(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងជាអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានចែកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាចំនួន៣០គ្រួសារ រស់នៅក្នុងភូមិ២ និង៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។

លោក ធឹម សំអាន បានលើកឡើងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ជាប្រធានតែងបានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងនៅគ្រប់ទីកន្លែង ដោយមិនដែលប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរ អ្វីឡើយ ដូចពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

លោក ធឹម សំអាន បានលើកឡើងទៀតថា ប្រជាពលរដ្ឋជនចាស់ជរា ជនពិការ ត្រូវបានចាត់ទុកថា ជាមុខសញ្ញាងាយរងគ្រោះ ហើយក៏ជាមុខសញ្ញា ត្រូវសង្រ្គោះជាបន្ទាន់ ដែលត្រូវទទួលបានអំណោយនៅពេលនេះ ដើម្បីជាការដោះស្រាយជីវភាព ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។

បន្ថែមពីនេះទៀត លោកប្រធានគណៈកម្មាធិការអនុសាខា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការ ប្រុងប្រយត្ន័បន្ថែមទៀត សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីគឺ «៣ការពារ និង៣កុំ» ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ១៩ ឬត្រូវ ប្រយ័ត្នបំផុតមេរោគបំលែងថ្មី ទាំងអស់គ្នា។

ជាមួយនឹងការផ្សព្វផ្សាយឱ្យការពារពីជំងឺឆ្លងកូវីដ-១៩ ហើយនោះលោក ធឹម សំអាន ក៏បានអំពាវនាវដល់បងប្អូន ពូមីងទាំងអស់ មេត្តាប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេសបញ្ហាអគ្គីសនី ដោយធ្វើយ៉ាងណា ពិនិត្យឱ្យបានម៉ត់ចត់ កុំមានការធ្វែសប្រហេសឱ្យសោះ។

បើតាមលោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ បានឱ្យដឹងថា អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗ ទទួលបានរួមមាន៖ អង្ករ ១០គីឡូ, មី ចំនួន ១០កញ្ចប់, អំបិលមួយកញ្ចប់, ម៉ាស ចំនួន០១កញ្ចប់, ត្រីខ ចំនួន០២កំប៉ុង, ទឹកដោះគោខាប់ ចំនួន១កំប៉ុង និងតែចំនួន០១កញ្ចប់៕