(ភ្នំពេញ)៖ ក្នុងនាមតំណាងសង្គមស៉ីវិលមួយនៅកម្ពុជា លោក ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបង្ហាញអំពីការប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការជាមួយសង្គមស៊ីវិលរបស់ប្រទេសចិន ដើម្បីបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងបានលើកទឹកចិត្តដល់សង្គមស៊ីវិលនៅប្រទេសចិនបន្តការចូលរួមជាកម្លាំងប្រកៀកស្មាជាមួយសង្គមស៊ីវិលនានានៅប្រទេសកម្ពុជា ដើម្បីបន្តបំពេញតាមតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។

ការជំរុញលើកទឹកចិត្តទៅកាន់ភាគីចិនខាងលើនេះ ធ្វើឡើងក្នុងពេលលោក ជា មុនីឫទ្ធិ ចូលរួមថ្លែងទៅកាន់កិច្ចសន្ទនាស្តីពីកិច្ចសន្ទនាលើកទី១ ទំនាក់ទំនងផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន ដែលរៀបចំឡើងដោយវិទ្យាស្ថានសិក្សាអាស៊ី នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

នាឱកាសនោះ លោក ជា មុនីឫទ្ធិ បានគូសបញ្ជាក់ថា វប្បធម៌គឺជាមូលដ្ឋានសំខាន់នៃជីវភាពរស់នៅរបស់មនុស្សជាតិ។ កិច្ចសន្ទនានេះនឹងផ្តល់ឱកាសដល់អ្នកសិក្សា អ្នកស្រាវជ្រាវ វិនិយោគិន ទេសចរ កាន់តែច្រើនបានរួមកម្លាំងគ្នារួមចំណែកជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍជាតិ។ លោកបានគាំទ្រដល់ការចែករំលែកពីបទពិសោធន៍ជោគជ័យនៃវប្បធម៌ថ្មីសម្រាប់មនុស្សជាតិ គឺសន្តិភាព និងការអភិវឌ្ឍ។

លោក ជា មុនីឫទ្ធិ បានបង្ហាញផងដែរពីសមិទ្ធផលដ៏មហិមា ដូចជា ផ្លូវល្បឿនលឿន ស្ពាន ថ្នល់ សំណង់អគារ ហេដ្ឋារចនាសម្ពន្ធជាច្រើននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលជាជំនួយ និងជាការរួមចំណែកពីរដ្ឋាភិបាល វិនិយោគិន ទេសចរ និងសង្គមស៊ីវិលរបស់ប្រទេសចិន។

លោកបានបន្តថា ក្នុងស្មារតីនិងឆន្ទៈគាំទ្រ និងការចូលរួមចំណែកពីមិត្តចិន ពិតជាបានចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន អាហារូបករណ៍និស្សិត អាជីវកម្ម និងការបង្កើតការងារ ជំនួយសុខមាលភាពកុមារ និងការគាំពារសង្គម។ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជានឹងមិនអាចទៅរួចទេ ប្រសិនបើគ្មានជំនួយដ៏ច្រើន និងគ្មានលក្ខខណ្ឌពីសំណាក់ប្រទេសចិន ដែលក្នុងនោះមានការចូលរួមយ៉ាងសកម្មពីសង្គមស៊ីវិលរបស់ប្រទេសចិន។

ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនរូបនេះក៏បានសាទរនឹងសមិទ្ធផលជាច្រើនដែលកើតចេញពីកិច្ចសហការរវាងសង្គមស៊ីវិលនៃប្រទេសទាំងពីរ ដែលជាពិសេសរវាងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងបណ្តាសង្គមស៊ីវិលនានារបស់ចិនក្នុងការចូលរួមបំពេញតម្រូវការនៅមូលដ្ឋានក្នុងប្រទេសកម្ពុជា បន្ថែមពីលើសមិទ្ធផលដ៏មហិមាដែលបានកើតចេញពីទំនាក់ទំនងដែកថែបរវាងកម្ពុជានិងចិន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកក៏បានបញ្ជាក់ដែរថា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា ត្រូវបានបង្កើតឡើងនាឆ្នាំ២០១៧ ដែលបានប្តូរពីក្រុមស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន ដែលបានបង្កើតឡើងកាលពីឆ្នាំ២០០៨។ រយៈពេលជាងមួយទសវត្សរ៍នៃការបង្កើតឡើងនេះ សមាគមបានបោះពុម្ពផ្សាយនូវឯកសារ រៀបចំសិក្ខាសាលា វេទិកាវិទ្យាសាស្រ្តចំហ និងសន្និសីទទាំងកម្រិតជាតិ ទាំងកម្រិតអន្តរជាតិជាច្រើនស្តីពីទំនាក់ទំនងរវាងកម្ពុជានិងចិន។

មិនតែប៉ុណ្ណោះ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល និងចូលរួមយ៉ាងសកម្មជាមួយសង្គមស៊ីវិលរបស់ប្រទេសចិនក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា៕