(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានជំរុញឲ្យសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ខិតខំបន្តអនុវត្តន៍សកម្មភាព ដើម្បីបំរើប្រជាជនឲ្យកាន់តែប្រសើរឡើងថែមទៀត។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅរសៀល ថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០២១ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ ២០២១ និងទិសដៅបន្តសម្រាប់ ឆ្នាំ២០២២ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្តកំពង់ចាម ដែលមាន លោកស្រី ញូង ចរិយា ជាប្រធាន និងសមាជិកទាំងអស់ ដែលបានសហការយ៉ាងល្អ ក្នុងការរៀបចំកិច្ចប្រជុំនាឱកាសរនះ សំរាប់បងប្អូនជាសមាជិកសមាគម បានជួបជុំស្តាប់របាយកាណ៍ពិនិត្យ និងវាយតម្លៃ ទៅលើលទ្ធផលសកម្មភាព ដែលសាខាសមាគមអនុវត្តបាននាពេលកន្លងទៅ និងពិនិត្យមើលទៅលើបញ្ហាប្រឈម និង រកវិធីសាស្ត្រដើម្បីដោះស្រាយដែលសកម្មភាពនេះ គឺជាការផ្សាភ្ជាប់រវាងសាខា និងអនុសាខាទាំងអស់ផងដែរ ។

លោកអភិបាលខេត្តបានថ្លែងថា «ខ្ញុំសូមយកឱកាសនេះដែរ ដើម្បីសំដែងនូវការអបអរសាទរចំពោះបងប្អូននារី ដែល ត្រូវបានរាជរដ្ឋាភិបាលគាំទ្រយ៉ាងពេញទំហឹង និងបានទទួលស្គាល់ពីសមត្ថភាព ទាំងចំណេះដឹង ជំនាញ និងឧត្តមភាព ព្រមទាំងសក្តានុពលរបស់ស្ត្រី ដែលធនធានទាំងនោះសុទ្ធសឹងជាធាតុចូលយ៉ាងសំខាន់សម្រាប់រួមចំណែកដល់កិច្ច អភិវឌ្ឍន៍សង្គម ហើយក៏ជាកត្តារួមចំណែក ធ្វើឱ្យមានសុខសន្តិភាព និងវឌ្ឍនភាពយូរអង្វែងនៅក្នុងសង្គមជាតិ»។ សុខសន្តិភាពមានសារៈសំខាន់ខ្លាំងណាស់ ដែលជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូប គ្រប់វ័យ ព្រោះបើមានសុខសន្តិភាព នោះគឺពិតជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងគ្រប់ទីកន្លែង។

លោកអភិបាលខេត្តបានបញ្ជាក់ថា កិច្ចប្រជុំនេះ ក៏ជាការរួមគ្នាប្រជុំពិភាក្សាព្រមជាមួយការទទួលយកបទពិសោធន៍រវាង គ្នា នឹងគ្នាសំរាប់បន្តអនុវត្តន៍សកម្មភាពនាពេលខាងមុខឲ្យបានកាន់តែល្អ និងប្រកបដោយជោគជ័យក៏ដូចជាការឆ្លើយ តបជាមួយសេចក្ដីណែនាំ របស់ថ្នាក់ដឹកនាំ ព្រមជាមួយនិងការផ្តល់អនុសាសន៍ដ៏មានខ្លឹមសារ និងអត្ថន័យសំរាប់ការ អនុវត្តន៍ការងាររបស់សមាគមនារី ឲ្យបានកាន់តែប្រសើរឡើងថែមទៀត ក្នុងការបំរើប្រជាជនទៅថ្ងៃខាងមុខ៕