(បន្ទាយមានជ័យ)៖ អង្ករផ្កាម្លិះសុទ្ធល្អចំនួន១,១០០គីឡូក្រាម និងថវិកាចំនួន១,៨៣៨,០០០រៀល ត្រូវបានលោកស្រី អុំ វុយ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ យកមកប្រគល់ជូនដល់សាខាកាកបាទក្រហមខេត្ត សម្រាប់ផ្គត់ផ្គង់ទុកដាក់តែជូនបន្តដល់ប្រជាពលរដ្ឋទីទល់ក្រ ងាយគ្រោះ ឬរងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។

លោកស្រី អុំ វុយ បានលើកឡើងថា ដោយមានចិត្តអាណិតស្រឡាញ់ខ្មែរជួយខ្មែរក្នុងគ្រាលំបាកនោះ លោកស្រីក៏បានផ្ដើមគំនិតធ្វើការរៃអង្គាសជាអង្ករ ថវិកា ពីបណ្ដាបងប្អូនកូនក្មួយឬអ្នកជិតខាង ដើម្បីបានមកចូលរួមចំណែកជាមួយកាកបាទក្រហម ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេនៅកម្ពុជា។

លោក លី សារី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរ និងអរគុណដោយស្មោះចំពោះសប្បុរសជនទាំងអស់គ្នា ដែលបានចំណាយ ទ្រព្យធនធានខ្លួនចូលរួមជាមួយ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលជានិច្ចជាកាល ស្ថាប័នកាកបាទក្រហម តែងតែចុះជួយ ចែកអំណោយដល់ប្រជាពលរដ្ឋជួបការលំបាក និងរងគ្រោះដោយធម្មជាតិ។ល។

លោក លី សារី បានបន្តថា រាល់អំណោយអង្ករ និងថវិកាទាំងអស់នេះសាខាកាកបាទក្រហមខេត្ត នឹងយកទៅប្រើប្រាស់ចែកជូនប្រជាពលរដ្ឋឲ្យចំគោលដៅ និងមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។ លោក លី សារី ក៏បានថ្លែងនូវការជូនពរដល់សប្បុរសជនទាំងអស់ ជួបតែសេចក្ដីសុខចម្រើនរកស៊ីមានបាន អាយុយឺនយូរ និងសូមឲ្យចៀសផុត ពីជំងឺឆ្លងផ្សេងៗឲ្យបានគ្រប់គ្នា៕