(សៀមរាប)៖ មន្ទីរពេទ្យកុមារអង្គរ នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន សុខភាពកុមារ រៃអង្គាសថវិកាដើម្បីជួយព្យាបាលកុមារ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យកុមារអង្គរ ព្រឹត្តិការណ៍ជិះកង់នេះ នឹងរៀបចំនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១រសៀល។
គណៈកម្មាធិការជិះកង់កម្ពុជា លោក ហ៊ុន សុជាតិ បានឱ្យដឹងថា ទោះបីមានឧបសគ្គមួយចំនួនក្នុងការរៀបចំកម្មវិធីជិះកង់នេះ ពិសេសអំឡុងពេលជំងឺកូវីដ១៩ក៏ដោយ ក៏គណៈកម្មាធិការទាំងមូលនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីជាចំណែកមួយជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងតែជួបប្រទះការខ្វះខាតថវិកាសម្រាប់ព្យាបាលជំងឺកុមារនៅកម្ពុជា។
ចំណែកលោកវេជ្ជបណ្ឌិត ងួន ចន្ទ័ភត្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ បានថ្លែងកោតសសើរនូវទឹកចិត្តរបស់គណៈកម្មាធិការទាំងមូលដែលប្រឹងប្រែងទាំងកម្លាំងកាយ ចិត្ត ដើម្បីធ្វើឲ្យព្រឹត្តិការណ៍មួយនេះកើតឡើង។ ក្នុងនាមថ្នាក់ដឹកនាំមួយរូបនៃមន្ទីរពេទ្យកុមារអង្គរ លោកសង្ឃឹមថា សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស និងចូលរួម ក៏ដូចជាឧបត្ថម្ភដល់ព្រឹត្តិការណ៍ជិះកង់នេះ ដើម្បីសុខភាព កម្សាន្តនិងកិច្ចការមនុស្សធម៌។
មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពក្រៅរដ្ឋាភិបាល ដែលពឹងផ្អែកទៅលើជំនួយសប្បុរសធម៌ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីផ្គត់ផ្គង់ដល់ដំណើរការផ្តល់សេវាថែទាំសុខភាពកុមារកម្ពុជាប្រកបដោយគុណភាព ក្តីមេត្តាករុណា និងមិនគិតកម្រៃ ដែលបានបើកបំរើសេវាសុខភាពជូនកុមារកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ១៩៩៩។
គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍ជិះកង់ខាងលើ នឹងចាប់ចេញដំណើរពីផ្សាររាត្រីសៀមរាបអាតសិនធ័រ ឆ្ពោះទៅកាន់រមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិភ្នំក្រោម ដោយឆ្លងកាត់តាមប្រាសាទបុរាណវត្តអធ្វារ និងទីតាំងភូមិដ៏ស្រស់ស្អាតមួយចំនួន ព្រមទាំងមានបញ្ចូលនូវសកម្មភាពជាច្រើន ដូចជាការលេងល្បែងកំសាន្តបង្កើនកំលាំងស្មារតីជាក្រុម ការចាប់រង្វាន់ និងការរាំច្រៀងកំសាន្តផងដែរ ដោយរំពឹងថានឹងមានអ្នកចូលរួមជិះកង់ប្រមាណ ៤០០នាក់។ អ្នកចូលរួមតម្រូវឲ្យធ្វើការបរិច្ចាគជាថវិកាចំនួន ២០ដុល្លារអាមេរិក ក្នុងមួយនាក់ និងទទួលបានអាវយឺត កន្សែងមានមុខងារចម្រុះ ទឹកញ៉ាំ និងអាហារថ្ងៃត្រង់ដែលវេចខ្ចប់ដោយស្លឹកឈូកប្រកបដោយអនាម័យ ក្នុងគោលបំណងកាត់បន្ថយផ្លាស្ទិកថែមទៀតផង៕