(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយ លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៉ី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៉ីមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចដ៏កក់ក្តៅរបស់គណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៉ី នាពេលនេះ ស្របពេលដែលទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសវិស័យយោធា កំពុងត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ក្នុងស្មារតីភាពមិត្តភាពជាប្រពៃណី ព្រមជាមួយនឹងការគោរពជឿទុកចិត្តគ្នា និងជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។
លោក ហ៊ុន ម៉ាណែត ក៏បានសម្តែងការសោកស្តាយផងដែរចំពោះការអាក់ខាន នៃសកម្មភាពសហប្រតិបត្តិការក្នុងរយៈកាល០២ឆ្នាំកន្លងមកនេះ ដោយសារបញ្ហាជំងឺកូវីដ-១៩ ដោយសង្ឃឹមថា ចាប់ពីពេលនេះតទៅ អ្វីៗនឹងអាចមានសន្ទុះដំណើរការឡើងវិញ ស្របតាមទិសដៅផែនការដែលបានដាក់ចេញ។
ជាមួយគ្នានេះ លោក Nikolai Patrushev បានសម្តែងការពេញចិត្តចំពោះសក្តានុពលជាវិជ្ជមាន នៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការផ្នែកយោធារវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ថា កម្ពុជាជាដៃគូប្រកបដោយទំនុកចិត្តទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
លេខាធិការក្រុមប្រឹក្សាសន្ដិសុខ របស់សហព័ន្ធរុស្ស៉ីរូបនេះ ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនរបស់សហព័ន្ធរុស្ស៉ី ក្នុងការជំរុញទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រឆាំងភេរវកម្ម, សន្តិសុខព័ត៌មានអន្តរជាតិ និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។
ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ Oleg Salyukov អគ្គមេបញ្ជាការកងទ័ពជើងគោករុស្ស៉ី និងជាសមាជិកគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះ លោក ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងបានបញ្ជាក់អំពីការត្រៀមខ្លួនជានិច្ច ក្នុងការអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការនានា ជាពិសេសការជួយដល់កងទ័ពជើងគោកកម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្សលើមុខជំនាញផ្សេងៗ។
គួរបញ្ជាក់ថា នេះជាជំនួបលើកទី២ រវាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមួយនឹងលោក Nikolai Patrushev និងនាយឧត្តមសេនីយ៍ Oleg Salyukov បន្ទាប់ពីជំនួបលើកទី១ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងាររបស់ លោក ហ៊ុន ម៉ាណែត នៅរដ្ឋធានីម៉ូស្គូ ក្នុងឆ្នាំ២០១៩ កន្លងទៅ។
នៅឆ្នាំ២០២២ ខាងមុខនេះ មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរ ក៏គ្រោងនឹងជួបគ្នាម្តងទៀត ដើម្បីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-រុស្ស៉ី ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញសន្ទុះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។