(កោះកុង)៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញដឹកនាំប្រជុំពិគ្រោះយោបល់អំពីការសិក្សា វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (តាមប្រព័ន្ធអនឡាញ) សម្រាប់គម្រោងបង្កើតកំពង់ផែរបស់ក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូ អិលធីឌី (Koh Kong SEZ Co,ltd) ស្ថិតក្នុងភូមិព្រែកខ្សាច់ និងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ។
គម្រោងបង្កើតកំពង់ផែទឹកជ្រៅ និងហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ អគាររដ្ឋបាល អគារឃ្លាំង អគាររោងជាង និងកំពង់ផែទឹកជ្រៅជាដើម លើផ្ទៃដីចំនួន ៤៩២,៦៤ ហិកតា។
អភិបាលរងខេត្ត បានបង្ហាញសេចក្តីសោមនស្សរីករាយស្វាគមន៍ និងគាំទ្របំផុតចំពោះគម្រោងរបស់ក្រុមហ៊ុន ដែលបានជ្រើសរើសមូលដ្ឋានខេត្តកោះកុងសម្រាប់ការវិនិយោគកំពង់ផែទឹកជ្រៅនេះ ដែលជួយជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់ខេត្ត និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចប្រទេសជាតិ។
ទន្ទឹមនេះផងដែរ លោកក៏បានលើកឡើងពីសំណូមពរដល់ក្រុមហ៊ុន និងក្រសួងស្ថាប័នពាក់ព័ន្ធនូវបញ្ហាប្រឈមមួយចំនួនរួមមាន៖
*ទី១៖ កាត់បន្ថយអតិបរមានូវផលប៉ះពាល់ដល់ធនធានជីវចម្រុះ និងបរិស្ថាននៅក្នុងតំបន់អនុវត្តន៍គម្រោងតាមរយៈវិធានការចាំបាច់ ដែលមានស្រាប់ និងស្នើសុំឱ្យបង្កើតគម្រោងអភិវឌ្ឍន៍មូលដ្ឋានគាំទ្រសំដៅធានា ដល់ធនធានជីវចម្រុះ និងបរិស្ថាន មានស្ថិរភាពជាពិសេសផ្កាថ្ម។
*ទី២៖ លើកទឹកចិត្តឱ្យជ្រើសរើសកម្លាំងពលកម្មមូលដ្ឋានជាអាទិភាព និងបង្កឱ្យមានលក្ខណៈអភិវឌ្ឍន៍សមត្ថភាព និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនប្រជាពលរដ្ឋ ដើម្បីបង្កើនជីវភាព និងប្រាក់ចំណូលឱ្យកាន់តែល្អប្រសើរ។
*ទី៣៖ ជួយរក្សាការពារច្រាំង និងឆ្នេរខ្សាច់ តាមរយៈការដាំដើមកោងកាង រក្សាទុកស្មៅសមុទ្រ និងរុក្ខជាតិដែលមានដុះស្រាប់ នៅតាមតំបន់ឆ្នេរ ឬវិធីសាស្ត្រផ្សេងៗទៀត។
*ទី៤៖ យកចិត្តទុកដាក់ខ្ពស់អំពីការគ្រប់គ្រងសំណល់ចេញពីកប៉ាល់នានា ដូចជា ប្រេងម៉ាស៊ីន ព្រមទាំងសំណល់ រឹង-រាវ នៅក្នុងតំបន់អនុវត្តន៍គម្រោង។
*ទី៥៖ សំណង់អគារ និងសំណង់កំពង់ផែត្រូវគោរពតាមស្តង់ដាបច្ចេកទេស និងបទដ្ឋាននានារបស់រាជរដ្ឋាភិបាល។
*ទី៦៖ សហការជិតស្និទជាមួយរដ្ឋបាលខេត្ត និងរដ្ឋបាលមូលដ្ឋាន៕