(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ តាមរយៈ ZOOM ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ រួមមាន៖ អង្គការ UNDP ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណៈរដ្ឋកូរ៉េ (KOICA) និងប្រទេសនូវែលសេឡង់ ក្នុងគោលបំណងពិនិត្យលើលទ្ធផលសម្រេចបាន ក្នុងឆ្នាំ២០២១ និងពិភាក្សា រួមគ្នាលើផែនការសកម្មភាពឆ្នាំ២០២២។

ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ រួមមាន UNDP ប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងប្រទេសនូវែលសេឡង់។

លោកទេសរដ្ឋមន្រ្តី បានស្វាគម៍លោកស្រី Allisa Chaker ប្រធានប្រចាំប្រទេសនៃដៃគូអភិវឌ្ឍន៍សហប្រជាជាតិ ដែលជាំដៃគូដ៏រឹងមាំ ក្នុងការស្វែងរកការគាំទ្រដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ទាំងផ្នែកថវិកា និងផ្តល់នូវទីប្រឹក្សា ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២៥។

លោកទេសរដ្ឋមន្រ្តី បានជម្រាបអង្គប្រជុំអំពីលទ្ធផលដែលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ចូលរួមអនុវត្តការងារបោសសម្អាតមីននៅកម្ពុជាប្រកបដោយជោគជ័យ ទោះបីជាកម្ពុជាកំពុងជួបបញ្ហាប្រឈមជំងឺសកល Covid-19 ក៏ដោយ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជាធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានផ្ទៃដី ១៥៣គីឡូម៉ែត្រក្រឡា កំទេចគ្រាប់មីនប្រឆាំងមនុស្ស បានចំនួន ២០០២៦គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ៣៧២ គ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៧៣៥៦៦។

លោកស្រី Allisa Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានសម្តែងអបអរសាទរចំពោះអាជ្ញាធរមីន ដែលបាន អនុវត្តដោយជោគជ័យនូវគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដោយបានសហការយ៉ាងជិតស្និទជាមួយ UNDP ក្នុងរយៈពេលជាង១៥ឆ្នាំកន្លងមក ហើយរួមគ្នាបន្តដំណើរជួយសង្គ្រោះជិវិត និងរំដោះដីសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសនោះ លោកស្រី Allisa ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំយ៉ាងសកម្ម ក្នុងការងារប្រយុទ្ធប្រឆាំងនូវការរីករាលដាលជម្ងឺឆ្លងកូវីដ-១៩។

តំណាងប្រទេសអូស្ត្រាលី លោក Ryan Tierney លេខាទី១ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានសម្តែងនូវការគាំទ្រដំណើការនៃការអនុវត្តគម្រោង ហើយជឿជាក់លើសមត្ថភាពរបស់អាជ្ញាធរមីន ក្នុងការអនុវត្តគម្រោង រហូតដល់ឆ្នាំ២០២៥ និងការសម្របសម្រួលពីដៃគូ UNDP គម្រោងបោសសម្អាតមីនដំណាក់កាលទី៤ នឹងទទួលជោគជ័យតាមផែនការដែលបានឯកភាព។ អូស្ត្រាលីនឹងជួយគម្រោងសម្រាប់ដំណាក់កាលទី៤បន្តទៀត ទោះបីជាពិភពលោកកំពុងបង្វែរថវិកាមួយចំនួនប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺ Covid-19 ក៏ដោយ។

លោក Elliott Kirton លេខាទី១ ស្ថានទូតប្រទេសនូវែលសេឡង់ ប្រចាំនៅប្រទេសថៃ ក៏បានសម្តែងនូវការពេញចិត្តចំពោះការចូលរួមថវិកាសម្រាប់បោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាតាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤។

លោកស្រី Ji Yea Kyung នាយករងប្រចាំប្រទេសនៃភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ KOICA នៅកម្ពុជា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរមីន និងក្រុមការងារ UNDP ដែលបានដាក់ចេញនូវសកម្មភាពសំខាន់ និងបានប្រើប្រាស់ថវិការបស់ KOICA ចំទិសដៅ និងផែនការគម្រោង។

សូមបញ្ជាក់ថា គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ មានរយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២៥ ដែលមានទំហំទឹកប្រាក់សរុបចំនួន ២០លានដុល្លារសហរដ្ឋអាមេរិក ដោយផ្តោតជាសំខាន់ទៅលើលទ្ធផលធំៗ ចំនួនបី ទី១-ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទី២-គាំទ្រសកម្មភាពកិច្ចសង្គ្រោះជនពិការ ការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងការបញ្ជ្រាបយេនឌ័រ និងទី៣-ពង្រឹងសមត្ថភាពថ្នាក់ជាតិ៕