(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញន្រ្តីនៅក្រោមឱវាទក្រសួងទាំងអស់ ឲ្យខិតខំបំពេញការងារឲ្យអស់លទ្ធភាពប្រកបដោយទំនួលខុសត្រូវខ្ពស់ និងត្រូវពង្រឹងសមត្ថភាពបន្ថែម ដើម្បីបម្រើប្រយោជន៍ជូន ប្រទេសជាតិ និងប្រជាជន។
ក្នុងពីធីប្រកាសចូលកាន់តំណែងនាយកបេឡាជាតិអតីតយុទ្ធជននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ លោក វង សូត បានថ្លែងថា មន្រ្តី រាជការដែលបានកាន់តួនាទីនីមួយៗ ត្រូវខិតខំបំពេញការងារឲ្យអស់សមត្ថភាព និងមានការទទួលខុសត្រូវទៅតាមមុខជំនាញ ជាពិ សេសផែនការជួយមនុស្សចាស់ ការជួយកុមារកំព្រារនៅតាមមជ្ឍមណ្ឌល ជនអាណាថា និងការងារបេឡាជាតិអតីតយុទ្ធជនជាដើម ក្នុងគោលដៅបង្កើនកិច្ចសហការគ្រប់ផ្នែកគ្រប់ជំនាញឲ្យកាន់តែល្អប្រសើរ។
លោករដ្ឋមន្រ្តី បានលើកឡើងទៀតថា ការងារបេឡាជាតិអតីតយុទ្ធជន គឺចាត់ទុកជាការងារសំខាន់មួយ ដែលទាមទារឲ្យការផ្តល់សេ វាត្រូវធ្វើឡើងឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពជូនដល់អតីតយុទ្ធជន ព្រោះបច្ចុប្បន្នការងារទាំងនេះ គឺពុំទាន់មានតម្លាភាពគ្រប់ ជ្រុងជ្រោយនៅឡើយ ក្នុងនោះមន្រ្តីដែលចូលកាន់តំណែងថ្មី ត្រូវអនុវត្តន៍ការងារឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់លើអតីតយុទ្ធជន និង និវត្តន៍ជន។
លោក វង សូត បានចាត់ទុកអតីតយុទ្ធជន ជនបាត់បង់កាយសម្បទា និងនិវត្តន៍គ្រប់រូប ជាជនដែលមានគុណបំណាច់ធំធេង ដែល បានជួយជំរុញឲ្យប្រទេសជាតិមានការរីកចម្រើន៕