(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាស់បើកការដ្ឋានជាផ្លូវការដាក់ប្រព័ន្ធលូមូលថ្មី និងជួសជុលផ្លូវបេតុងអាមេ ២គម្រោងទៀត ដើម្បីបម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិទួលថ្ងាន់ និងភូមិពោងពាយ (២ភូមិ) សង្កាត់ទួលសង្កែទី២ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។
ពិធីប្រកាសបើកការដ្ឋានជាផ្លូវការលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋនេះ បានរៀបចំធ្វើឡើងដោយមានការចូលរួមពីលោក វ៉ាន់ ខន មន្រ្តីបច្ចេកទេសរាជធានីភ្នំពេញ ប្រធាន-អនុប្រធាន និងមន្ត្រីការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ លោកប្រធានការិយាល័យសាធារណការខណ្ឌ លោកចៅសង្កាត់-ចៅសង្កាត់រង ស្មៀន មេភូមិ និងក្រុមហ៊ុនម៉ៅការ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន៨០នាក់។
បើតាមលោក ឯក ឃុនដឿន ចំពោះការប្រកាសបើកការដ្ឋានជាផ្លូវការ មានចំនួន២គម្រោងនេះ រួមមាន៖ ដាក់លូមូលថ្មី ប្រវែង៣២៣ម៉ែត្រ ទំហំ ០,៦០ និងការជួសជុលផ្លូវបេតុងអាមេ ប្រវែង ៧៦ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ បន្ថែមទៀតដោយសរុបថវិកាអស់ចំនួន ៨៤,៤៥៥,០០០រៀល សម្រាប់បម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោក ឯក ឃុនដឿន ក៏បានឆ្លៀតឱកាសឧបត្ថម្ភ (សារ៉ុង) ដើម្បីទុកជាចំណងដៃអនុស្សាវរីយ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមក្នុងពិធីប្រកាស់បើកការដ្ឋានជាផ្លូវការដាក់ប្រព័ន្ធលូមូលថ្មី និងជួសជុលផ្លូវបេតុងអាមេ ចំនួន២គម្រោងទៀតនេះផងដែរ។
សូមជម្រាបថា ការអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាស់បើកការដ្ឋានជាផ្លូវការដាក់ប្រព័ន្ធលូមូលថ្មី និងជួសជុលផ្លូវបេតុងអាមេ ២គម្រោងទៀត របស់លោក ឯក ឃុនដឿន ធ្វើឡើង ក្រោយពីអភិបាលខណ្ឌឫស្សីកែវរូបនេះ បានប្រកាស់បើកការដ្ឋានជាផ្លូវការចំពោះសមទ្ធិផលមួយចំនួន (៥គម្រោង) ដើម្បីធ្វើការស្ថាបនាដាក់លូ ស្តារលូ ជួសជុលអណ្តូងលូ ដោយប្រើប្រាស់មូលនិធិរដ្ឋបាលសង្កាត់ អស់ថវិកាសរុបចំនួន៤០១,៧៥០,០០០រៀល ជាមួយការជួសជុលបន្ថែមផ្លូវបេតុងអាមេ និងដាក់លូមូលថ្មី សរុបអស់ថវិកា ចំនួន៨៤០,១៦៧,៥០០រៀលទៀត សម្រាប់បម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិផ្សារតូច និងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១៕