(សៀមរាប)៖ ប្រជាពលរដ្ឋរស់នៅភូមិគោកផ្នៅ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានសុំអាជ្ញាធរជួយដោះស្រាយ ករណីសំណង់ផ្ទះមួយខ្នង បានធ្វើជណ្ដើររំលោភផ្លូវសាធារណៈនាំឱ្យលំបាកក្នុងការធ្វើដំណើរប្រចាំថ្ងៃ។

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ពលរដ្ឋនៅភូមិគោកផ្ដៅ បានកើតទុក្ខមិនសុខចិត្ត ស្នើអាជ្ញាធររកវិធានការជួយដោះស្រាយ ដោយសារប្រជាពលរដ្ឋមួយគ្រួសារធ្វើកាំជណ្តើរលយចូលលើដីផ្លូវសាធារណៈ។

លោក កី ណាល់ ដែលជាប្រជាពលរដ្ឋរស់នៅផ្ទះជិតនឹងសំណង់ខាងលើ បានប្រាប់ថា លោកបានធ្វើដំណើរតាមផ្លូវនេះរាល់ថ្ងៃ គឺនៅខាងក្រោមកាំជណ្តើរផ្ទះ។ ហេតុនេះហើយលោកបានស្នើឱ្យអាជ្ញាធរ ជួយរកដំណោះស្រាយឱ្យគាត់ផង។

រីឯលោក តាន់ ទាល់ ដែលផ្ទះជាប់នឹងរបងសំណង់ខាលើ បានរៀបរាប់ថា សំណង់នេះធ្វើរយ:ពេលជិត២ឆ្នាំមកហើយ ដោយដំបូលសំណង់នេះ ធ្វើនៅលើព្រំរបងតែម្តង។ ពេលភ្លៀងបានហូរចូលក្នុងបរិវេណផ្ទះលោក ដោយម្ចាស់សំណង់សន្យាថានឹងដាក់ទ ដើម្បីចៀសវាងពេលភ្លៀងទឹកហូរចូលក្នុងផ្ទះលោក តែរហូតមកដល់ថ្ងៃនេះម្ចាស់សំណង់ខាងលើ មិនទាន់បានដាក់ទនៅឡើយទេ។

ពលរដ្ឋមួយគ្រួសារទៀត គឺលោក អេន សុផល ក៏លើកឡើងមិនខុសគ្នាប៉ុន្មានដែរ ដោយលោកស្នើដល់ម្ចាស់សំណង់ខាងលើ មានការយោគយល់ចំពោះប្រជាពលរដ្ឋនៅក្នុងភូមិរបងជាមួយគ្នាផង ចៀសវាងមានការផ្នាំងថ្នាក់នឹងគ្នាតទៅទៀត។

នៅរសៀលថ្ងៃដដែលនេះដែរ គេឃើញអាជ្ញាធរដែលមានមេភូមិ និងមន្ត្រីសុរិយោដីក្រុង ចុះមកពិនិត្យ និងបានបញ្ជាក់ថា សំណង់ខាងលើពុំមានច្បាប់អនុញ្ញាតនោះទេ ហើយថែមទាំធ្វើរំលោភដីចំណីផ្លូវទៀត។

គេក៏ឃើញវត្តមានម្ចាស់ផ្ទះខាងលើ ដែលមានឈ្មោះ អ្នកស្រី អ៊ូ ស៊ីថុន ចុះមកកន្លែងកើតហេតុដែរ តែមិនបានបញ្ជាក់ថា ព្រមរុះរើកាំជណ្ដើរដែលសង់លយចូលផ្លូវនៅពេលនោះទេ គ្រាន់តែប្រាប់ថា នឹងឱ្យក្រុមជាងរើវិញឆាប់ៗ។

គួររំលឹកផងដែរ កន្លងទៅអាជ្ញាធរធ្លាប់បានហៅម្ចាស់សំណង់ និងប្រជាពលរដ្ឋ ទៅសម្របសម្រួលម្តងរួចមកហើយ ដោយម្ចាស់សំណង់យល់ព្រមរុះរើនៅកន្លែងដែលមានទំនាស់ចោល ប៉ុន្តែរហូតមកដល់ពេលនេះ ម្ចាស់សំណង់ខាងលើមិនទាន់បានអនុវត្តតាមការសន្យារបស់ខ្លួនទេ។ ចំណែកប្រជាពលរដ្ឋខាងរងផលប៉ះពាល់ករណីនេះ កំពុងរង់ចាំមើលយ៉ាងអន្ទះសាលើការអនុវត្តច្បាប់នេះឱ្យបានឆាប់ៗ៕