(ភ្នំពេញ)៖ លោក ផាក អ៉ឹងក្យឺង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលកូរ៉េ នឹងពន្លឿននីតិវិធីផ្ទៃក្នុងដើម្បីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកូរ៉េ និងកម្ពុជាឱ្យបានឆាប់ៗនេះ។

ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េ បាននិងកំពុងដំណើរការយ៉ាងរលូន។ ជាក់ស្ដែងគិតត្រឹម៨ខែ ឆ្នាំ២០២១នេះ ពោលចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ សម្រេចបានចំនួនជាង៥១៤លានដុល្លារ កើនឡើង១១.៥២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

រយៈពេល៨ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញទៅកូរ៉េ ក្នុងទំហំទឹកប្រាក់ជាង១២៩លានដុល្លារ ខណៈការនាំចូលពីកូរ៉េវិញ មានទំហំទឹកប្រាក់ជាង៣៨៥លានដុល្លារ។

ទំនិញដែលកម្ពុជានាំចេញទៅកូរ៉េមានដូចជា៖ សំលៀកបំពាក់ គ្រឿងអេឡិកត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ និងក្រដាសកាតុង ជាដើម -ល-។ ខណៈទំនិញដែលកម្ពុជា នាំចូលពីកូរ៉េច្រើនបំផុតមានដូចជា៖ ក្រណាត់ត្បាញ រថយន្តដឹកទំនិញ ភេសជ្ជៈ គ្រឿងអេឡិកត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិក ជាដើម -ល-។

ការឱ្យដឹងបែបនេះ របស់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានធ្វើឡើងក្នុងសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៦ ស្ដីពី «បរិបទថ្មីនៃទំនាក់ទំនងអាស៊ាន និងសាធារណរដ្ឋកូរ៉េ» នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពលោកកិត្តិនីតិកោសលបបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, លោកសាស្ត្រាចារ្យបណ្ឌិត ផាក អ៉ីនគុក (PARK In-Kook) ប្រធានវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ នៃសាធារណរដ្ឋកូរ៉េ និងបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានឱ្យដឹងយ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងវិបុលភាពទៅវិញទៅមក គឺកូរ៉េនឹងពន្លឿននីតិវិធីផ្ទៃក្នុងរបស់យើងដើម្បីឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកូរ៉េ និងកម្ពុជា ចូលជាធរមានឱ្យបានឆាប់ៗនេះ»

លោក ផាក អ៉ឹងក្យឺង បានបន្តថា ជាមួយនឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅថ្នាក់តំបន់អាស៊ាន រដ្ឋាភិបាលកូរ៉េ និងអាស៊ាន នឹងចុះហត្ថលេខានៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តាមការចុះហត្ថលេខានេះ នឹងឃើញមានលំហូរប្រជាជនរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ និងការកើនឡើងនូវទំហំពាណិជ្ជកម្ម ដើម្បីពង្រឹងសហគមន៍សន្តិភាពកូរ៉េ-អាស៊ាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយអាស៊ាន ដូចជាការបម្រែបម្រួលអាកាសធាតុ ការផ្លាស់ប្តូរ ក៏ដូចជាការគ្រប់ការដោះមីនជាដើម។

លោកបានបញ្ជាក់ថា «នៅឆ្នាំក្រោយរដ្ឋាភិបាលកូរ៉េ នឹងរៀបចំកិច្ចសន្ទនាជាមួយរដ្ឋាភិបាលកម្ពុជា លើកិច្ចសហប្រតិបត្តិការឈ្នះឈ្នះជាមួយកម្ពុជា យើងនឹងកសាងនូវវិបុលភាពនៅក្នុងតំបន់នេះ»

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានបន្ថែមថា កូរ៉េនឹងពង្រឹងកិច្ចសហប្រតិបត្តិការអនុតំបន់ ជាពិសេសបង្រួមគម្លាតនៃការអភិវឌ្ឍក្នុងតំបន់ នៅក្នុងចំណោមបណ្តាប្រទេសតំបន់អាស៊ាន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរវាងកូរ៉េ និងកម្ពុជា គឺមានរដ្ឋមន្ត្រី ៦ប្រទេស ដែលបានសម្រេចចិត្តមិនដកកិច្ចសហប្រតិបត្តិការរហូតដល់ឆ្នាំ២០២២។

«យើងក៏ពង្រឹងវិស័យអាកាសធាតុ ក៏ដូចជាការគ្រប់គ្រងគ្រោះមហន្តរាយ ដោយយើងនឹងបង្កើតសហការនៅឆ្នាំក្រោយ និយាយទៅពង្រីកទៅលើការប្រឈមនឹងបញ្ហាសន្តិសុខផ្សេងៗទៀត កូរ៉េនឹងបន្តជួយអាស៊ាន ដើម្បីរៀបចំជាលក្ខណៈទ្វេភាគី ឬពហុភាគីជាដើម»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ផាក អ៉ឹងក្យឺង។

បើតាមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានឱ្យដឹងថា ដោយមើលឃើញពីភាពចាំបាច់ក្នុងសម័យសាកលភាវូបនីយកម្ម ពិសេសក្រោយការចូលកាន់តំណែងរបស់លោកប្រធានាធិបតី មូន ជេអ៉ីន កូរ៉េ បានដាក់ចេញនូវគោលនយោបាយមួយបន្ថែមទៀត ដើម្បីបង្កើននូវចំណងឱ្យកាន់តែជិតស្និទ្ធ ជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នោះគឺ «គោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី» ដោយមានសសរស្តម្ភ៣សំខាន់ ឬ 3P គឺប្រជាជន វិបុលភាព និងសន្តិភាព។

ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ចាប់ពេលនោះមក ទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េ និងអាស៊ាន និយាយរួម និងទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េ ជាមួយប្រទេសជាសមាជិកអាស៊ាននីមួយៗ និយាយដោយឡែកមានការរីកចម្រើនយ៉ាងខ្លាំងលើវិស័យជាច្រើន ជាពិសេសវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ បច្ចុប្បន្ននេះ សាធារណរដ្ឋកូរ៉េ បន្តជាដៃគូពាណិជ្ជកម្ម និងវិនិយោគិនផ្ទាល់ធំទី៤ របស់អាស៊ាន ជាក់ស្តែងទំហំពាណិជ្ជកម្មបានកើនប្រមាណ២០ដង បើធៀបនឹង៣០ឆ្នាំមុននេះ។ ភាពស្រដៀងគ្នា និងការតភ្ជាប់គ្នាខាងវប្បធម៌ តន្ត្រី និងចំណីអាហារ បាននិងកំពុងរួមចំណែកអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃទំនាក់ទំនងរវាងភាគីអាស៊ាន និងសាធារណរដ្ឋកូរ៉េ។

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានបញ្ជាក់ថា គោលនយោបាយសម្លឹងមកទិសខាងត្បូងថ្មី នឹងក្លាយជាឧបករណ៍មួយដ៏សំខាន់ក្នុងការសម្របសម្រួល និងជាចលករក្នុងការរឹតចំណងទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែជិតស្និទ្ធ ដើម្បីឱ្យឥទ្ធិពលកូរ៉េបានចាក់ឫសកាន់តែរឹងមាំនៅក្នុងតំបន់អាស៊ាន ទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាអនាគត។

បើតាមលោកបណ្ឌិត សុខ ទូច បានឱ្យដឹងថា បើទោះបីនេះ ជាគោលនយោបាយថ្មីក៏ពិតមែន តែកូរ៉េហាក់បានចាក់ឫសជ្រៅនៅក្នុងសង្គមអាស៊ានរួចបានទៅហើយ។ ដែលយើងអាចមើលឃើញតាមរយៈកត្តា៥ គឺទី១៖ ផលិតផលអេឡិចត្រូនិកកូរ៉េបានកំពុងមានប្រជាប្រិយភាពនៅលើទីផ្សារអាស៊ាន, ទី២៖ ផលិតផលថែរក្សាសម្រស់, ទី៣៖ ផលិតផលរថយន្ត និងទី៤៖ គឺខ្សែភាពយន្តនិងតន្ត្រី K-PoP កូរ៉េ ក៏កំពុងមានការគាំទ្រច្រើនពីសំនាក់យុវវ័យអាស៊ានផងដែរ ទី៥៖ គឺអាហារកូរ៉េ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបន្តថា បើយើងនិយាយពីក្របខ័ណ្ឌរវាងកម្ពុជា និងកូរ៉េវិញ បើទោះបីជាប្រទេសយើងទាំង២ នៅឆ្ងាយពីគ្នាក៏ពិតមែន តែយើងមានឆន្ទះដូចគ្នា គឺឆន្ទះនេះហើយដែលបានទាញយើងឱ្យមកនៅជិតគ្នា ធ្វើការដើម្បីបម្រើផលប្រយោជន៍មនុស្សជាតិនៅលើផែនដីនេះ។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅចំពោះមុខលោក មូន ជេអ៉ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងសាធារណរដ្ឋកូរ៉េលើកទី២២ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ បានបង្ហាញនូវក្តីរីករាយចំពោះការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និង សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។

សម្ដេចតេជោ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និង ការវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េ។

សម្រាប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ មានគោលបំណងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែទំលំទូលាយ ដោយផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំង២។

កិច្ចព្រមព្រៀងនេះនឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត លើទំនិញដែលធ្លាប់នាំចេញ នាពេលកន្លងមក មានដូចជា៖ ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។

សម្រាប់សាធារណរដ្ឋកូរ៉េ ក៏អាចជួយលើកកម្ពស់ ការនាំចេញរបស់ខ្លួនបន្ថែមទៀត មកកាន់ប្រទេសកម្ពុជា រួមមាន៖ យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និងផលិតផលផ្លាស្ទិក៕