(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាស់បើកការដ្ឋានជាផ្លូវការជួសជុលផ្លូវបេតុងអាមេ ចំនួន២គម្រោងបន្ថែមទៀតហើយ ដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់-ខណ្ឌ ឆ្នាំ២០២១ ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ដើម្បីបម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ បន្ទាប់ពីប្រកាស់បើកការដ្ឋានដាក់ប្រព័ន្ធលូមូលថ្មី និងជួសជុលផ្លូវបេតុងអាមេ ២គម្រោងផ្សេងទៀត ដើម្បីបម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិទួលថ្ងាន់ និងភូមិពោងពាយ (២ភូមិ) សង្កាត់ទួលសង្កែទី២ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ។

ពិធីប្រកាសបើកការដ្ឋានជាផ្លូវការលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងអាមេ ២គម្រោង សម្រាប់បម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋនេះ បានរៀបចំធ្វើឡើងដោយមានការចូលរួមពីលោក វ៉ាន់ ខន មន្រ្តីបច្ចេកទេសរាជធានីភ្នំពេញ ប្រធាន-អនុប្រធាន និងមន្ត្រីការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ លោកចៅសង្កាត់-ចៅសង្កាត់រង ក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិ និងក្រុមហ៊ុនម៉ៅការ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន៧០នាក់។

បើតាមលោក ឯក ឃុនដឿន ចំពោះការប្រកាស់បើកការដ្ឋានជាផ្លូវការ ចំនួន២គម្រោង ដោយប្រើប្រាស់មូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់-ខណ្ឌ ឆ្នាំ២០២១នេះ រួមមាន៖ ជួសជុលផ្លូវបេតុងអាមេ ប្រវែង ៨២ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ជាគម្រោងទី១ អស់ថវិកាចំនួន១៥៤,៩០៥,០០០រៀល និងគម្រោងទី២ ជួសជុលផ្លូវបេតុងអាមេដូចគ្នា ប្រវែង ៤៥០ម៉ឬត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ អស់ថវិកា សរុប ចំនួន២៦១,៥៥៥,០០០ រៀល សម្រាប់បម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ៕