(ពោធិ៍សាត់)៖ អគ្គិភ័យបានឆេះផ្សារភូមិពោធិ៍ រួចរីករាលដល់ឆេះផ្ទះប្រជាពលរដ្ឋ អស់ចំនួន ៨ខ្នងផ្ទះ និងរងរបួសមនុស្សចំនួន៣នាក់ ស្ថិតក្នុងភូមិពោធិ៍ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ហើយបានរលត់ទៅវិញ នាវេលាម៉ោង៩៖០៥នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ បន្ទាប់ពីចាប់ផ្តើមឆេះនៅម៉ោងជាង៨យប់។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ភ្នាក់ងារ Fresh New ឲ្យដឹងថា ផ្ទះដែលរកសីុលក់ដូរនៅក្នុងផ្សារភូមិពោធិ៍ ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ត្រូវបានអគ្គិភ័យឆាប់ឆេះទាំងស្រុង មានចំនួន៨ខ្នងផ្ទះ ហើយបានរងរបួសមនុស្សចំនួន៣នាក់ផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ គេឃើញមានភ្លើងចាប់ផ្តើមឆេះ ពីផ្ទះឈ្មោះ វី ដោយមានអណ្តាតភ្លើងឆេះសន្ធោសន្ធៅទៅហើយ មួយសន្ទុះក្រោយមកក៏រាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត។
ភ្លាមនោះកម្លាំងរបស់អធិការនគរបាលស្រុក និង កម្លាំងមូលដ្ឋាន សហការជាមួយប្រជាការពារ និងកម្លាំងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ខំជួយព្យាយាមពន្យល់ តែត្រូវភ្លើងឆេះអស់បាត់ទៅហើយ ពីព្រោះទំហំនៃគ្រោះអគ្គិភ័យនេះខ្លាំងពេក។ តាមការសន្និដ្ឋាន គឺបណ្តាលមកពីផ្ទុះធុងហ្គាស៕