(សៀមរាប)៖ ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នេះ ខេត្តសៀមរាប បានប្រារព្ធពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៥ ឆ្នាំ២០២១ ក្រោមប្រធានបទ «សូមកុំយកកូវីដ-១៩ ជាឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស»។

មុនពេលរងឥទ្ធិពលវិបត្តិនៃជំងឺកូវីដ-១៩ កម្មវិធីទិវាជាតិប្រឆាំងការជួញដូរមនុស្ស ត្រូវបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ថ្ងៃទី១២ខែធ្នូ ដើម្បីធ្វើជាយុទ្ធនាការបំផុសការយល់ដឹងអំពីព្រឹត្តិការណ៍ និងស្ថានភាពដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ដើម្បីដាស់តឿនក្រើនរំលឹកអំពីភាពរងគ្រោះ និងល្បិចកលថ្មីៗនៃជនល្មើស ព្រមទាំងធ្វើការផ្សព្វផ្សាយអំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាមួយដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សតាមគ្រប់រូបភាព។

ក្រោយពេលការរាតត្បាតជំងឺកូវីដ១៩ បានថមថយទៅវិញ យុទ្ធនាការនេះបានធ្វើឡើងជាថ្មីនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។ ពិធីត្រូវបានធ្វើឡើងនៅបរិវេណសួនច្បារព្រះរាជដំណាក់ ក្នុងខេត្តសៀមរាប ក្រោមវត្តមានលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអភិបាលខេត្តសៀមរាប លោក ទៀ សីហា ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងមកពីស្ថាប័នពាក់ព័ន្ធមួយចំនួន។

លោក ទៀ សីហា បានលើកឡើងថា អ្វីដែលនៅតែជាការព្រួយបារម្ភគឺការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថានរបស់ពលករ ដែលមិនមានការធានាផ្នែកផ្លូវច្បាប់ និងមិនមានការគ្រប់គ្រងច្បាស់លាស់ ដែលនាំឱ្យប្រឈមនឹងហានិភ័យដោយអំពើកេង-ប្រវ័ញ្ច និងជួញដូរមនុស្ស។

ថ្លែងក្នុងពិធីដ៏មានសារសំខាន់នេះដែរ លោកស្រី ជូ ប៊ុនអេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីលះបង់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល រួមគ្នាឥតសំចៃ បើទោះបីជាមានឧបសគ្គ ជួបប្រទះបញ្ហាប្រឈម និងការលំបាកធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏បានយដំណាក់កាលរាតត្បាតកូវីដ-១៩ ដោយប្រើដៃម្ខាងទៀតបង្ការទប់ស្កាត់ ការពារ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមទាំងបានប្រើជាឱកាសស្តារ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ជាពិសេសវិស័យទេសចរណ៍។

លោកស្រី បានបញ្ជាក់ថា ឆ្នាំនេះទិវាជាតិប្រឆាំងការជួញដូរមនុស្ស១២ធ្នូ បានរៀបចំឡើងវិញ ក្រោមប្រធានបទ «សូមកុំយកកូវីដ-១៩ ជាឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស» គឺស្មើនឹងសារព្រមានដល់ជនល្មើសថា រាជរដ្ឋាភិបាល នឹងមិនអត់ឱនចំពោះអ្នកប្រព្រឹត្តអំពើជួញដូរមនុស្ស ទោះជាក្នុងកាល់ទេសៈណាក៏ដោយ។ ក្នុងនោះលោកស្រីរដ្ឋលេខាធិការ ក៏បានបង្ហាញនូវមោទកភាពចំពោះខេត្តសៀមរាប ដែលទទួលបានចំណាត់លេខ១ រយៈពេល៤ឆ្នាំជាប់ៗគ្នា លើប្រតិបត្តិការទប់ស្កាត់និងប្រឆាំងអំពើជួញដូរមនុស្ស។

តែយ៉ាងណាក៏ដោយ លោកស្រី ជូ ប៊ុនអេង នៅតែបន្តការអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប កុំចាញ់បោកការអូសទាញ បោកបញ្ឆោតពីមេខ្យល់ និងជនល្មើសឱ្យធ្លាក់ចូលទៅក្នុងភាពរងគ្រោះ ដោយអំពើជួញដូរ និងកេងប្រវ័ញ្ចគ្រប់រូបភាព ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងមនុស្សគ្រប់វ័យតាមប្រព័ន្ធបច្ចេកវិទ្យា អ៊ិនធឺណិត ការអូសទាញឆ្លងដែនដោយប្រថុយប្រថាន រកការងារ មុខរបរ ឬគូស្រករនៅក្រៅប្រទេស ការទាក់ទាញឲ្យជួលពពោះជំនួស ដើម្បីលក់ ទិញ ទារកនាំឆ្លងដែន និងការលក់ទិញ ឬដកហូតសរីរាង្គជាដើម៕