(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការក្រើនរំលឹក នៃការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ជូនដល់ប្រជាពលរដ្ឋទាំងអស់នៅតាមបណ្តារាជធានី-ខេត្តទាំង២៥។
ក្រសួងសុខាភិបាលបញ្ជាក់ថា យោងតាមអនុសាសន៍របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទដែលតា និងវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង (Omicron) ដែលកំពុងចរាចរយ៉ាងសកម្មនៅតាមប្រទេសមួយចំនួននោះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានធ្វើការក្រើនរំលឹកជូនដល់សាធារណជនទាំងអស់ជ្រាបថា ចំពោះ យុវវ័យ និងកុមារដែលមានអាយុចាប់ពី៥ឆ្នាំឡើង មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានឱ្យបានគ្រប់គ្នា។
ចំណែកឯប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានរួចហើយៗមានគម្លាតចាប់ពី៤ខែឡើងបន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២រួច ឬបានចាក់វ៉ាក់សាំងចនសុន ចនសុន ដូសទី១រួច សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញឱ្យបានគ្រប់គ្នា នៅតាមទីតាំងដែលបានរៀបចំជូនដោយរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ដែលនៅជិតទីសំណាក់របស់ខ្លួន។
ទន្ទឹមនឹងនេះ ដើម្បីជំរុញឱ្យការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ក៏ដូចជាដូសទី៣ ឬដូសជំរុញ ជូនដល់ប្រជាពលរដ្ឋទាំងអស់ប្រព្រឹត្តទៅកាន់តែរលូន គ.វ.ក-១៩ ស្នើអភិបាលរាជធានី-ខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្តទាំងអស់ ធ្វើការណែនាំបន្តទៅអាជ្ញាធរមូលដ្ឋាន គ្រប់ស្រុក ក្រុង ខណ្ឌ ឃុំ សង្កាត់ ឱ្យបន្តការអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋគ្រប់ក្រុមអាយុទាំងអស់ ឱ្យបានទូលំទូលាយអំពីសារប្រយោជន៍នៃ វ៉ាក់សាំងកូវីដ-១៩ និងលើកទឹកចិត្តពួកគាត់ឱ្យស្ម័គ្រចិត្ត មកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសទី៣ ឬដូសជំរុញឱ្យបានគ្រប់ៗគ្នា ព្រមទាំងណែនាំទៅដល់គ្រប់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់ឱ្យរៀចចំ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការមកទទួលការចាក់វ៉ាក់សាំងកូដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញឱ្យមានភាពរលូនផងដែរ។
ម្យ៉ាងទៀតចំពោះប្រជាពលរដ្ឋ ណាដែលមិនអាចធ្វើដំណើរមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ បាន ជាពិសេសលោកតាលោកយាយមានអាយុច្រើន ដែលពិបាកក្នុងការធ្វើដំណើរនោះ ស្នើសុំឱ្យក្រុមគ្រូពេទ្យបន្ថយកវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនដល់ទីសំណាក់របស់ពួកគាត់តែម្តង៕