(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញនូវក្តីរំពឹងថា ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ឲ្យម្ចាស់រថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ សូមរួសរាល់ចូលមកបង់ពន្ធឲ្យបានទាន់ពេលវេលា នៃការអនុគ្រោះពន្ធ១០ភាគរយ ដែលត្រូវបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នឹងធ្វើឲ្យម្ចាស់រថយន្តគ្មានពន្ធ រួសរាន់មកបង់ពន្ធកាន់តែច្រើន។

ការលើកឡើងរបស់លោក គុណ ញឹម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

លោក គុណ ញឹម បានថ្លែងថា «នៅព្រឹកមិញនេះ ក្នុងពិធីម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើង និងជំរុញឲ្យម្ចាស់រថយន្ដគ្មានពន្ធ រួសរាន់ចូលខ្លួនមកបង់ពន្ធឲ្យបានទាន់ពេលវេលា និងបានលើកឡើងថា នៅសល់តែ១៥ថ្ងៃទៀតទេ នឹងផុតការអនុគ្រោះពន្ធ១០ភាគរយ។ នេះជាសារមួយមានសារៈសំខាន់ណាស់ ក្នុងការដាស់តឿនរំលឹក និងជំរុញឲ្យម្ចាស់រថយន្ដ ដែលមិនទាន់បង់ពន្ធ គឺរួសរាន់ចូលមកបង់ពន្ធ ឲ្យបានទាន់ពេលវេលា»

លោកបានបន្ដថា ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅនេះ កាតព្វកិច្ចពន្ធអារករ លែងមានការអនុគ្រោះទៀតហើយ ដោយត្រូវបង់ពន្ធពេញ១០០ភាគរយ។

លោករដ្ឋមន្ត្រីប្រតិភូបញ្ជាក់ថា «នេះជាសារមួយមានសារៈសំខាន់ធ្វើឲ្យយើងរំពឹងថា យោងតាមប្រសាសន៍របស់សម្ដេចតេជោ ដែលបានលើកឡើងនាព្រឹកមិញនេះ ម្ចាស់រថយន្ដពិតជារួសរាន់ចូលខ្លួនមកបង់ពន្ធ»

ជាមួយគ្នានេះ លោកបណ្ឌិត បានអំពាវនាវជាថ្មី ដល់ម្ចាស់រថយន្ដដែលគ្មានពន្ធ សូមរួសរាន់ចូលខ្លួនមកបង់ពន្ធ លើរថយន្ដចង្កូតឆ្វេង ឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការលើកលែងពន្ធ១០ភាគរយ។

លោកបន្ថែមថា សកម្មភាពបង្ក្រាបរថយន្ដគ្មានពន្ធ ក្នុងប្រទេសបានផ្អាកមួយរយៈ ដើម្បីទុកពេល និងឱកាសឲ្យម្ចាស់រថយន្ដ រៀបចំរថយន្ដរបស់ខ្លួនមកបង់ពន្ធ ប៉ុន្ដែចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ អគ្គនាយកដ្ឋានគយ នឹងចាប់ផ្ដើមសកម្មភាព បង្រ្កាបរថយន្ដគ្មានពន្ធឡើងវិញ ដូច្នេះនៅពេលបង្រ្កាបបាន មិនត្រឹមតែ មិនទទួលបានការអនុគ្រោះពន្ធនោះទេ តែតម្រូវឲ្យបង់ពន្ធអាករ និងទទួលការផាកពិន័យផងដែរ។

លោកថា អគ្គនាយកដ្ឋានគយ បានទុកពេលឲ្យម្ចាស់រថយន្ដ ទៅបំពេញកតព្វកិច្ចពន្ធនេះ គឺមានរយៈពេល៤ខែមកហើយ ដែលជាពេលវេលាដ៏សមរម្យមួយដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានរំលឹកឡើងវិញ ដល់ម្ចាស់រថយន្ដចង្កូតស្ដាំ គឺមានឱកាស មានពេលវេលា ទទួលបានការអនុគ្រោះពន្ធ១០ភាគរយ យូរជាងរថយន្ដចង្កូតឆ្វេង ដោយសារតែរថយន្ដចង្កូតស្ដាំ ត្រូវការពេលវេលាកែចង្កូត ដូច្នេះអគ្គនាយកដ្ឋានគយបានអនុគ្រោះថា ម្ចាស់រថយន្ដអាចមកតម្កល់ប្រាក់ពន្ធ ចាប់ពីថ្ងៃចាប់ផ្ដើមយុទ្ធនាការ រហូតដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២២។

បន្ទាប់ពីផុតថ្ងៃខែដែលបានកំណត់ រថយន្ដចង្កូតស្ដាំ និងរថយន្ដចង្កូតឆ្វេង ដែលមិនបានបង់ពន្ធ នឹងត្រូវបានបង្ក្រាបយ៉ាងសកម្ម និងតឹងរឹង ពិសេសលើរថយន្ដចង្កូតស្ដាំតែម្ដង ដោយសារតែរថយន្ដចង្កូតស្ដាំ ជារថយន្ដខុសច្បាប់ចរាចរណ៍ផ្លូវគោក របស់ប្រទេសកម្ពុជា ដូច្នេះពេលបង្ក្រាបបានមានជំរើសពីរ គឺបង្វែរទៅជាគ្រឿងបន្លាស់ និង កំទេចចោលតែម្ដង។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» សម្ដេចតេជោ បានថ្លែងអំពាវនាវឲ្យម្ចាស់រថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ សូមរួសរាល់ចូលមកបង់ពន្ធឲ្យបានទាន់ពេលវេលា នៃការអនុគ្រោះពន្ធ១០ភាគរយ ដែលត្រូវបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

សម្តេចបញ្ជាក់ថា អ្នកដែលបង់ពន្ធក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នឹងមិនមានការអនុគ្រោះទេ ខណៈដែលសម្តេចនឹងមិនឲ្យមានបញ្ហាកើតឡើងដដែលជាដដែលនោះទេ ចំពោះអ្នកប្រើប្រាស់រថយន្តគ្មានពន្ធ និងបញ្ហារថយន្តចង្កួតស្តាំបើកបរលើដងផ្លូវ៕