(ភ្នំពេញ)៖ សមាគមកាយឫទ្ធិនារីកម្ពុជាលើកទី១០ បានរៀបចំសន្និបាតរបស់ខ្លួន ដើម្បីបូកសរុបលទ្ធផលការងារអាណត្តិ២០១៦-២០២១ ទិសដៅបន្តឆ្នាំ២០២១-២០២៤ ហើយក៏មានការរៀបចំបោះឆ្នោតជ្រើសរើស គណៈកម្មាធិការប្រតិបត្តិថ្មី ដោយក្នុងនោះសមាជិកាកាយឫទ្ធិនារីកម្ពុជា បានសម្រេចបោះឆ្នោតឱ្យលោកស្រី ពេជ ចន្ទមុនី្ន ជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា សម្រាប់ឆ្នាំ២០២១-២០២៤។

សន្និបាតសមាគមកាយឫទ្ធិនារីកម្ពុជា លើកទី១០ បានធ្វើឡើងនៅនាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រោមអធិបតីភាពលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមទាំងមានការចូលរូមពីសមាជិកាកាយឫទ្ធិនារីកម្ពុជាជាច្រើនរូប។ ពិធីបើកសន្និបាតកាយរិទ្ធនៃកម្ពុជាលើកទី១០ បូកសរុបលទ្ធផលការងារអាណត្តិ២០១៦-២០២១ ទិសដៅបន្តឆ្នាំ២០២១-២០២៤ និងការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិថ្មីប្រព្រឹត្តិទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ព្រះរាជាតំណាងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃសមាគមកាយរឹទ្ធិកម្ពុជា និងពិធីបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ទទួលបានសម្លេងគាំទ្រពីអង្គបោះឆ្នោតចំនួន២០៦សម្លេងលើ២១០សម្លេង ក្នុងការបោះឆ្នោតជ្រើសរើសតែងតាំងជាអគ្គស្នងការនៃសមាគមកាយឬទ្ធិកម្ពុជាអណត្តិឆ្នាំ២០២១-២០២៤។

លោកស្រីបណ្ឌិត ម៉ែន សំអន ក្នុងនាមរាជរដ្ឋាភិបាល បានផ្តាំផ្ញើសាកសួរសុខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនសមាជិកសមាជិកកាយឬទ្ធិទាំងអស់។

លោកស្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានបំពេញបេសកកម្មដ៏ថ្លៃថ្លា បង្កលក្ខណៈដល់កុមារី និងយុវតី ដោយបានប្រើប្រាស់សក្ដានុពល និងសមត្ថភាពរបស់ពួកគេបានពេញលេញ ក្នុងនាមជាពលរដ្ឋល្អមានការទទួលខុសត្រូវចំពោះខ្លួនឯង ចំពោះសង្គម ប្រទេសជាតិ និងពិភពលោក ហើយស្របតាមគោលនយោបាយអភិវឌ្ឍន៍ស្ដ្រីកម្ពុជារបស់រាជរដ្ឋាភិបាល។

លោកស្រី ម៉ែន សំអន បានកោតសសើរ ចំពោះជោគជ័យរបស់សមាគមកាយឫទ្ធិកម្ពុជា ដែលសម្រេចបាន និងបានកោតសរសើរដោយស្មោះចំពោះគណៈកម្មាធិការដំបូង ដឹកនាំដោយលោកស្រី លាង ម៉េងហូ ជាស្ថាបនិក និងជាអគ្គស្នងការ ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៧, គណៈកម្មាធិការដឹកនាំដោយលោកស្រីឧកញ៉ា តាន់ ផលី្ល ជាអគ្គស្នងការ និងជាសហស្ថាបនិក ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦ ហើយបានដឹកនាំសមាគម ចូលជាសមាជិកពេញសិទ្ធិរបស់កាយឫទ្ធិនារីពិភពលោក, គណៈកម្មាធិការ ដឹកនាំដោយលោកស្រី ស៊ិន សិរី ជាអគ្គស្នងការពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២១។

ជាមួយគ្នានេះលោកស្រី ម៉ែន សំអន ក៏បានថ្លែងអបអរសាទរចំពោះលោកស្រី ពេជ ចន្ទមុនី្ន ជាប់ជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា សម្រាប់អាណត្តិឆ្នាំ ២០២១-២០២៤ សម្រាប់ដឹកនាំគណៈកម្មាធិការថ្មី ចំនួន១៦រូប ដោយទទួលបានដោយជោគជ័យមួយទៀតចេញពីការបោះឆ្នោតរបស់សមាជិកាកាយឫទ្ធិនារីកម្ពុជា។

លោកស្រី ម៉ែន សំអន បង្ហាញជំនឿយ៉ាងមុតមាំថា គណៈកម្មាធិការថ្មី ដែលទទួលបានភារៈកិច្ចដ៏ថ្លៃថ្លានេះនឹងអាចរក្សាភាពគង់វង្សនៃការរីកចំរើន និងជំរុញការកសាង សមត្ថភាពរបស់កុមារី យុវតី និងស្ដ្រី ឱ្យចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ និងលើកតម្កើងតម្លៃស្រ្តី និងភាពថ្លៃថ្នូរនៃប្រពៃណីខ្មែរ។ ការលើកកំពស់ សមត្ថភាពកុមារី យុវតី និងស្រ្ដីវ័យក្មេងឲ្យក្លាយទៅជាស្ដ្រីរឹងមាំ ដែលមានតួនាទី និងឋានៈនៅក្នុងសង្គម តាមរយៈការកសាងសមត្ថភាពរបស់ខ្លួន ជាគន្លឹះដ៏សំខាន់ សំរាប់ផ្ដល់ឱកាសដល់ស្ដ្រី ឲ្យចូលរួមដោយពេញលេញក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រ និងការលើកស្ទួយស្ថានភាពស្រ្តី។

ទោះបីលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី មានការមមាញឹកក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ កិច្ចការមនុស្សធម៌ និងកិច្ចការសង្គមសំខាន់ៗជាច្រើនទៀត ក៏លោកស្រីអគ្គស្នងការក៏ដូចជា គណៈកម្មាធិការប្រតិបត្តិថ្មីទាំងអស់ ពេញចិត្តចូលរួមកិច្ចការដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាប្រកបដោយមោទនភាព និងភាពជឿជាក់ ហើយបានធ្វើការប្ដេជ្ញាចិត្តដោយមុតមាំនៅចំពោះមុខអង្គសន្និបាតថា នឹងប្រើអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី និងពេលវេលាក៏ដូចជាចំណេះដឹងដែលមានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានល្អប្រសើរបន្តពីគណៈកម្មាធិការប្រតិបត្តិមុនដោយអនុលោមតាមផែនការសកម្មភាពការងារ និងទិសដៅការងារឆ្នាំ២០២១-២០២៤ របស់សមាគមកាយរឹទ្ធិកម្ពុជា។

រៀបចំកែលម្អរនូវយន្តការ អនុវត្តការងារផ្ទៃក្នុងរបស់សមាគមតាមរយៈការពង្រឹងបន្ថែមលើយន្តការដែលមានស្រាប់ និងស្វែងរកធនធានមនុស្សដែលមានឆន្ទៈ សមត្ថភាព និងសក្តានុពលបន្ថែមដើម្បីបំពេញតួនាទីភារកិច្ចរបស់សមាគម និងបណ្ដុះបណ្ដាលសមត្ថភាពធនធានមនុស្សរបស់ខ្លួនឲ្យកាន់តែមានគុណភាពដើម្បីបំពេញការងារជូនសមាគមប្រកបដោយប្រសិទ្ធភាពខ្ពស់។ បន្តពង្រីក និងបញ្ចូលសមាជិកភាពថ្មីបន្ថែមនៅក្នុងសមាគមកាយឬទ្ធិនារីកម្ពុជា នឹងខិតខំបន្តស្នើសុំអាជ្ញាធរមូលដ្ឋានខេត្តក្រុងនៅទីតាំងសម្រាប់បង្កើតទីស្នាក់ការសមាគមឲ្យបានគ្រប់រាជធានីខេត្ត។

លោកស្រីអគ្គស្នងការថ្មីបានសង្កត់ធ្ងន់ថា សង្គមមួយរីកចម្រើនជឿនលឿនទៅបាន អាស្រ័យលើធនធានមនុស្សទាំងបុរសទាំងស្ត្រីដែលខ្លាំង។ អង្គសន្និបាតបានដំណើរការទៅដោយរលូនតាមការគ្រោងទុកដោយទទួល បានលទ្ធផលដ៏ត្រចះត្រចង់ ប្រកបដោយមោទនភាពសម្រាប់ការដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាឱ្យមានការរីកចម្រើន និងទទួលបានកិត្តិយសជាតិ និងអន្តរជាតិក្រោមការដឹកនាំរបស់ប្រធានគណៈកម្មាធិការថ្មីគឺលោកស្រី ពេជ ចន្ទមុន្នី និងបានបញ្ចប់ទៅដោយបរិយាកាសរីករាយស្និទ្ធស្នាលប្រកបដោយមោទនភាពក្រៃលែង៕