(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអញ្ជើញមកសាកសួរ និងស្ដាប់ចម្លើយរបស់ពួកគាត់ទាំងពីរនាក់ ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហាមឃាត់ នៃការកាប់ទន្ទ្រានព្រៃលិច។

លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានថ្លែងប្រាប់អគ្គនាយកបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះថា «អង្គភាពរបស់យើងខ្ញុំ បានអញ្ជើញឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ មានតួនាទីជាស្នងការរងនគរបាលខេត្ត និងឈ្មោះ កែវ ណារុន មានតួនាទីជានាយការិយាល័យអន្ដរាគមន៍ និងតម្រួត ខេត្តកំពង់ឆ្នាំង ដើម្បីមកសាកសួរ និងស្ដាប់ចម្លើយ ពាក់ព័ន្ធទៅនឹងការកាន់កាប់ព្រៃលិច នៅតំបន់៣ គឺតំបន់ហាមឃាត់ ក្នុងស្រុកកំពង់លែង ខេត្ដកំពង់ឆ្នាំង»

លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានបញ្ជាក់បន្ថែមថា ក្នុងករណីក្រោយការសួរនាំ និងស្តាប់ចម្លើយ ហើយរកឃើញថា ពួកគេទាំងពីរនាក់ពិតជាបានរំលោភបំពានខុសច្បាប់ នៅក្នុងតំបន់៣នោះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងធ្វើការជូនដំណឹងបន្តទៀត។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យក្រសួងស្ថាប័ន និងអាជ្ញាធរខេត្ត ជាពិសេសខេត្តជុំវិញបឹងទន្លេសាប ត្រូវបើកប្រតិបត្តិការយ៉ាងក្ដៅគគុកចុះទៅបង្ក្រាប និងដកហូតដែនដីព្រៃលិចទឹក ដែលរងការរំលោភបំពាន កាន់កាប់រាប់ពាន់ហិចតា នាពេលកន្លងមក ជាពិសេសក្នុងខេត្តកំពង់ឆ្នាំងតែម្ដង។

យុទ្ធនាការនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដោយកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានចុះទៅពិនិត្យជាក់ស្ដែងនៅតំបន់ព្រៃលិចទឹក រហូតអ្នកដែលកាន់កាប់ព្រៃលិចខុសច្បាប់ទាំងនេះ បានចេញមកទទួលស្គាល់កំហុស និងបានប្រគល់ដីទាំងនេះជូនរដ្ឋវិញផងដែរ៕