(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា អាស៊ាន បានសាងកំហុសចំនួនពីរ ក្នុងការដោះស្រាយបញ្ហាជាមួយមីយ៉ាន់ម៉ា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានដកស្រង់មកផ្សាយជាសាធារណៈលើទំព័រហ្វេសប៊ុក ដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន, កំហុសចំនួនពីររបស់អាស៊ានក្នុងការដោះស្រាយបញ្ហាជាមួយមីយ៉ាន់ម៉ា ដែលលើកឡើងដោយសម្តេចតេជោ ហ៊ុន សែន នោះរួមមាន៖ ទី១៖ អាស៊ានបានដាក់លក្ខខណ្ឌជាមុន ដើម្បីបញ្ជូនតំណាងរបស់ខ្លួនទៅធ្វើការជាមួយរដ្ឋអំណាចមីយ៉ាន់ម៉ា និងទី២៖ នៅពេលអញ្ជើញចូលរួមប្រជុំកំពូលអាស៊ាន សំបុត្រអញ្ជើញមិនបានផ្ញើទៅឱ្យប្រមុខរដ្ឋមីយ៉ា់ន់ម៉ាផ្ទាល់ទេ តែផ្ញើទៅឱ្យអគ្គលេខាធិការក្រសួងការបរទេសមីយ៉ាន់ម៉ា ទៅវិញ។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្តីបារម្ភចំពោះទម្លាប់មិនល្អរបស់អាស៊ានពាក់ព័ន្ធការកោះហៅសមាជិកចូលរួមប្រជុំអាស៊ាន ដូចករណីមីយ៉ាន់ម៉ានេះផងដែរ។
ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលដកស្រង់មកផ្សាយបន្តដោយរដ្ឋមន្ត្រីព័ត៌មាន មានខ្លឹមសារបែបនេះ «ពាក្យថាអាស៊ាន គឺមាន១០ យើងមិនអាចទទួលបានអាស៊ាន៩ទេ។ បើយើងទទួលអាស៊ាន៩ ថ្ងៃក្រោយនឹងមានអាស៊ាន៨ រួច៧ ជាបន្តបន្ទាប់ ដោយហេតុថា ការអញ្ជើញប្រជុំកំពូលអាស៊ាន គឺជាសិទ្ធិសម្រេចរបស់ប្រធានប្រចាំឆ្នាំ មិនមែនមានយន្តការពិនិត្យសុពលភាពដូចអង្គការសហប្រជាជាតិនោះទេ។ ហេតុនេះ បើប្រធានមិនចូលចិត្តប្រទេសណាគាត់មិនអញ្ជើញពិតជាបាន»។
សម្តេចតេជោ ហ៊ុន សែន បានកំពុងប្រើកិច្ចសម្របសម្រួលមួយ ដើម្បីឱ្យប្រទេសមីយ៉ាន់ម៉ា ដែលកំពុងមានវិបត្តិនយោបាយនោះ អាចចូលរួមកិច្ចប្រជុំកំពូលអាស៊ានឡើងវិញ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ ខណៈដែលកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២១នេះ មីយ៉ាន់ម៉ា មិនបានចូលរួមនោះឡើយ។
សម្រាប់សម្តេចតេជោ ហ៊ុន សែន អវត្តមានរបស់មីយ៉ាន់ម៉ា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន គឺជាដំណើរខុសទៅនឹងការចែងក្នុងធម្មនុញ្ញរបស់អាស៊ាន និងគោលការណ៍កុងសង់ស៊ីសលើការសម្រេចអ្វីមួយរបស់អាស៊ាន។
ដើម្បីដោះស្រាយបញ្ហារបស់អាស៊ាន ដោយនាំមីយ៉ាន់ម៉ា មកកាន់វេទិកាអាស៊ានវិញនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាថ្ងៃទី០៧ និងទី០៨ ខែមករា ឆ្នាំ២០២២ខាងមុខ។ សម្តេចតេជោ ហ៊ុន សែន ក៏បានតែងតាំងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ជាប្រេស៊ីតរបស់អាស៊ាន ដើម្បីដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ាផងដែរ។
ក្នុងពិធីសម្ពោធសណ្ឋាគារហៃយ៉ាត់ របស់ក្រុមហ៊ុនជីបម៉ុងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ស្នើសុំចិត្តអ្នកវិភាគទាំងឡាយ កុំអាល់បន្ទោសកម្ពុជា ហើយទុកលទ្ធភាពឱ្យកម្ពុជាដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ាសិន៕