(បាត់ដំបង)៖ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដល់នូវពូជគ្រាប់ត្នោត ចំនួន១,៦០០០គ្រាប់ ជូនរដ្ឋបាលខេត្តបាត់ដំបង សម្រាប់ដាំឡើងវិញនៅភូមិសាស្ដ្រដីតំបន់៣។
ពូជគ្រាប់ត្នោនេះ ត្រូវបានលោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី តំណាងឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា យកទៅប្រគល់ជូនលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។
គ្រាប់ត្នោតទាំង១៦,០០០គ្រាប់នេះ ត្រូវបានបែងចែកយកទៅដាំ នៅស្រុកចំនួន៤ គឺស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល ដែលរងការកាប់ទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាប ដែលបានដកហូតពីប្រជាពលរដ្ឋរំលោភ និងកាប់ទន្រ្ទានដីរបស់រដ្ឋខុសច្បាប់ នាពេលកន្លងមក។
លោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ដែលបានផ្ដល់ជូននូវពូជគ្រាប់ត្នោតនេះ ហើយលោកបានរៀបចំឲ្យក្រុមការងារ បើកយុទ្ធនាការដាំឡើងវិញនូវគ្រាប់ត្នោតនេះ ក៏កូនឈើផ្សេងៗ ដូចជាកូនឬស្សី សណ្តាន់ រាំង ខ្ទុំ ជាបន្តបន្ទាប់ទៀតនៅក្នុងតំបន់៣នេះ បន្តទៀតផងដែរ៕