(ចិន, សៀងហៃ)៖ ស្ថានអគ្គកុងស៊ុលរបស់ប្រទេសកម្ពុជា ប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានបន្តទទួលជំនួយឧបត្ថម្ភជាថវិកាពីសំណាក់ក្រុមហ៊ុនចិន ដើម្បីយកទៅសាងសង់បណ្ណាល័យមួយនៅស្រុកស្អាង ខេត្តកណ្តាល ដើម្បីបំពេញតម្រូវការ និងការចង់បានរបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅទីនោះ។
ពិធីប្រគល់-ទទួលថវិកាខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅស្ថានអគ្គកុងស៊ុលក្រោមវត្តមានលោក នាង សំរិតកុមារ អគ្គកុងស៊ុលប្រចាំទីក្រុងសៀងហៃ និងលោកស្រី Shu Chen Couldrake (Tung Ma Ma) Shanghai Biacheng Construction Co., Ltd ព្រមទាំងក្រុមការងារមួយចំនួនទៀតផងដែរ។
ការផ្តល់ជំនួយឧបត្ថម្ភបន្ថែមនេះ បានកើតមានឡើងក្រោយពីប្រធានក្រុមហ៊ុនចិន ធ្លាប់បានផ្តល់ជំនួយសម្រាប់ការសាងសង់អាគារសិក្សាពីរខ្នង បន្ទប់ទឹក២ និងអណ្តូងទឹក២០ នៅស្រុកស្អាង ខេត្តកណ្តាល។
លោក នាង សំរិតកុមារ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះថា «ខ្ញុំបាទ និងសហការី បានរៀបចំពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ថែម (Supplementary agreement) ជាមួយលោកស្រី Shu Chen Couldrake (Tung Ma Ma) Shanghai Biacheng Construction Co., Ltd ដើម្បីទទួលជំនួយសំរាប់សាងសង់បណ្ណាល័យមួយបន្ថែមទៀតលើអាគារសិក្សាពីរខ្នង បន្ទប់ទឹក២ និងអណ្តូងទឹក២០ ដែលលោកស្រីសាងសង់កន្លងមកនៅស្រុកស្អាង ខេត្តកណ្តាល ហើយក្នុងឱកាសនេះ លោកស្រីបានប្រគល់សែកជានិមិត្តរូបដើម្បីចាប់ផ្តើមគំរោងខាងលើផងដែរ»។
អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃរូបនេះ បានលើកឡើងថា ដើម្បីអនុវត្តយុទ្ធសាស្រ្តការទូត សេដ្ឋកិច្ច និងការកៀងគរជំនួយរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងសៀងហៃ តែងតែបានខិតខំ ប្រឹងប្រែង និងស្វែងរកទំនាក់ទំនងល្អជាមួយក្រុមហ៊ុននៅទីក្រុងសៀងហៃ ក្នុងគោលបំណងទាក់ទាញវិនិយោគទុន និងទទួលបានការជួយឧបត្ថម្ភ និងជំនួយផ្សេងៗ ដើម្បីយកទៅកសាងសមិទ្ធផលនានា នៅប្រទេសកម្ពុជា ជាការឆ្លើយតបនឹងតម្រូវជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសសំដៅដល់ការចង់បានរបស់សិស្សានុសិស្សផងដែរ។
សូមបញ្ជាក់ថា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ លោក នាង សំរិតកុមារ បានចុះហត្ថលេខាទទួលអំណោយពីលោកស្រី Shu Chen Couldrake (Tung Ma Ma) ដើម្បីកសាងអគារសិក្សា២ខ្នង មានចំនួន១២បន្ទប់ បន្ទប់ទឹក៤ និងអណ្តូងទឹកចំនួន២០ ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល។
តាងនាមឱ្យលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក នាង សំរិតកុមារ បានវាយតម្លៃ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី Shu Chen Couldrake និងស្វាមី ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីសាងសង់សាលារៀន បន្ទប់ទឹក អណ្តូងទឹក និងបន្តសាងសង់បណ្ណាល័យសម្រាប់ឱ្យសិស្សានុសិស្សកម្ពុជា បានសិក្សារៀនសូត្រ និងប្រើប្រាស់នៅស្រុកស្អាង ខេត្តកណ្តាលនេះ គឺបានចូលចំណែកលើកស្ទួយវិស័យអប់រំនៅកម្ពុជា។
បើតាមលោក សំរិតកុមារ, លោកស្រី Shu Chen Couldrake ដែលមានស្វាមីជាជនជាតិអង់គ្លេស កន្លងមកលោកស្រី បានជួយសង់សាលារៀនដល់ប្រទេសជាច្រើនដូចជា៖ ប្រទេសនេប៉ាល់ និងអាហ្រ្វិក ជាដើម។ល៕