(កំពង់ចាម)៖ លោក ណុល នី ជាអនុប្រធានការិយាល័យអភិរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ចាម អនុវត្តដីកាឃាត់ខ្លួនពីបទ «រំលោភទំនុកចិត្តពិសេស ដោយអភិបាល ឬបុគ្គលិកផ្សេងទៀត» និងត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេល២៦ថ្ងៃហើយ គិតមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។
សមត្ថកិច្ចបានឲ្យដឹងថា ទាក់ទិនទៅនឹងករណីឃាត់ខ្លួនមន្ត្រីបរិស្ថានឈ្មោះ ណុល នី ផ្តើមចេញពីពីជនត្រូវចោទ និងភរិយាឈ្មោះ សែម សុភា មានទីលំនៅភូមិទួលខ្ពស់ ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានសហការបង្កើត ក្រុមហ៊ុនមួយជាមួយភាគីម្ខាងទៀតក្នុងកំឡុង ឆ្នាំ២០១៧។
បន្ទាប់មកក្នុងឆ្នាំ២០២០ ក្រុមហ៊ុនត្រូវទទួលបានប្រាក់លើគម្រោងធ្វើផ្លូវបេតុងអាមេ ជិត៥ម៉ឺនដុល្លារ។ ប៉ុន្តែនៅមុនថ្ងៃបើកប្រាក់គម្រោងនោះឈ្មោះ សែម សុភា និងឈ្មោះ ណុល នី បានធ្វើការផ្លាស់ប្ដូរលេខគណនេយ្យរួម របស់ក្រុមហ៊ុនទៅជាគណនេយ្យផ្ទាល់ខ្លួនរបស់ឈ្មោះ សែម សុភា និងបានប្រាប់ឱ្យអ្នកបើកលុយផ្ទេរមូលប្បទានបត្រ ឲ្យដាក់ប្រាក់ចូលគណនេយ្យផ្ទាល់ខ្លួនវិញ និងបានបើកយកប្រាក់នោះ និងស៊ីដាច់លុយនោះតែម្តង ដោយមិនបានផ្ដល់ព័ត៌មានដល់ភាគីក្រុមហ៊ុនម្ខាងទៀតទេ។
ភាគីម្ខាងទៀតបានបញ្ចាក់ នៅក្នុ្ងងកិច្ចសន្យាផ្ទៃក្នុងរបស់ក្រុមហ៊ុនថា ក្រុមហ៊ុនបានតែងតាំងឈ្មោះ សែម សុភា ធ្វើជាប្រធានក្រុមហ៊ុនដោយដើរតួជាប្រធានក្រុមហ៊ុន តែមិនមានសិទ្ធកាន់ប្រាក់ចំណូលចំណាយនោះទេ អ្នកដាក់ដើមទុន និងទទួលបានការប្រាក់ចំនួន៣ ភាគរយក្នុង១ខែ រីឯឈ្មោះ ណុល នី និងប្រពន្ធ ពុំមានដើមទុនចូលក្នុងក្រុមហ៊ុននេះទេ តែឈ្មោះ ណុល នី និងប្រពន្ធ ទទួលផលពីក្រុមហ៊ុនចំនួន១ភាគ៣ បន្ទាប់ពីដកចំណាយផ្សេងៗ និងការប្រាក់ជូនអ្នកដាក់ទុនចូលរួចរាល់ ហើយឈ្មោះ ណុល នី និងប្រពន្ធ បានដកប្រាក់ ដែលខ្លួនត្រូវទទួលចំណែក បានជាបន្តបន្តាប់មកហើយដែរនាពេលកន្លងមក។
ចំណែកលុយដែលឈ្មោះ ណុល នី និងប្រពន្ធ បានកេងបន្លំនោះ គឺជាលុយក្រុមហ៊ុន ដែលពុំទាន់បានដកថ្លៃចំណាយដូចជា៖ ខ្សាច់ ថ្ម ស៊ីម៉ង់តិ៍ ដែក កំលាំងពលកម្ម និងការប្រាក់... និងចំណាយផ្សេងទៀតនៅឡើយ ។ ហេតុនេះហើយ ទើបភាគីម្ខាងទៀតនោះ បានដាក់ពាក្យបណ្ដឹង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
មន្ត្រីសមត្ថកិច្ចបានបន្តថា ឈ្មោះ ណុល នី ជាអនុប្រធានការិយាល័យអភិរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ចាម អនុវត្តដីកាឃាត់ខ្លួន ពីបទ រំលោភទំនុកចិត្តពិសេស ដោយអភិបាល ឬបុគ្គលិកផ្សេងទៀត កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាមនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានប្រាប់ឲ្យដឹងថា ទាក់ទិនទៅនឹងការឃាត់ខ្លួនមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ចាមខាងលើនោះ លោកសុំមិនធ្វើការបកស្រាយទេ ដោយហេតុថា វាជារឿងបុគ្គល និងបុគ្គល ហើយទុកឲ្យតុលាការជាអ្នកសម្រេច។ លោក នួន គង់សល្យ បានឲ្យដឹងទៀតថា អនុប្រធានការិយាល័យអភិរក្សរូបនោះ ប្រសិនបើតុលាការ ចេញសាលក្រមមានទោសទណ្ឌ និងអាចលុបឈ្មោះចេញ ពីក្របខ័ណ្ឌមន្ត្រីរាជការ សម្រេចដោយមន្ទីរមុខងារសាធារណៈ។
យ៉ាងណាក៏ដោយ បើតាមអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាជំពូកទី៣ មាត្រា២០ បានចែងថា មន្ត្រីរាជការស៊ីវិល ត្រូវប្រឈមនឹងទណ្ឌកម្មខាងវិន័យលុបឈ្មោះពីក្របខណ្ឌ ផ្អែកលើនីតិវិធីដែលមានចែងក្នុងអនុក្រឹត្យនេះ ចំពោះករណីដូចខាងក្រោម៖
*ស្ថិតក្នុងករណីមិនរាងចាលដោយបានប្រព្រឹត្តកំហុសដែលមានចែងក្នុងមាត្រា១៩ នៃអនុក្រឹត្យនេះ
*អវត្តមានគ្មានច្បាប់អនុញ្ញាតជាប់ៗគ្នាចាប់ពី១៥ (ដប់ប្រាំ)ថ្ងៃ នៃថ្ងៃធ្វើការឡើងទៅ ហើយដែលមិនអាចអនុវត្តវិធានការបន្តបន្ទាប់បាន ដោយអនុលោមតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។
ក្នុងករណីខាងលើ ប្រធានអង្គភាពគ្រប់គ្រងផ្ទាល់ ត្រូវចាត់វិធានការផ្អាកបៀវត្សដល់មន្ត្រីសាមីជាបន្ទាន់ផ្អែកលើនីតិវិធីជាធរមាន ដោយមិនរង់ចាំការអនុវត្តនីតិវិធីដែលមានចែងក្នុងផ្នែកទី២ ជំពូកទី៣នៃអនុក្រឹត្យនេះ។ ក្នុងករណីខកខានបំពេញកាតព្វកិច្ចនេះ ប្រធានអង្គភាពគ្រប់គ្រងផ្ទាល់ ត្រូវប្រឈមទណ្ឌកម្មខាងវិន័យដូចមានចែងក្នុងវាក្យខណ្ឌទី២ នៃមាត្រា៣៥ នៃអនុក្រឹត្យនេះ៕