(ក្រចេះ)៖ លោកស្រី ស៊ុន សាភឿន តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្សចុះស្រុកឆ្លូង, លោក រង ឈង អគ្គលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ ឃុំហាន់ជ័យ, លោកស្រី ធីម ដានី សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះឃុំហាន់ជ័យ, លោកធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង និងជាប្រធានក្រុមការងារថ្នាក់ស្រុក នៅព្រឹកថ្ងៃសុក្រទី១០ ខែធ្នូ ឆ្នាំ២០២១ បាននាំអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ នៅក្នុងឃុំហាន់ជ័យ។
អំណោយទាំងនោះរួមមានអាវរងា សាប៊ូ និងម៉ាស់មួយប្រអប់ ស្ករស ទឹកដោះគោ និងអង្ករ ព្រមទាំងថវិកាចំនួន២ម៉ឺនរៀល ក្នុងគ្រួសារនីមួយៗ។
ក្នុងឱកាសសំណេះសំណាលនោះ លោកស្រី ស៊ុន សាភឿន បានរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋ អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវការណែនាំរបស់ក្រសួងសុខាភិបាល គឺ «៣កុំ ៣ការពារ» ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ដែលនៅបន្តរីករាលដាលឆ្លងនៅឡើយ ហើយជំរុញឲ្យបងប្អូនទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។
លោកស្រីបានលើកអំពីគុណសម្បត្តិ ដ៏ធំធេងរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឥតឈប់ឈរ។
លោកស្រីបានសំណូមពរឲ្យបងប្អូនបន្តបោះឆ្នោត ជូនគណបក្សប្រជាជនក្នុងឱកាសបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
បន្ទាប់ពីបញ្ចប់ការចូលរួមពិធីចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងឃុំហាន់ជ័យ លោកស្រី ស៊ិន សាភឿន ក៏បានឆ្លៀតប្រជុំសមាជិកបក្សក្នុងឃុំហាន់ជ័យ ដើម្បីជំរុញសកម្មភាពការងារ ដែលត្រូវធ្វើចំពោះមុខបន្ទាន់ សម្រាប់យកជ័យជម្នះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅខែមិថុនា ឆ្នាំ២០២២ខាងមុខ និងឱ្យតាមដានសកម្មភាពគណបក្ស ដែលបានដាក់ផ្លាកនៅក្នុងឃុំ៕