(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា មានបទពិសោធន៍ច្រើនណាស់ ហើយជឿជាក់ថា កម្ពុជាក៏អាចដើរតួជាអ្នកសម្របសម្រួលជាកូនគន្លឹះដ៏តូចមួយរវាងបងប្អូនកូរ៉េទាំងពីរ គឺកូរ៉េខាងត្បូង និងកូរ៉េខាងជើង។

ការលើកឡើងបែបនេះ របស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើឡើងក្នុងសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៦ ស្ដីពី «បរិបទថ្មីនៃទំនាក់ទំនងអាស៊ាន និងសាធារណរដ្ឋកូរ៉េ» នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពលោកកិត្តិនីតិកោសលបបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ វេទិកានេះមានការចូលរួមដោយ លោក ផាក អ៉ឹងក្យឺង ឯកអគ្គរដ្ឋទូតសាធារណកូរ៉េប្រចាំកម្ពុជា ផកដែរ។

លោកបណ្ឌិត សុខ ទូច បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងជឿជាក់ថា កម្ពុជាក៏អាចដើរតួនាទីសំខាន់ ថ្ងៃនេះអគ្គរដ្ឋទូតរបស់កូរ៉េក៏បានមក កម្ពុជាក៏អាចដើរតួជាអ្នកសម្របសម្រួល ជាកូនគន្លឹះដ៏តូចមួយគេថានំបញ្ចុកឆ្ងាញ់ ត្បិតតែម្ទេសមួយគ្រាប់ ភាពជោគជ័យរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង អាចសម្របសម្រួល មិនបាច់ប្រើមហាអំណាច អាចប្រើប្រាស់កម្ពុជាក៏បានដែរ ចំណុចហ្នឹងគ្រាន់តែខ្ញុំផ្តល់ទេ»

ជុំវិញការលើកឡើងពីជំហររបស់ខ្លួននេះដែរ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឧទាហរណ៍ពាក់ព័ន្ធនឹងការបង្រួបបង្រួមរវាងអាអាល្លឺម៉ង់ខាងលិច និងអាល្លឺម៉ង់ខាងកើត ដោយនៅពេលអាល្លឺម៉ងទាំងពីររួបរួមគ្នា គឺអាល្លឺម៉ងក្លាយជាប្រទេសមហាអំណាច។ ចំណែកឯកូរ៉េខាងជើង និងកូរ៉េខាងត្បូង អាចរួបរួមគ្នានោះនឹងក្លាយទៅជាមហាអំណាចមួយដែរ។

លោកលោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា៖ «បទពិសោធន៍នៅអាល្លឺម៉ង់ អាល្លឺម៉ង់ខាងលិច អាល្លឺម៉ង់ខាងកើត ពេលអាល្លឺម៉ង់ទាំងពីររួបរួមគ្នា អាល្លឺម៉ង់ក្លាយជាមហាអំណាច ឯកូរ៉េខាងជើង និងកូរ៉េខាងត្បូង បើត្រូវគ្នាកូរ៉េខាងត្បូងខ្លាំងខាងសេដ្ឋកិច្ច កូរ៉េខាងជើងខ្លាំងខាងកងទ័ពពេលនោះកូរ៉េនឹងក្លាយ ទៅជាមហាអំណាចដ៏ធំមួយ»

បន្ថែមពីនេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានថ្លែងថា ជួនកាលប្រទេសមហាអំណាច មិនអាចដើរតួនាទីសម្របសម្រួលបញ្ហា នៅប្រទេសទាំងនោះឡើយ ហើយជួនកាលទៀត អាចទៅឆ្កឹះបញ្ហាបន្ថែមទៀតផង៕