(ភ្នំពេញ)៖ មុខសញ្ញាចោរកម្ម២នាក់ ដែលធ្វើសកម្មភាពលួចសម្ភារសំណង់ពីការដ្ឋានក្រុមហ៊ុនមួយ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ធ្វើការដោះលែងឲ្យត្រឡប់ទៅផ្ទះវិញបន្ទាប់ពីកម្លាំងល្បាតប៉ុស្ដិ៍ឫស្សីកែវសហការ និងកម្លាំងប្រជាការពារសង្កាត់ឫស្សីកែវ បើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនបាននៅវេលាម៉ោង២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ស្ថិតជាប់ក្នុងដែនព្រំព្រទល់ប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ និងប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ។
លោក ថន ប៊ុនថា នាយប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ បានប្រាប់ភ្នាក់ងារ Fresh News ថា ការដោះលែងជនសង្ស័យទាំង២នាក់ខាងលើ ដែលជាមុខសញ្ញាចោរកម្មលួចសម្ភារនោះគឺលោកបានសុំការអនុញ្ញាតត្រឹមត្រូវពីលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ រួចហើយទើបហ៊ានដោះលែងដើម្បីធ្វើការអប់រំ ឲ្យត្រឡប់ទៅផ្ទះវិញ។
ពាក់ព័ន្ធការដោះលែងជនចោរកម្មលួចសម្ភារទាំង២នាក់នេះដែរ ប្រជាពលរដ្ឋរស់នៅមូលដ្ឋានប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បានដាក់ការសង្ស័យ និងរិះគន់ចំពោះមន្ត្រីនគរបាលមូលដ្ឋានថា ពិតជាអស់សង្ឃឹមខ្លាំងណាស់ ខណៈដែលសមត្ថកិច្ចបានឃាត់ខ្លួន ជនជាមុខសញ្ញាលួចសម្ភារផ្សេងៗ តាមមូលដ្ឋានរបស់ប្រជាពលរដ្ឋបានចំនួន២នាក់ហើយនោះ ប៉ុន្តែជាលទ្ធផលប៉ុន្មានម៉ោងក្រោយ បែរជាត្រូវដោះលែងឲ្យរួចខ្លួនទៅវិញ ហាក់មានការខុបឃិតគ្នា ក៍ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន។
បើទោះបីជាយ៉ាងណាលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យភ្នាក់ងារ Fresh News ដឹងតាមទូរស័ព្ទថា លោកជាអ្នកអនុវត្តន៍ច្បាប់ ត្រូវធ្វើតាមនីតិវិធីច្បាប់ ដោយយោងតាមការស្នើសុំរបស់ ជនរងគ្រោះ ហើយជនរងគ្រោះក៏មិនបានដាក់ពាក្យបណ្ដឹង និងមួយវិញទៀត ជនរងគ្រោះបានស្នើសុំឲ្យមានការអប់រំជនសង្ស័យទាំង២នាក់ ដើម្បីកុំឲ្យអ្នកផ្សេងឫអ្នកដែលធ្វើការក្នុងក្រុមហ៊ុនជាមួយគ្នា ធ្វើតម្រាប់តាមព្រោះហេតុថា ជនសង្ស័យទាំង២នាក់ គឺជាបុគ្គលិករបស់ក្រុមហ៊ុន ទើបសមត្ថកិច្ចអនុវត្តន៍តាមការស្នើសុំរបស់ជនរងគ្រោះ។
គួររម្លឹកថា នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៦ កម្លាំង សមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវ បានសហការ និងកម្លាំងប្រជាការពារសង្កាត់ឫស្សីកែវ បានបន្តការយាមល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ តាមផ្ទះក៏ឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដែលកំពុងធ្វើសកម្មភាពលួចសម្ភារផ្សេងៗ ពីការដ្ឋានក្រុមហ៊ុនរបស់ជនរងគ្រោះតែម្ដង ដោយកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន មានម៉ូតូសង់ឌ្រីមសេ១២៥មួយគ្រឿង ដែលជាមធ្យោបាយធ្វើដំណើររបស់ជនសង្ស័យទាំង២នាក់ យកមកប្រគល់ជូនកម្លាំងនគរបាលប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ ដើម្បីចាត់ការបន្តតាមនិតិវិធី ដោយឡែកប៉ុន្មានម៉ោងក្រោយក៍ត្រូវដោះលែង៕