(បន្ទាយមានជ័យ)៖ សេចក្តីរាយការណ៍ពីប៉ោយប៉ែត បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ មានករណីភ្លៀងធ្លាក់យ៉ាងខ្លាំងធ្លាក់តាមតំបន់ខ្លះ និងមានខ្យល់កន្ទ្រាក់បោកបក់ខ្លាំង បណ្ដាលឲ្យដើមឈើធំៗបាក់ដួលទៅលើផ្លូវជាច្រើនកន្លែង។

តាមការរាយការណ៍បានឲ្យដឹងថា តំបន់ដែលទទួលរងភ្លៀងធ្លាក់ និងមានខ្យល់កន្រ្តាក់បោកបក់ខ្លាំងនោះរួមមានតំបន់៖ ប៉ោយប៉ែត ម៉ាឡៃ ស្រុកថ្មពួក ស្វាយចេក ព្រះនេតព្រះ ក្រុងសិរីសោភ័ណ្ឌ មង្គលបូរី។

ភ្លាមៗកម្លាំងសមត្ថកិច្ច ចុះកាត់ដើមឈើ និងត្រៀមលក្ខណៈខ្ពស់ដើម្បីជួយសង្គ្រោះ និងសុំឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា។

ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ថា ក្រោយមានករណីនេះ កើតឡើងភ្លាម លោកបានដឹកនាំកម្លាំងនគរបាល សហការជាមួយអភិបាលក្រុង ចុះទៅជួយអន្តរាគមន៌កាត់ដើមឈើចេញពីផ្លូវ ប្រមាណ១ម៉ោងកន្លះ ទើបអាចបើកចរាចរណ៌វិញបាន៕