(សៀមរាប)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូខេត្ត ចុះទៅពិនិត្យមើលការរៀបចំនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្នុងការត្រៀមលក្ខណៈទទួលភ្ញៀវទេសចរអន្តរជាតិដែលនឹងមកទស្សនាខេត្តសៀមរាប ដើម្បីធានាអោយបាននូវការគ្រប់គ្រងអ្នកដំណើរឲ្យបានល្អ និងការអនុវត្តនិតីវិធីប្រតិបត្តិស្តង់ដា (SOPs) នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប អនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ។

ការចុះពិនិត្យនេះក៏មានការអញ្ជើញអគ្គកុងស៊ុលចិន ជប៉ុន កូរ៉េ វៀតណាម ហូទ្បង់ ប្រចាំខេត្តសៀមរាប ព្រមទាំងមន្ត្រីជំនាញផងដែរ។

លោកអភិបាលរងខេត្តបានផ្តល់នូវការណែនាំដល់មន្ទីរសុខាភិបាលខេត្ត និងអាកាសយាន្តដ្ឋានខេត្តសៀមរាបផ្សព្វផ្សាយឲ្យបានទូលំទូលាយឲ្យបានដល់អ្នកដំណើរទាំងអស់៖

១៖ ផ្សព្វផ្សាយពីតម្លៃយក PCR តេស្ត និងតម្លៃ Rapid តេស្ត ដែលកំណត់ដោយរាជរដ្ឋាភិបាល ដើម្បីជៀសវាងការយកតម្លៃលើសពីការកំណត់។

២៖ ធ្វើការកំណត់ឲ្យបានជាក់លាក់ និងច្បាស់លាស់ទីតាំងមណ្ឌលព្យាបាល នៅពេលរកឃើញករណីមានវិជ្ជមាន Covid-19។

៣៖ អ្នកមកទទួលភ្ញៀវទាំងអស់ ត្រូវបានទទួលការចាក់វ៉ាក់សាំងពេញលេញ និងត្រូវពាក់កាតចាក់វ៉ាក់សាំងជាប់ជាប្រចាំ ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿជាក់ពីភ្ញៀវទេសចរដែលបានមកដល់ខេត្តសៀមរាប៕