(ភ្នំពេញ)៖ លោក មុត ចន្ថា មនុស្សជំនិតរបស់ លោកកឹម សុខា នៅថ្ងៃព្រហស្បតិ៍នេះ បានចេញមុខរិះគន់ លោកសម រង្ស៊ីជាថ្មី ដោយលោកលើកឡើងថា មេដឹកនាំក្រុមប្រឆាំងមួយនេះ ល្ងង់តែធ្វើចេះពិបាកប្រដៅ។

ការរិះគន់នេះបានធ្វើឡើងបន្ទាប់ពីលោកសមរង្ស៊ី បង្ហោះសេចក្តីថ្លែងការណ៍មួយថា គម្រោងទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសភូមា នៅខែមករា ឆ្នាំ២០២២ គឺ «មិនតំណាងឱ្យកម្ពុជា និងតំណាងឱ្យអាស៊ាន» ឡើយ។

តាមរយៈហ្វេសប៊ុករបស់ខ្លួន លោក មុត ចន្ថា បានលើកឡើងដូច្នេះថា៖ «មិនចាំបាច់អានសេចក្តីប្រកាសព័ត៌មានទាំងស្រុង គ្រាន់តែអានសំណេរខ្លីមួយរបស់លោក សម រង្ស៉ី ក៏យល់ឃើញថា ការលើកឡើងដូចខាងលើនេះបញ្ជាក់ពីភាពល្ងង់ខ្លៅ និងការមិនយល់ដឹងពីនយោបាយការទូតជាលក្ខណៈទ្វេភាគីរបស់រដ្ឋអធិបតេយ្យ និងនយោបាយការទូតជាលក្ខណៈពហុភាគីរបស់អង្គការតំបន់ ជាពិសេសតួនាទីរបស់រដ្ឋសមាជិកនៃអង្គការសហប្រជាតិដែលស្រឡាញ់សន្តិភាព ទាល់តែសោះ»

លោកបានរៀបរាប់យ៉ាងដូច្នេះថា ជាគោលការណ៍អន្តរជាតិ ស្របតាមអនុសញ្ញាទីក្រុងវៀនណា (វីយេន) រដ្ឋអធិបតេយ្យមួយមានសមត្ថភាព សមត្ថកិច្ច និងសិទ្ធិអធិបតេយ្យជ្រើសរើសធ្វើទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីតំណាងឱ្យ និងការពារឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទាំងមូលរបស់ប្រទសខ្លួន ដោយឈរលើគោលការណ៍អធិបតេយ្យសមភាព តម្លៃស្មើគ្នា ការគោរពស្មើគ្នា សម្លេងតែមួយដូចគ្នា។ រដ្ឋមន្រ្តីការបរទេស គឺជាប្រមុខការទូតរបស់រដ្ឋអធិបតេយ្យទទួលបន្ទុកអនុវត្តគោលនយោបាយការបរទេសដោយផ្ទាល់ ឬតាមរយៈឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត ឬអគ្គកុងស៊ុលដែលត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ឬប្រមុខរដ្ឋ។ ក្នុងន័យនេះ ព្រះរាជាណាចក្រកម្ពុជា គឺជារដ្ឋឯករាជ្យ និងអធិបតេយ្យ មានសិទ្ធិស្វ័យសម្រេចពេញលេញជ្រើសរើសធ្វើទំនាក់ទំនងការទូត និងបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិជាលក្ខណៈទ្វេភាគី និងពហុភាគី ស្របតាមឆន្ទៈអធិបតេយ្យរបស់ខ្លួន។

ព្រះរាជាណាចក្រកម្ពុជា គឺជាសមាជិកនៃអង្គការសហប្រជាជាតិ និងមានឋានៈស្របច្បាប់ (legitimacy) នៅក្នុងអង្គការពិភពលោកនេះ ដោយមានសិទ្ធិពេញលេញ និងឋានៈស្មើភាពឬស្មើមុខស្មើមាត់។ ព្រះរាជាណាចក្រកម្ពុជាមិនមែនជាសមាជិកនៃអង្គការសហប្រជាជាតិប្រឆាំងនឹងសកម្មភាពបង្ការ ឬការអនុវត្តដែលត្រូវបានចាត់វិធានការដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនោះទេ ដែលអាចត្រូវបានព្យួរពីការអនុវត្តសិទ្ធិ និងឯកសិទ្ធិ (បុព្វសិទ្ធិ) នៃសមាជិកភាពដោយមហាសន្និបាតអង្គការសហប្រជឆជាតិ ដោយមានការផ្តល់អនុសាសន៍របស់ក្រុមប្រឹក្សាសន្តិសុខ (មាត្រា ៥ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ)។

សមាជិកភាពរបស់អង្គការសហប្រជាជាតិត្រូវបានបើកទទួលប្រទេសដែលស្រឡាញ់សន្តិភាពទាំងអស់។ ក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិ ព្រះរាជាណាចក្រកម្ពុជាត្រូវដោះស្រាយ ឬមានតួនាទីចូលរួមជួយដោះស្រាយជម្លោះអន្តរជាតិដោយមធ្យោបាយសន្តិវិធី ក្នុងលក្ខណៈដែលសន្តិភាពនិងសន្តិសុខ ហើយនិងយុត្តិធម៌អន្តរជាតិ មិនត្រូវបានរងគ្រោះ។ ដូច្នេះ បញ្ហាវិបត្តិនៅប្រទេសភូមា ទាំងអង្គការពិភពលោក អង្គការតំបន់ ដូចជាសហភាពអឺរ៉ុប សមាគមប្រជាជាតិអាស៉ីអគ្នេយ៍ (អាស៊ាន) រួមទាំងប្រទេសសមាជិកនៃអង្គការសហប្រជាជាតិដែលស្រឡាញ់សន្តិភាពទាំងអស់អាចចូលរួមស្វែងរកដំណោះស្រាយចំពោះវិបត្តិនោះ ដើម្បីទប់ស្កាត់និងបង្ការការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងស្តារលទ្ធិប្រជាធិបតេយ្យ និងសន្តិភាពឡើងវិញ។

ធម្មនុញ្ញអង្គការសហប្រជាជាតិហាមសមាជិកឱ្យចៀសវាងក្នុងទំនាក់ទំនងអន្តរជាតិរបស់ខ្លួនពីការគំរាមកំហែង ឬប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយរបស់រដ្ឋសមាជិកណាមួយ ឬក្នុងលក្ខណៈផ្សេងទៀតមិនស្របជាមួយគោលបំណងរបស់អង្គការសហប្រជាជាតិ ដូចមានចែងក្នុងមាត្រា១។ រដ្ឋសមាជិកត្រូវចៀសវាងនូវការផ្តល់ជំនួយដល់រដ្ឋណាមួយប្រឆាំងនឹងវិធានការបង្ការនិងការអនុវត្តរបស់អង្គការសហប្រជាតិ។ ក្នុងករណីនេះ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិមិនទាន់បានចេញសេចក្តីសម្រេចណាមួយ ដើម្បីអនុវត្តវិធានការបង្ការនិងអនុវត្តនៅឡើយទេ រួមទាំងទណ្ឌកម្មផ្សេងៗ ឬដកហូត ឬស្នើព្យួរសមាជិកភាពនៃអង្គការសហប្រជាជាតិរបស់ប្រទេសភូមានៅឡើយទេ។ កន្លងមក គណៈកម្មការសារតាំងរបស់អង្គការសហប្រជាជាតិគ្រាន់តែសម្រេចមិនទទួលយកសារតាំងរបស់រដ្ឋាភិបាលយោភូមាដោយមិនអនុញ្ញាតឱ្យតំណាងចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ បៅខែកញ្ញា ឆ្នាំ២០២១ ហើយសេចក្តីសម្រេចនេះក៏បានអនុវត្តចំពោះរដ្ឋាភិបាលរួបរួមជាតិភូមា ផងដែរ។

ជាការពិតណាស់ អំពើរដ្ឋប្រហារយោធា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ និងអំពើហិង្សដោយការបង្រ្កាបទៅលើបាតុករតវ៉ាប្រឆាំងនឹងរដ្ឋប្រហារដែលបានសម្លាប់មនុស្សជាង ១.៣០០នាក់ បង្ករបួសស្នាមមនុស្សរាប់ពាន់នាក់ ហើយនិងការចាប់ខ្លួនមនុស្សជាង ១៥.០០០០នាក់ គឺជាការប្រឆាំងនឹងគោលការណ័ប្រជាធិបតេយ្យ និងជាការំលោភលើសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុត។ រដ្ឋាភិបាលយោធាភូមាកើតចេញពីការដណ្តើមអំណាចដោយខុសច្បាប់មិនត្រូវបានទទួលស្គាល់នៅអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប អាស៊ាន និងបច្ចឹមប្រទេស។ ទោះជាយ៉ាងនេះក្តី សហគមន៍អន្តរជាតិមិនអាចបោះបង់ចោលប្រជាជនភូមា ឱ្យទទួលរងគ្រោះបន្តទៅទៀតនោះទេ។
សហគមន៍អន្តរជាតិអាចមិនទទួលស្គាល់របបសឹកភូមា និងដាក់ទណ្ឌកម្មគ្រប់រូបភាពប្រឆាំងនឹងរបបនេះ ប៉ុន្តែនៅពេលជាមួយគ្នា សហគមន៍អន្តរជាតិ រួមទាំងរដ្ឋសមាជិកផ្សេងទៀត ចាំបាច់ចូលរួមស្វែងរកដំណោះស្រាយចំពោះវិបត្តិភូមា ដើម្បីបញ្ចៀសនូវសង្រ្គាមស៉ីវិល និងអសន្តិសុខក្នុងតំបន់ ជាពិសេសសោកនាដកម្មមកលើជនស៉ីវិលដែលតស៊ូទាមទារលទ្ធិប្រជាធិបតេយ្យ និងបញ្ចប់នូវរបបយោធាខុសច្បាប់នេះ។

កិច្ចព្រមព្រៀងប្រាំចំណុចដែលត្រូវបានអនុម័តដោយជំនួបកំពូលមេដឹកនាំអាស៊ាន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅរដ្ឋធានីហ្សាកាតា ឥណ្ឌូនេស៉ី ក្នុងនោះក៏មានការតែងតាំងបេសកជនប្រធានអាស៊ានទទួលបន្ទុកបញ្ហាភូមា ផងដែរ។ យោងតាមកិច្ចព្រមព្រៀងនេះ អាស៊ានមានតួនាទីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិភូមា សំដៅស្តារលទ្ធិប្រជាធិបតេយ្យ បញ្ឈប់អំពើហិង្សា និងការរំលោភសិទ្ធិមនុស្ស។

គួរឱ្យសោកស្តាយ របបយោធានាភូមាបរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ។ ទោះជាយ៉ាងនេះក្តី អាស៊ានមិនអាចបញ្ឈប់ ឬបោះបង់តួនាទី និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីចាប់ឱ្យរបបយោធាភូមាអនុវត្តកិច្ចព្រមព្រៀងប្រាំចំណុចនេះ។ បច្ចុប្បន្ននេះ ប្រទេសប្រ៊ុយណេ គឺជាប្រធានប្តូរវេនអាស៊ាន បានតែងតាំងបេសកជនរបស់ប្រធានអាស៊ាន ដើម្បីជម្រុញដល់ការអនុវត្តកិច្ចព្រមព្រៀងប្រាំចំណុចជាមួយរបបយោធាភូមា ប៉ុន្តែប្រទេសកម្ពុជាក៏នឹងត្រូវទទួលតួនាទីជាប្រធានអាស៊ានប្តូរវេន នៅឆ្នាំ២០២២ខាងមុខ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសកាលពីពេលថ្មីៗនេះ ស្តីពីការតែងតាំងបេសកជនថ្មីរបស់ប្រធានអាស៊ាន ដែលស្ថិតក្នុងក្របខ័ណ្ឌសិទ្ធិរបស់ប្រធានប្តូរវេន ស្របតាមធម្មនុញ្ញអាស៊ាន។

ទោះបីអង្គការតំបន់ ដូចជាសហភាពអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនដាក់ទណ្ឌកម្មជាបន្តបន្ទាប់មកលើរបបយោធាភូមិា ក៏ដោយ ក៏ប្រទេសទាំងនោះមិនបានបញ្ចុះទំនាក់ទំនងការទូត ឬដកឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត ចេញពីប្រទេសភូមាឡើយ។ វត្តមានបេសកកម្មការទូតអន្តរជាតិទាំងនោះមិនមែនប្រថាប់ត្រាទទួលស្គាល់របបយោធាខុសច្បាប់នោះទេ ផ្ទុយទៅវិញពួកគេមិនបោះបង់ចោលប្រជាជនភូមា និងលទ្ធិប្រជាធិបតេយ្យនៅភូមាឡើយ ដោយបន្តកិច្ចខិតខំប្រឹងប្រែងការទូតតាមរយៈការដាក់សម្ពាធផ្សេងៗ រួមទាំងទណ្ឌកម្ម ដើម្បីបង្ខំឱ្យមេដឹកនាំរដ្ឋប្រហារយោធាគោរពឆន្ទៈរបស់ប្រជានភូមានៅក្នុងការបោះឆ្នោត និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
តើវត្តមានបេសកកម្មការទូតអន្តរជាតិក្នុងប្រទេសភូមាខុសច្បាប់ ឬមិនតំណាងឱ្យរដ្ឋអធិបតេយ្យ ឬ មិនតំណាងឱ្យអង្គការតំបន់ដែលប្រទេសរបស់ពួកគេជាសមាជិកទេឬ? វត្តមានបេសកកម្មការទូត ឬការធ្វើទំនាក់ទំនងការទូតជាមួយរបបយោធាភូមា មិនមែនជាការបញ្ជាក់នូវការផ្តល់នូវភាពស្របច្បាប់ ឬការទទួលស្គាល់ជាអន្តរជាតិចំពោះរបបយោធាភូមាឡើយ ប៉ុន្តែដើម្បីបុព្វហេតុបញ្ចប់អំពើហិង្សា និងស្តារលទ្ធិប្រជាធិបតេយ្យ សម្រាប់ប្រទេសភូមា និងប្រជាជនភូមាទាំងមូល។

គួរកត់សម្គាល់ថា ការដាក់ទណ្ឌកម្មផ្សេងៗ និងការមិនទទួលស្គាល់ របបសឹកភូមា ហើយនិងបេសកកម្មការទូត គឺសុទ្ធតែមានបំណងស្វែងរកដំណោះស្រាយវិបត្តិ និងជម្លោះនៅភូមា ដូច្នេះអ្វីដឺលកម្ពុជាមានបំណងធ្វើ និងដើរតួសម្របសម្រួលការទូត គឺជាការអនវត្តកាតព្វកិច្ចអន្តរជាតិ ដូចមានចែងក្នុងគោលបំណងនៃអង្គការសហប្រជាជាតិ និងក្នុងនាមរដ្ឋស្រឡាញ់សន្តិភាព (peace-loving nation)។

វាជាភាពល្ងង់ខ្លៅដ៏ខ្មៅងងឹតមួយរបស់អ្នកដឹកនាំនយោបាយដែលបានចេញសេចក្តីថ្លែងការណ៍នយោបាយមួយអះអាងថាអន្តរាគមកាេទូតដោយរដ្ឋអធិបតេយ្យ ក្នុងគោលបំណងស្វែងរកសន្តិភាព បញ្ចប់អំពើហិង្សា និងស្តារលទ្ធិប្រជាធិបតេយ្យ គឺជាអំពើខុសច្បាប់។

កម្ពុជា គឺជារដ្ឋមានឯករាជ្យភាពនយោបាយ និងអធិបតេយ្យភាព ហើយរដ្ឋាភិបាលនៃប្រទេសនេះនៅតែត្រូវបានទទួលស្គាល់ជាអន្តរជាតិ ក្នុងវិស័យទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ កម្ពុជាមិនមែនជារដ្ឋស្ថិតក្រោមវិធានការបង្ការ និការងអនុវត្តទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិឡើយ (preventive and enforcement actions by UN Security Council) ឬជារដ្ឋត្រូវបានព្យួរអាសនៈដោយមហាសន្និបាតអង្គការសហប្រជាជាតិ ដែរ។

លោក មុតចន្ថា បានបន្តថា «នេះមិនមែនជាអតីតមេដឹកបក្សសង្រ្គោះជាតិទេ ប៉ុន្តែជាមេដឹកនាំបង្កគ្រោះដល់ជាតិ!»