដើម្បីកិច្ចសហប្រតិបត្តិការ និងការអប់រំភាសានៃប្រទេសចិន (CLEC) សាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីង (Guilin University of Electronic Technology) និងវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង។

លោក សុខ ឃន បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាការគ្រប់គ្រង សាកលវិទ្យាល័យជាតិបាត់ដំបង បានសម្រេចចិត្តបើកដំណើរការដេប៉ាតឺម៉ងភាសាចិន ក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិត និងសាធារណៈជន ដើម្បីឆ្លើយតប នឹង តម្រូវការទីផ្សារការងារខ្ពស់ និងកំណើនទំហំវិនិយោគឈានមុខគេរបស់ក្រុមហ៊ុនពាណិជ្ជកម្មចិននៅកម្ពុជា។

លោក សុខ ឃន បានបញ្ជាក់បន្ថែមថា ជំនាញភាសាចិននេះបានទទួលការអនុញ្ញាតជាផ្លូវការពីក្រសួងអប់រំ យុវជននិងកីឡាតាមរយៈប្រកាសលេខ ១១៥៧ អយក. បក ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការបង្កើតមុខជំនាញថ្មីនៅសាកវិទ្យាល័យជាតិបាត់ដំបង។

លោកសាស្ត្រាចារ្យបណ្ឌិត វ៉ាង ជានៀន បានឱ្យដឹងដែរថា វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានបណ្តុះបណ្តាលភាសាចិនវគ្គសិក្សាខ្លីដល់សិស្ស និសិ្សត និងបុគ្គលិកក្រុមហ៊ុនបានចំនួនជាង ៣០០នាក់ និងបានរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ចំនួន១០លើក ដែលជាស្ពានមួយចងភ្ជាប់ទំនាក់ទំនងមិត្តភាព ដ៏ប្រពៃរវាង ប្រជាជនកម្ពុជា និងប្រជាជនចិន។

លោកបានសង្កត់ធ្ងន់ថា វិទ្យាស្ថានខុងជឺនឹងជួយគាំទ្រដល់ដេប៉ាតឺម៉ង់ភាសាចិន ក្នុងការបើកថ្នាក់បរិញ្ញាបត្រភាសាចិន តាមរូបមន្តកម្មវិធីសិក្សា២+២ ដែលផ្តល់ឱកាសឱ្យ និស្សិតអាចសិក្សារយៈពេល២ឆ្នាំ នៅសាកលវិទ្យាល័យជាតិបាត់ដំបង និងសិក្សារយ:ពេល២ឆ្នាំទៀតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីង សម្រាប់ឆ្នាំ សិក្សាខាងមុខនេះ។ បច្ចុប្បន្នវិទ្យាស្ថានខុងជឺមានធនធានមនុស្សមានគុណវុឌ្ឍិគ្រប់គ្រាន់ រួមមានសាស្រ្តាចារ្យចំនួន៣រូប សាស្រ្តាចារ្យរងចំនួន២រូប និងគ្រូបង្រៀនចំនួន៨រូប ក្នុងនោះមានសញ្ញាបត្របណ្ឌិតចំនួន៣រូប អនុបណ្ឌិតចំនួន៨រូប និងបរិញ្ញាបត្រចំនួន៦រូប។

លោកសាស្ត្រាចារ្យបណ្ឌិត អ៊ី យ៉ុង បានឱ្យដឹងដែរថា ប្រទេសចិននឹងពន្លឿន និងពង្រីកដំណើរការបើកទូលាយនូវវិស័យអប់រំ ទៅកាន់ពិភពលោកខាងក្រៅតាមរយៈគំរូ កិច្ចសហប្រតិបត្តិការខ្សែសង្វាក់បីរួមតែមួយ ដែលមានដូចជា ការបង្រៀនភាសា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីផ្សារការងារ។ ការបង្រៀនភាសាចិននឹងជួយនិស្សិត ក្នុងឱកាសទីផ្សារការងារ និងជួយអភិវឌ្ឍសាកលវិទ្យាល័យជាតិបាត់ដំបងនាពេលបច្ចុប្បន្ន និងទៅអានាគត។

លោកបានបន្ថែមទៀតថា វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងវិស័យអប់រំភាសាចិន និងជំនាញ ចាំបាច់ដ៏ទៃទៀត ដើម្បីស្ថាបនាស្ពានមិត្តភាពដ៏ស្មោះសរវាងប្រទេសចិន និងកម្ពុជា ព្រមទាំងរួមចំណែកអភិវឌ្ឍប្រទេសយើងទាំងពីរឱ្យបានកាន់តែប្រសើរឡើង។

គួរបញ្ជាក់ផងដែរថា ដេប៉ាតឺម៉ង់ភាសាចិន ជាដេប៉ាតឺម៉ង់មួយក្នុងចំណោមដេប៉ាតឺម៉ង់ទាំងចំណុះ ឱ្យវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យជាតិបាត់ដំបង រួមមាន ដេប៉ាតឺម៉ង់ភាសាអង់គ្លេស ដេប៉ាតឺម៉ង់ភាសាកូរ៉េ ដេប៉ាតឺម៉ង់ភាសាបារាំង និងដេប៉ាតឺម៉ង់ភាសាថៃ៕