(កណ្តាល)៖ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល និងថ្នាក់សាខាខេត្តកណ្តាល បានរៀបចំពិធីជួបសំណេះសំណាលសួរសុខទុក្ខ អ្នកផ្ទុកមេរោគអេដស៍ និងជនមានពិការភាព ចំនួន ៣៦៥នាក់ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល» និងទិវាជនមានពិការភាពកម្ពុជាលើកទី២៣ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៣៩ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។

ការប្រារព្ធពិធីនេះឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីសម្តែងនូវការដឹងគុណ និងគោរពស្រឡាញ់ចំពោះមាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ក្នុងឱកាសចម្រើនជន្មាយុរបស់សម្ដេចផងដែរ។

ពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ក្រោមវត្តមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយស និងលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល។

នាឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ និងអង្គវេទិកាទាំងមូល។

លោកស្រីបានថ្លែងពីការដាក់ចេញនូវទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ ដោយត្រូវអនុវត្តនូវយុទ្ធសាស្ត្រ និងយន្តការដែលបានដាក់ចេញ ដោយតម្រូវឱ្យមានការចូលរួមពីកម្លាំងពហុវិស័យ អាជ្ញាធរជាតិ ស្ថាប័នរដ្ឋ-ឯកជន សប្បុរសជន ដៃគូគ្រប់មជ្ឈដ្ឋាន កាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋ ជាពិសេសការចូលរួមពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានប្តេជ្ញាចិត្តរួមកម្លាំងជាមួយរាជរដ្ឋាភិបាល ក្នុងការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ បើទោះបីជាស្ថិតក្នុងបរិការណ៍ជំងឺកូវីដ-១៩ក៏ដោយ។

ជាមួយគ្នានេះ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈកិត្តិយស គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល និងសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលតែងតែឧបត្ថម្ភគាំទ្រ បានផ្តល់លទ្ធភាពដល់ប្រតិបត្តិករ មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្ត នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ធ្វើសកម្មភាពមនុស្សធម៌ដូចភ្លៀងរលឹម។

ជាពិសេសក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ-១៩ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ ជួយសម្រាលការលំបាកដល់អ្នកផ្ទុកមេរោគអេដស៍ ជនមានពិការភាព ចាស់ឥតទីពឹង និងប្រជាពលរដ្ឋងាយរងគ្រោះដទៃទៀត ដែលជាមុខសញ្ញារបស់កាកបាទក្រហមកម្ពុជា ដូចទិសស្លោក «យើងនៅតែបន្តឥតឈប់ឈរ ការងារជាអាទិភាពរបស់យើង» ក៏ដូចជាការអនុវត្តទិសវិមជ្ឈការ និងវិសហមជ្ឈការ ដែលនាំមកនូវភាពជោគជ័យដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ក៏ដូចជានៅតាមបណ្តាសាខាទាំង ២៤រាជធានី-ខេត្តផ្សេងទៀតផងដែរ។

ទន្ទឹមនឹងនេះ លោកស្រីបានគូសបញ្ជាក់ថា កម្ពុជាយើងបានឆ្លងកាត់ការលំបាកនៃជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះ យើងបានឈានដល់ការអនុវត្តនូវយុទ្ធសាស្ត្រស្តីពី «ការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩» និង «យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី» ដែលតម្រូវឱ្យមានការចូលរួមជាសំខាន់ពីសំណាក់ប្រជាពលរដ្ឋយើង ក្នុងការអនុវត្តយុទ្ធសាស្ត្រខាងលើនេះ ដើម្បីប្រទេសជាតិយើងមានការអភិវឌ្ឍ រីកចម្រើន និងរក្សាបាននូវស្ថិរភាព សុខសន្តិភាព តាមគន្លងប្រក្រតីភាពថ្មី។

ថ្លែងពីលើវេទិកានេះដែរ លោកស្រីបានពាំនាំសេចក្តីអំពាវនាវទាំង ៦ចំណុចរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ជូនដល់បងប្អូនជនរួមជាតិឱ្យចូលរួមអនុវត្ត ដើម្បីសុខុមាលភាពគ្រួសារ និងសង្គម ព្រមទាំងសូមអំពាវនាវដល់វិស័យឯកជន សប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមបន្តភាពជាដៃគូ និងបន្តឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រេចឱ្យបាននូវគោលដៅសូន្យបី នាឆ្នាំ២០២៥ខាងមុខ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង ៣៦៥គ្រួសារ ក្នុងគ្រួសារនីមួយៗទទួលបានអំណោយ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកសុទ្ធដបធំ ១កេស, អាវរងា ១, ភួយ១, ជែល ១ដប, សាប៊ូ ១ដុំ, ម៉ាស ១០បន្ទះ និងថវិកា ៥ម៉ឺនរៀល៕