(ភ្នំពេញ)៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយបណ្តាញព័ត៌មាន Fresh News ស្តីអំពីសន្និបាតពេញអង្គលើកទី៦ របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន អាណត្តិទី១៩ និងឥទ្ធិពលវិជ្ជមានលើទំនាក់ទំនងចិន-កម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

១៖ Fresh News៖ ថ្មីៗនេះ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន អាណត្តិទី១៩ បានរៀបចំសន្និបាតពេញអង្គលើកទី៦ បានយ៉ាងជោគជ័យនិងបានអនុម័តលើ «សេចក្តីសម្រេចស្តីពីមហាសមិទ្ធផលសំខាន់ៗនិងបទពិសោធន៍ជាប្រវត្តិសាស្ត្រក្នុង រយៈពេល១០០ ឆ្នាំរបស់គណបក្សកុម្មុយនីស្តចិន»។ សូមលោកជួយបង្ហាញពីសមិទ្ធផលផ្លែផ្កាសំខាន់ៗនិងអត្ថន័យនៃកិច្ចប្រជុំខាងលើនេះ និងព្រមទាំងឥទ្ធិពលវិជ្ជមានលើការអភិវឌ្ឍន៍របស់ចិននាពេលអនាគត។

លោក Wang Wentian៖ សន្និបាតពេញអង្គលើកទី៦ របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិនអាណត្តិទី១៩ ត្រូវបានរៀបចំឡើងក្នុងរដ្ឋធានីប៉េកាំងប្រទេសចិន កាលពីថ្ងៃទី៨ ដល់១១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមកនេះ សមិទ្ធផលផ្លែផ្កាសំខាន់បំផុតគឺបានអនុម័តលើ «សេចក្តីសម្រេចស្តីពីមហាសមិទ្ធផលសំខាន់ៗនិងបទពិសោធន៍ជាប្រវត្តិសាស្ត្រក្នុងរយៈពេល១០០ ឆ្នាំរបស់គណបក្សកុម្មុយនីស្តចិន» បានបូកសរុបយ៉ាងស៊ីជម្រៅនូវបទពិសោធន៍ប្រវត្តិសាស្ត្រដ៏មានតម្លៃទាំងដប់របស់គណបក្សកុម្មុយនីស្តចិន ក្នុងការស្វែងរកសុភមង្គលជូនប្រជាជនចិននិងភាពរុងរឿងឡើងវិញសម្រាប់ប្រជាជាតិចិនក្នុងរយៈពេល១០០ឆ្នាំមកនេះ រួមទាំងប្រកាន់ខ្ជាប់នូវការដឹកនាំនៃបក្ស ប្រកាន់ខ្ជាប់នូវការយកប្រជាជនជាធំ ប្រកាន់ខ្ជាប់នូវច្នៃប្រឌិតថ្មីទ្រឹស្តី ប្រកាន់ខ្ជាប់ឯករាជ្យនិងម្ចាស់ការ ប្រកាន់ខ្ជាប់នូវមាគ៌ាចិន ប្រកាន់ខ្ជាប់នូវចិត្តទូលាយទៅកាន់ពិភពលោក ប្រកាន់ខ្ជាប់នូវការត្រួសត្រាយនិងច្នៃប្រឌិតថ្មី ប្រកាន់ខ្ជាប់នូវហ៊ានប្រយុទ្ធប្រឆាំង ប្រកាន់ខ្ជាប់នូវការរួបរួមខ្សែប្រយុទ្ធ ប្រកាន់ខ្ជាប់នូវការធ្វើបដិវត្តន៍ចំពោះខ្លួន ដែលទាំងនេះបានបង្ហាញឱ្យឃើញពី «ហេតុអ្វីបានជាគណបក្សកុម្មុយនីស្តចិនអាច ទទួលបានជោគជ័យ ក្នុង អតីតកាល និងគន្លឺះក្នុងការ បន្តរក្សាភាព ជោគជ័យសម្រាប់ពេលថ្ងៃអនាគត»

តក្កវិជ្ជានៃការអភិវឌ្ឍន៍និងគន្លឹះជោគជ័យរបស់គណបក្សកុម្មុយនីស្តចិនមានដូចខាងក្រោម៖ ទីមួយគឺគណបក្សកុម្មុយនីស្តចិនគឺជាគណបក្សនយោបាយដែលស្វែងរកសុភមង្គលជូនប្រជាជនចិន។ ចាប់តាំងពីបានបង្កើតមកបានចាត់ទុកប្រជាជនជាធំ ក្នុងសម័យកាលជាប្រវត្តិសាស្ត្រ នៃ ការបដិវត្តន៍ ការកសាង និង កំណែទម្រង់ តែងប្រកាន់ខ្ជាប់នូវស្មារតីបម្រើ ប្រជាជនអស់ពីដួងចិត្ត បន្ត កែលម្អ ជីវភាពរស់នៅរបស់ ប្រជាជន បង្កើនអត្ថប្រយោជន៍ជូនដល់ប្រជាជន ។ ទីពីរគឺគណបក្សកុម្មុយនីស្តចិន គឺជាគណបក្សនយោបាយដែលស្វែងរកភាពរុងរឿងឡើងវិញសម្រាប់ប្រជាជាតិចិន។ ឆ្លងកាត់អស់រយៈពេល១០០ឆ្នាំ បានខិតខំប្រឹងប្រែងអភិវឌ្ឍពីប្រទេសកសិកម្មក្រីក្រដោយបាតដៃទទេ ទៅជាប្រទេសសេដ្ឋកិច្ចធំទីពីរលើពិភពលោក ជាប្រទេសវិស័យផលិតកម្មនិងទំនិញពាណិជ្ជកម្មដ៏ធំបំផុត។ ទី៣គឺគណបក្សកុម្មុយនីស្តចិនគឺជាគណបក្សនយោបាយដែលស្វែងរកសន្តិភាព ការអភិវឌ្ឍន៍ និងវិបុលភាពសម្រាប់មនុស្សជាតិ រួបរួមសាមគ្គីគ្នាដឹកនាំប្រជាជនចិនតស៊ូពុះពារលំបាកយ៉ាងអង់អាចក្លាហាន មិនត្រឹមតែបាននាំមកនូវអនាគតដ៏ភ្លឺថ្លាក្នុងការស្វែងរកភាពរុងរឿងដ៏មហិមាសម្រាប់ប្រជាជាតិចិនប៉ុណ្ណោះទេ ហើយក៏បានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សន្តិភាពសម្រាប់មនុស្សជាតិផងដែរ។

ឆ្នាំ២០២១គឺជាខួបអនុស្សាវរីយ៍លើកទី១០០នៃការបង្កើតគណបក្សកុម្មុយនីស្តចិន ហើយក៏ជាឆ្នាំដែលចិនបានប្រកាសសម្រេចបាននូវសង្គមដែលប្រជាជនមានជីវភាពល្អបង្គួរ (សង្គមXiaokang) យ៉ាងពេញលេញនិងឆ្ពោះទៅកាន់ដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមបែបទំនើបកម្ម ក៏ជាខួបអនុស្សាវរីយ៍លើកទី៥០នៃប្រទេសចិនទទួលឡើងវិញនូវអាសនៈរបស់ខ្លួនក្នុងអង្គការសហប្រជាជាតិដោយស្របឆ្បាប់។ សន្និបាតត្រូវបានរៀបចំឡើងក្នុងឱកាសដ៏សំខាន់ៗនេះ បានចង្អុលបង្ហាញអំពីទិសដៅអនាគត និងបានប្រមូលផ្ដុំនូវកម្លាំងដ៏អស្ចារ្យ។ បទពិសោធន៍ប្រវត្តិសាស្ត្របានបង្ហាញថា ចំពោះប្រទេសមួយនិងគណបក្សនយោបាយមួយ អ្នកដឹកនាំស្នូលដ៏រឹងមាំនៃគឺចាំបាច់និងសំខាន់ខ្លាំងណាស់។ សន្និបាតលើកនេះបានសង្កត់ធ្ងន់ពីតួនាទីរបស់លោកXi Jinpingជាអ្នកដឹកនាំស្នូលនៃមជ្ឈឹមបក្សនិងបក្សយើងទាំងមូល តួនាទីរបស់គំនិត លោក Xi Jinping ស្តីពីសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាគំនិតណែនាំបក្ស មានអត្ថប្រយោជន៍ក្នុងការប្រមូលផ្តុំនូវកម្លាំងបក្សទាំងមូល ដើម្បីបោះជំហានរួមគ្នាឆ្ពោះទៅកាន់ដំណើរកសាងសង្គមនិយមបែបទំនើបកម្ម។

២៖ Fresh News៖ សហរដ្ឋអាមេរិកថ្មីៗនេះ បានរៀបចំកិច្ចប្រជុំកំពូលប្រជាធិបតេយ្យ ប្រទេសកម្ពុជានិងចិនសុទ្ធតែមិនទទួលបានការអញ្ជើញចូលរួមនោះទេ។ ភាគិចិនធ្លាប់សង្កត់ធ្ងន់ពីប្រជាធិបតេយ្យប្រជាពលរដ្ឋដែលស្ថិតនៅក្នុងដំណើរការទាំងមូល តើលោកអាចបង្ហាញពីលក្ខណៈពិសេសនៃប្រព័ន្ធប្រជាធិបតេយ្យក្នុងប្រទេសចិនបានទេ?

លោក Wang Wentian៖ ប្រជាធិបតេយ្យប្រជាពលរដ្ឋដែលស្ថិតនៅក្នុងដំណើរការទាំងមូល សម្រេចបាននូវដំណើរនិងសមិទ្ធផលនៃប្រជាធិបតេយ្យ កម្មវិធីនិងភាពជាក់ស្តែងនៃប្រជាធិបតេយ្យ ប្រជាធិបតេយ្យដោយផ្ទាល់និងដោយប្រយោល និងការរួមបញ្ចូលគ្នានៃប្រជាធិបតេយ្យប្រជាពលរដ្ឋនិងឆន្ទៈនៃប្រទេសជាតិ។ វាគឺប្រជាធិបតេយ្យតំណភ្ជាប់ទាំងស្រុង គ្រប់ទិសដៅទាំងអស់ និងគ្របដណ្ដប់ទាំងអស់។ វាជាប្រជាធិបតេយ្យសង្គមនិយមដែលទូលំទូលាយបំផុត ជាក់ស្តែងបំផុត និងមានប្រសិទ្ធភាពខ្លាំងបំផុតក្នុងការប្រើប្រាស់។ ការសម្រេចនូវប្រជាធិបតេយ្យមានរូបមន្តច្រើន មិនមានលទ្ធភាពដូចគ្នាទាំងអស់គ្នាទេ។ ប្រើខ្នាតរង្វាស់ប្រវែងតែមួយមកវាស់ស្ទង់ប្រព័ន្ធនយោបាយដ៏សម្បូបែបលើពិភពលោក ប្រើទស្សនៈតែមួយមកពិនិត្យលើអរិយធម៌នយោបាយចម្រុះ មិនមែនជាប្រជាធិបតេយ្យទេ។

ប្រទេសមួយចំនួនតែងសរសើរខ្លួនឯងថា “ជាអ្នកដឹកនាំប្រជាធិបតេយ្យ” កោះប្រជុំអ្វីដែលគេហៅថា «កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ» បានបែងចែកពិភពលោកជាច្រើនកម្រិតដោយសិប្បនិម្មិត និងបិទស្លាក «ប្រជាធិបតេយ្យ» និង «មិនមែនប្រជាធិបតេយ្យ» លើប្រទេសនានា និយាយផ្ដេសផ្ដាសលើប្រព័ន្ធប្រជាធិបតេយ្យនិងមាគ៌ាអភិវឌ្ឍន៍របស់បណ្ដាប្រទេស បញ្ជាឡើងបញ្ជាចុះ ដែលនេះគឺជាប្រជាធិបតេយ្យក្លែងក្លាយទាំងស្រុងដែលល្មើសលើភាពជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យ។ យើងតែងតែយល់ថា លទ្ធិប្រជាធិបតេយ្យគឺជាគុណតម្លៃរួមរបស់មនុស្សជាតិ គឺជាសិទ្ធិរបស់ប្រជាជនបណ្ដាប្រទេស មិនមែនជាប៉ាតង់ផ្ដាច់មុខរបស់ប្រទេសណាមួយនោះទេ។ បណ្ដាប្រទេសមានសិទ្ធិជ្រើសរើសគំរូប្រព័ន្ធនយោបាយដែលសាកសមនឹងខ្លួន ហើយអាចដើរចេញមាគ៌ានៃការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យរបស់ខ្លួនជាមិនខាន បណ្ដាប្រទេសនានាគួរគោរពគ្នាទៅវិញទៅមក ស្វែងរកចំណុចរួមនិងរក្សាទុកចំណុចខុសគ្នា ពិភាក្សាសិក្សានិងរៀនពីគ្នាទៅវិញទៅមក រួមគ្នាសម្បូរបែបយ៉ាងនិងអភិវឌ្ឍអរិយធម៌នយោបាយរបស់មនុស្សជាតិ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងក្នុងកិច្ចប្រជុំអន្តរជាតិថា គួរគោរពបំណងប្រាថ្នារបស់ប្រជាជាតិនីមួយៗនិងសិទ្ធិប្រជាជនក្នុងការសម្រេចចិត្តគុណតម្លៃដោយខ្លួនឯង។ ភាគីចិននឹងបន្តផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិនិងសេចក្តីថ្លៃថ្នូររបស់ជាតិ ផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការដើរលើមាគ៌ាអភិវឌ្ឍដែលសមស្របនឹងស្ថានភាពជាក់ស្តែងរបស់ខ្លួន។

៣៖ Fresh News៖ យើងឃើញថា ចិនបានដើរតួនាទីយ៉ាងសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃលើឆាកអន្តរជាតិ។ ពិសេសចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ១៩មក ចិនបានចូលរួមសហការជាមួយអន្តរជាតិយ៉ាងសកម្មក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុស ទទួលបានការកោតសរសើរខ្ពស់ពីសហគមន៍អន្តរជាតិ។ តើសន្និបាតមានការបូកសរុបសមិទ្ធផលនិងបទពិសោធន៍នៃវិស័យការទូតចិនយ៉ាងដូចម្ដេច? នឹងបង្កើតឥទ្ធិពលយ៉ាងដូចម្ដេចចំពោះវិស័យការទូតចិន ជាពិសេសទំនាក់ទំនងរវាងចិននិងកម្ពុជា?

លោក Wang Wentian៖ គណបក្សកុម្មុយនីស្តចិនប្រកាន់ខ្ជាប់ការបើកចិត្តទូលាយទៅកាន់ពិភពលោក តែងយកចិត្តទុកដាក់ចំពោះអនាគតនិងជោគវាសនាមនុស្សជាតិដោយផ្តោតលើទស្សនៈពិភពលោក ប្រកាន់ខ្ជាប់ការបើកចំហ ផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ ប្រកាន់ខ្ជាប់នូវយុត្តិធម៌ ឈរជាមួយភាពត្រឹមត្រូវដែលអាចឆ្លងកាត់ការសាកល្បងនៃប្រវត្តិសាស្ត្រ ឈរជាមួយភាពរីកចម្រើននៃមនុស្សជាតិ នេះគឺជាបទពិសោធន៍ដ៏មានតម្លៃមួយក្នុងចំណោមបទពិសោធន៍បូកសរុបក្នុងសន្និបាតខាងលើ។ សន្និបាតបានបង្ហាញថា ក្រោយពីប្រទេសចិនបានធ្វើកែទម្រង់និងបើកចំហ គណបក្សកុម្មុយនីស្តចិនបានប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសសន្តិភាព ឯករាជ្យ ម្ចាស់ការ បានរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុរីកចម្រើនសម្រាប់មនុស្សជាតិ។ ឈានចូលយុគសម័យថ្មី គណបក្សកុម្មុយនីស្តចិនបានជំរុញការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី ជំរុញការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ បានលើកកម្ពស់គុណតម្លៃរួមមនុស្សជាតិទាំងមូល មានដូចជាសន្តិភាព ការអភិវឌ្ឍន៍ យុត្តិធម៌ សច្ចធម៌ លទ្ធិប្រជាធិបតេយ្យ និងសេរីភាព ដែលបានជួយណែនាំនិន្នាការរីកចម្រើនមនុស្សជាតិ។

បច្ចុប្បន្ន ពិភពលោកកំពុងស្ថិតត្រង់ចំណុចផ្លូវបំបែកដែលពិបាកជ្រើសរើស ហើយមនុស្សជាតិកំពុងប្រឈមមុខនឹងអនាគតពីរនិងជោគវាសនាពីរ គួរទៅមុខឬថយក្រោយ តើជ្រើសរើសភ្លឺស្វាងឬក៏ងងឹត។ ចំពោះប្រទេសចិនវិញ យើងនឹងបន្តដើរលើមាគ៌ាអភិវឌ្ឍដោយសន្តិវិធី ជំរុញការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ និងពួតដៃគ្នាបោះជំហានទៅមុខជាមួយកម្លាំងរីកចម្រើននៅលើពិភពលោក។ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ១៩មក ចិនបានបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្មដើម្បីប្រយុទ្ធប្រឆាំងជំងឺវីរុស បង្កើតសកម្មភាពមនុស្សធម៌បន្ទាន់លើពិភពលោកជាទ្រង់ទ្រាយធំបំផុតចាប់តាំងពីមានការបង្កើតសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយជាសម្ភារៈ ជំនួយផ្នែកវេជ្ជសាស្រ្ត ជំនួយនិងកិច្ចសហប្រតិបត្តិការវ៉ាក់សាំង ដល់ប្រទេសជាច្រើន ដែលក្នុងនោះរួមមានកម្ពុជាផងដែរ បានអនុវត្តជាក់ស្តែងនូវគំនិតសហគមន៍វាសនារួម។ យើងទទួលបានការគោរពពីប្រទេសនិងប្រជាជនដែលស្រឡាញ់សន្តិភាពនៅលើពិភពដោយតាមរយៈសកម្មភាពជាក់ស្ដែង មិត្តភក្តិរបស់គណបក្សកុម្មុយនីស្តចិននិងមិត្តភក្តិរបស់ប្រជាជនចិនកាន់តែច្រើនឡើងៗនៅលើពិភពលោក។

កម្ពុជាជាមិត្តដែកថែបនិងជាអ្នកជិតខាងល្អរបស់ចិន។ ភាគីទាំងពីរតែងផ្តល់ការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាអត្ថប្រយោជន៍ស្នូលរបស់ភាគីទាំងពីរ តែងជួយគ្នាទៅវិញទៅមកនៅពេលដែលភាគីម្ខាងមានតម្រូវការ កាន់តែពិបាកកាន់តែរួបរួមសាមគ្គីគ្នា គឺជាមិត្ត «ដែកថែប» យ៉ាងពិតប្រាកដ។ យើងពិតជាមានក្តីសោមនស្សរីករាយដោយមើលឃើញថា ក្រោមការខិតខំប្រឹងប្រែងរួមគ្នារវាងចិននិងកម្ពុជា អត្រានៃការចាក់វ៉ាក់សាំងកូវីដក្នុងប្រទេសកម្ពុជាមានចំនួនលើសពី៨៨% បានជួយបង្កើតជារបាំងការពារសម្រាប់ប្រជាជន បានចាក់គ្រឹះយ៉ាងមាំសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ។ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារបានជួយដោះស្រាយបញ្ហា“ឆ្លងទន្លេ”ជូនដល់ប្រជាជនក្នុងតំបន់។ ពហុកីឡដ្ឋានជាតិមរតកតេជោបានធ្វើឱ្យកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធផ្នែកកីឡាលំដាប់ពិភពលោក។ កម្ពុជាក៏នឹងបញ្ជូនគណៈប្រតិភូចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប៉េកាំងលើកដំបូងនាពេលខាងមុខ។ ផ្លែស្វាយ ចេកបានបំពេញសេចក្តីតម្រូវការរបស់ប្រជាជនចិន ហើយក៏នឹងមានកសិផលកម្ពុជាជាច្រើនទៀតនឹងបង្ហាញវត្តមាននៅលើទីផ្សារចិនផងដែរ។ អាចនិយាយបានថាសហគមន៍វាសនារួមរវាងចិននិងកម្ពុជាបានផ្តល់អត្ថប្រយោជន៍ជាក់ស្តែងជូនដល់ប្រទេសនិងប្រជាជនទាំងពីរ វាគឺជាគំរូឈ្នះ-ឈ្នះនិងជោគជ័យរួមសម្រាប់សហគមន៍អន្តរជាតិ។

ឆ្នាំ២០២១នេះគឺជាខួបអនុស្សាវរីយ៍លើកទី១០០ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន ក៏ជាខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតគណបក្សប្រជាជនកម្ពុជាផងដែរ។ លោក Xi Jinping អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានផ្ញើសារលិខិតអបអរសាទរទៅវិញទៅមក បានវាយតម្លៃខ្ពស់ចំពោះការរក្សាអភិវឌ្ឍកម្រិតខ្ពស់រយៈពេលវែងនៃទំនាក់ទំនងទ្វេភាគីមួយនេះ និងមានប្រសាសន៍ថានឹងបន្តជំរុញ ការកសាងសហគមន៍វាសនារួមរវាង ចិននិងកម្ពុជា ឱ្យបានឆាប់រហ័ស។ ចិននិងកម្ពុជានឹងសហការគ្នាយ៉ាងស្អិតរមួត អនុវត្តកុងសុងស៊ីសសំខាន់ៗ ដែលថ្នាក់ដឹកនាំទាំងពីរប្រទេសបានកំណត់ជូន ដើម្បីឱ្យចំណងមិត្តភាពនេះរឹងជាងដែក មាំជាងថែប។ យើងសង្ឃឹមថា ក្នុងកិច្ចសហប្រតិបត្តិការដ៏ថ្លៃថ្លារវាងគណបក្សកុម្មុយនីស្តចិននិងគណបក្សប្រជាជនកម្ពុជា ការកសាងសហគមន៍វាសនារួមរវាងប្រទេសទាំងពីរនឹងទទួលបានការអភិវឌ្ឍន៍ថ្មីៗឥតឈប់ឈរ កិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក លើគ្រប់វិស័យរបស់ប្រទេសទាំងពីរនឹងបង្កើតបានជាសមិទ្ធផលផ្លែផ្កាថ្មីៗកាន់តែច្រើនឥតឈប់ឈរ ជួយបង្កើតអត្ថប្រយោជន៍ជូនដល់ប្រទេសនិងប្រជាជនទាំងពីរ។

៤៖ Fresh News៖ តើលោកយល់យ៉ាងណាចំពោះបទពិសោធន៍ប្រវត្តិសាស្រ្តដែលបានបូកសរុបក្នុងសន្និបាតខាងលើនេះ តើវាអាចមានខ្លឹមសារអ្វីខ្លះដែលអាចឱ្យប្រទេសដទៃទៀតរួមមានកម្ពុជាអាចយកទៅប្រើប្រាស់បាន?

លោក Wang Wentian៖ ខ្លឹមសារខាងលើខ្ញុំបានលើកឡើងអំពីបទពិសោធន៍ដ៏មានតម្លៃទាំង១០ក្នុងរយៈពេល១០០ឆ្នាំនៃគណបក្សកុម្មុនីស្តចិន ដែលបានបូលសរុបក្នុងសន្និបាតមួយនេះ ខ្ញុំក៏រីករាយក្នុងការចែករំលែកយ៉ាងលម្អិតជូនដល់មិត្តកម្ពុជាផងដែរ។

ក៖ ការប្រកាន់ខ្ជាប់នូវការដឹកនាំនៃបក្ស។ គណបក្សនយោបាយជាអង្គការមូលដ្ឋានគ្រឹះមួយនៃជីវភាពនយោបាយរបស់ប្រទេសជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំនយោបាយ។ ប្រសិនចាត់ទុកប្រទេសមួយជាម៉ាស៊ីននយោបាយ គណបក្សនយោបាយគឺជាម៉ាស៊ីនក្បាលនិងជាឧបករណ៍សម្រួលរបស់ម៉ាស៊ីនមួយនោះ។ មានតែក្រោមការដឹកនាំនៃគណបក្សនយោបាយទេ ការអភិវឌ្ឍន៍នៃប្រទេសមួយទើបអាចស្របតាមទិសដៅត្រឹមត្រូវ។

ខ៖ ការប្រកាន់ខ្ជាប់នូវយកប្រជាជនជាធំ។ យើងយល់ថា គណបក្សនយោបាយមួយមានតែបោះបង់ចោលផលប្រយោជន៍ពិសេសរបស់ខ្លួនណាមួយ មិនតំណាងឱ្យប្រយោជន៍នៃក្រុមផលប្រយោជន៍ណាមួយ នៃក្រុមអំណាចណាមួយ ឬនៃសិទ្ធិពិសេសណាមួយ ប្រកាន់ខ្ជាប់ដើម្បីប្រជាពលរដ្ឋនិងពឹងផ្អែកលើប្រជាពលរដ្ឋ ទើបអាចរក្សាបាននូវភាពជោគជ័យ។

គ៖ ការប្រកាន់ខ្ជាប់នូវច្នៃប្រឌិតថ្មីទ្រឹស្តី។ ទ្រឹស្ដីទាំងអស់មិនមែនជាសិទ្ធន្តទេ តែវាជាសេចក្តីណែនាំសកម្មភាព ត្រូវតែអភិវឌ្ឍដោយស្របតាមការអនុវត្តជាក់ស្តែង ត្រូវតែធ្វើការតភ្ជាប់ជាមួយនឹងស្ថានភាពជាក់ស្តែងរបស់ប្រទេសនីមួយៗ ទើបអាចចាក់ឬសគល់ក្នុងដីនិងក្នុងបេះដូងប្រជាពលរដ្ឋយ៉ាងជ្រៅបាន។ មានតែការប្រកាន់ខ្ជាប់រំដោះគំនិត គោរពនិងធ្វើតាមការជាក់ស្ដែង អភិវឌ្ឃតាមសម័យកាល ស្វែងរកភាពពិតប្រាកដ គណបក្សនយោបាយទើបអាចទទួលបានកម្លាំងពីសច្ចធម៌ ទើបទទួលបានសមិទ្ធផលថ្មីៗហួសពីការប៉ាន់ស្មាន។

ឃ៖ ការប្រកាន់ខ្ជាប់នូវឯករាជ្យនិងម្ចាស់ការ។ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិគ្មានជាតិសាសន៍ឬប្រទេសណាអាចសម្រេចបានភាពខ្លាំងក្លានិងរឹងមាំដោយផ្អែកលើកម្លាំងខាងក្រៅ ចម្លងគំរូពីបរទេស និងធ្វើតាមគេតាមឯងនោះទេ។ គណបក្សនយោបាយមួយមានតែប្រកាន់ខ្ជាប់នូវឯករាជ្យនិងម្ចាស់ការ ដើរលើមាគ៌ារបស់ខ្លួន ទើបអាចដឹកនាំប្រទេសជាតិបោះជំហានទៅមុខបានវែងឆ្ងាយ។

ង៖ ការប្រកាន់ខ្ជាប់នូវមាគ៌ាចិន។ ទិសដៅកំណត់ពីមាគ៌ា ហើយមាគ៌ាកំណត់ពីវាសនា។ ទោះបីជាមានមាគ៌ារាប់ពាន់ខ្សែ មាគ៌ាអាចប្រើការបានទើបជាមាគ៌ាល្អ។ មានតែបង្កើតមាគ៌ាសមស្របខ្លួនឯងដោយផ្អែកលើភាពជាក់ស្ដែង ទើបយើងអាចដើរបានកាន់តែរលូននិងកាន់តែទូលំទូលាយ បើមិនដូច្នេះទេយើងនឹងដើរខុសលើមាគ៌ាណាមួយ។ ដូច្នេះ គណបក្សនយោបាយណាក៏ដោយត្រូវប្រកាន់ខ្ជាប់នូវគោរពស្ថានភាពជាក់ស្តែងនៃជាតិ ហើយរិះរកនិងបង្កើតជាមាគ៌ាត្រឹមត្រូវដែលស្របនឹងភាពជាក់ស្ដែងរបស់ប្រទេសខ្លួន។

ច៖ ការប្រកាន់ខ្ជាប់នូវចិត្តទូលាយទៅកាន់ពិភពលោក។ រួមគ្នាកសាងពិភពលោកឱ្យកាន់តែប្រសើរឡើងនិងរួមចំណែកក្នុងការជំរុញអភិវឌ្ឍន៍អរិយធម៌មនុស្សជាតិ គឺជាទំនួលខុសត្រូវដ៏សំខាន់បំផុតរបស់គណបក្សនយោបាយ។ គណបក្សនយោបាយទាំងឡាយគួរតែយកចិត្តទុកដាក់ចំពោះអនាគតនិងវាសនារបស់មនុស្សជាតិតាមទស្សនៈសកល ស្គាល់និងដោះស្រាយទំនាក់ទំនងជាមួយពិភពលោកខាងក្រៅដោយត្រឹមត្រូវ ដោយឈរលើនិន្នាការនៃការអភិវឌ្ឍន៍មនុស្សជាតិ រចនាសម្ព័ន្ធផ្លាស់ប្តូរទ្រង់ទ្រាយធំនៃពិភពលោកនិងប្រវត្តិសាស្ត្រប្រទេសខ្លួន ទើបអាចឈរនៅខាងត្រឹមត្រូវដែលឆ្លងកាត់ការសាកល្បងនៃប្រវត្តិសាស្រ្តបាន និងឈរនៅខាងភាពរីកចម្រើននៃមនុស្សជាតិបាន។

ឆ៖ ការប្រកាន់ខ្ជាប់នូវការត្រួសត្រាយនិងច្នៃប្រឌិតថ្មី។ ការច្នៃប្រឌិតថ្មីជាកម្លាំងជំរុញអភិវឌ្ឍន៍រីកចម្រើនសម្រាប់ប្រទេសនិងប្រជាជាតិមួយ។ កិច្ចការកាន់តែធំធេង វាពោពេញទៅដោយឧបសគ្គដ៏លំបាកជាច្រើន ចាំបាច់ត្រូវការពុះពាររាល់លំបាកទាំងឡាយ ក៏ចាំបាច់ត្រូវការត្រួសត្រាយនិងច្នៃប្រឌិតថ្មី។ គណបក្សនយោបាយមួយមានតែក្លាហានច្នៃប្រឌិតថ្មី ទើបអាចដើរចេញមាគ៌ាដែលអ្នកជំនាន់មុនពុំធ្លាប់ដើរកាត់ ទើបអាចបង្កើតអច្ឆរិយៈកាន់តែច្រើនដែលនឹកស្មានមិនដល់។

ជ៖ ការប្រកាន់ខ្ជាប់នូវ ហ៊ានប្រយុទ្ធប្រឆាំង។ រាល់សមិទ្ធផលដែលគណបក្សនយោបាយនីមួយៗសម្រេចបានក្នុងការដឹកនាំប្រទេសជាតិមិនមែនទទួលបានដោយចៃដន្យនោះទេ ហើយក៏មិនមែនជាអំណោយរបស់នរណាម្នាក់ដែរ វាជាសមិទ្ធផលដែលកើតចេញពីការប្រយុទ្ធឥតឈប់ឈរ។ មិនថាសត្រូវខ្លាំងយ៉ាងណាក៏ដោយ ផ្លូវលំបាកយ៉ាងណាក៏ដោយ ការប្រឈមខ្លាំងយ៉ាងណាក៏ដោយ មានតែមិនខ្លាចនឹងពលីជីវិត មិនខ្លាចបរជ័យ អង់អាចប្រយុទ្ធ និងហ៊ានយកជ័ជម្នះ ទើបអាចជម្នះរាល់ឧបសគ្គហានិភ័យទាំងឡាយបាន។

ឈ៖ ប្រកាន់ខ្ជាប់នូវការរួមបរួមខ្សែប្រយុទ្ធ។ ការរួបរួមសាមគ្គីគឺជាកម្លាំង។ គណបក្សនយោបាយមួយពូកែបង្រួបបង្រួមជាកម្លាំងសាមគ្គី ប្រើប្រាស់កត្តាវិជ្ជមានទាំងអស់ដែលអាចប្រើប្រាស់បាន លើកកម្ពស់សុខុដរម្យនានៃទំនាក់ទំនងគណបក្សនយោបាយ ទំនាក់ទំនងជាតិសាសន៍ ទំនាក់ទំនងសាសនា ទំនាក់ទំនងវណ្ណៈ និង ទំនាក់ទំនងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស និងការប្រមូលផ្តុំកម្លាំងពុះពាររួមគ្នាកម្រិតធំបំផុត ទើបអាចទទួលបានភាពជោគជ័យក្នុងការដឹកនាំបក្សនិងវិស័យនៅក្នុងប្រទេសជាតិបាន។

ញ៖ ប្រកាន់ខ្ជាប់នូវហ៊ានធ្វើបដិវត្តន៍ចំពោះខ្លួន។ ភាពជឿនលឿននិងបរិសុទ្ធរបស់គណបក្សមួយមិនមែនមានពីកំណើតនោះទេ វាកើតចេញពីការលុតដុំតាមរយៈការធ្វើបដិវត្តន៍ខ្លួនឯងឥតឈប់ឈរ។ មានតែហ៊ានជម្រុះរាល់កត្តាដែលបំផ្លាញនូវភាពជឿនលឿននិងបរិសុទ្ធនៃគណបក្ស សម្អាតជម្រុះរាល់មេរោគដែលប៉ះពាល់ដល់សុខុមាលភាពនៃគណបក្ស ទើបអាចធានាបាននូវការអភិវឌ្ឍន៍រយៈពេលវែងដោយមិនប្រែគុណភាព មិនប្រែពណ៌ និងមិនប្រែក្លិន។

យើងខ្ញុំពិតជាមានក្តីសោមនស្សរីករាយជាខ្លាំងដោយមើលឃើញថា ក្រោមគន្លងថ្មីនៃបរិបទជំងឺវីរុសកូវីដ១៩ កម្ពុជាមិនត្រឹមតែជាប់ចំណាត់ថ្នាក់ឈានមុខគេលើពិភពលោកសម្រាប់អត្រានៃការចាក់វ៉ាក់សាំងកូវីដប៉ុណ្ណោះទេ បានចាប់ដំណើរផ្នែកសេដ្ឋកិច្ចនិងសង្គមផងដែរ ហើយនៅទទួល បានតំណែងជាប្រធានប្ដូរវេនរបស់អាស៊ានយ៉ាងជោគជ័យនិង ទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ផងដែរ កម្ពុជាបានដើរតួនាទីយ៉ាងសកម្មនៅលើឆាកអន្តរជាតិ។ យើងខ្ញុំជឿជាក់ថា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោជាប្រធាននៃគណបក្សប្រជាជនកម្ពុជា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ភាគីចិននឹងបន្តគាំទ្រកម្ពុជាក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងស្ថានភាពជាក់ស្តែងរបស់ខ្លួន រីករាយផ្តល់ការគាំទ្រនិងជំនួយដល់កិច្ចទប់ស្កាត់ជំងឺវីរុសក្នុងប្រទេសកម្ពុជា ការស្តារសេដ្ឋកិច្ចឡើងវិញ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមលទ្ធភាពដែលអាចធ្វើទៅបាន៕