(សៀមរាប)៖ មានការភ្ញាក់ផ្អើលតៗគ្នាថា មានករណីសត្វប្រជៀវរាប់រយក្បាលបានងាប់ជាបន្តបន្ទាប់ នៅក្នុងប្រាសាទភ្នំបូក នាស្រុកបន្ទាយស្រី ខេត្តសៀមរាប តែរហូតមកដល់ថ្ងៃនេះ ការងាប់របស់សត្វប្រជៀវខាងលើនេះ ហាក់មានការកើនឡើង ដោយគេមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយទេ ខណៈមន្រ្តីពាក់ព័ន្ធ កំពុងចុះពិនិត្យរកមូលហេតុ។
លោកវេជ្ជបណ្ឌិត គ្រួស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានគូសបញ្ជាក់ប្រាប់ភ្នាក់ងារអង្គភាព Fresh News ក៏ដូចតាមបណ្ដាញសង្គម Facebook របស់លោកផ្ទាល់ សម្រាប់ជាសារអប់រំ ថា៖ «មេត្តាហាមបងប្អូនប្រជាជន កុំយកទៅទទួលទាន ជាម្ហូបអាហារ និងសូមខាងមន្ទីរកសិកម្មមេត្តាពិនិត្យ និងស្រាវជ្រាវរកមូលហេតុ នៃការស្លាប់របស់សត្វទាំងនោះ។ សូមបុគ្គលិក មណ្ឌលសុខភាព មន្ទីរពេទ្យ ក្នុងស្រុកបន្ទាយស្រី សូមមេត្តាពិនិត្យ តាមដាន មើល ការពារ ចំពោះបញ្ហា កើតមានជំងឺ លើសត្វទាំងនោះ ដែលអាចចំលងមកមនុស្សបាន ដោយប្រការណាមួយ»។
លោកវេជ្ជបណ្ឌិតបន្តបញ្ជាក់ថា៖ ខាងសុខាភិបាល បានត្រៀមរួចជាស្រេចសម្រាប់ការជួយសង្រ្គោះ ពិនិត្យព្យាបាល តាមលក្ខណៈបច្ចេកទេស បើមានភាពចាំបាច់ណាមួយ សម្រាប់ករណីនេះ។
លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ដែលបានដឹកនាំក្រុមការងារ ចុះទៅពិនិត្យដល់កន្លែងកើតហេតុផ្ទាល់ បានមានប្រសាសន៍ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News តាមរយៈទូរស័ព្ទឲ្យដឹងថា៖ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ ជុំវិញករណីនេះ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ លោកបានដឹកនាំកម្លាំងជំនាញចុះទៅពិនិត្យ ដល់ទីតាំងកន្លែងដែលសត្វប្រជៀវនោះងាប់ដោយផ្ទាល់ គឺនៅក្នុងប្រាសាទ លើខ្នងភ្នំបូក ស្រុកបន្ទាយស្រី។
លោកបញ្ជាក់ថា៖ ប្រជៀវទាំងនោះ វារស់នៅក្នុងប្រាសាទ លើភ្នំបូក ហើយប្រជៀវទាំងនោះ រស់នៅក្នុងកន្លាតថ្មប្រាសាទ ចំនួនពីរផ្សេងពីគ្នា នាខ្នងភ្នំបូកនោះ ។ តាមការពិនិត្យជាក់ស្ដែង គឺសត្វប្រជៀវដែលរស់នៅក្នុងតួប៉មប្រាសាទកណ្កាល បានងាប់ ។ចំណែកសត្វប្រជៀវ ដែលរស់នៅតួប៉មប្រាសាទតូចៗចំហៀងជិតនោះដែរ ដែលមានដើមផ្កាចំប៉ីដុះពីលើនោះ មិនមានងាប់នោះទ។
លោកបានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ គឺមិនទាន់បានធ្វើការវិនិច្ឆ័យច្បាស់លាស់នៅឡើយទេពីមូលហេតុ ដែលបណ្ដាលឲ្យសត្វប្រជៀវទាំងនេះងាប់ ។ តែលោកគិតនិងសណ្ឋានក្នុងជំហានដំបូងថា វាអាចបណ្ដាលមកពីអាកាសធាតុ តែប្រហែលបណ្ដាលមកពីរោគ (ជម្ងឺ) របស់សត្វប្រជៀវផងដែរ៕