(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលសម្រាប់ថវិកាជាតិបានចំនួន ២០៦៥លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។

បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីប្រតិភូ ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវប្រមូលចំណូលឲ្យបានចំនួន ២ ៣៦៣លានដុល្លារ។ ប៉ុន្តែការប្រមូលចំណូលនេះ អាចមិនសម្រេចតាមផែនការ។

លោករដ្ឋមន្ត្រីរំពឹងថា នៅឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ អាចប្រមូលចំណូលបាន ៩៧ភាគរយនៃផែនការ ដែលស្មើនឹងទឹកប្រាក់ ២ ៣០០លានដុល្លារ។

ជាមួយគ្នានេះ លោក គុណ ញឹម បានអះអាងពីនិន្នាការកើនឡើងវិញនៃចំណូលពន្ធគយ នៅចុងឆ្នាំ២០២១នេះ បន្ទាប់ពីរាជរដ្ឋាភិបាលបើកដំណើរការ សេដ្ឋកិច្ចឡើងវិញ ហើយតម្រូវការនាំចូលទំនិញក៏មានការកើនឡើងផងដែរ។

លោករដ្ឋមន្ត្រីប្រតិភូសង្ឃឹមថា នៅខែធ្នូ ឆ្នាំ២០២១នេះ ចំណូលគយនឹងកើនឡើងខ្ពស់ ដោយសារហេតុផលសំខាន់ៗ៣ គឺទី១៖ ការប្រមូលចំណូលពន្ធ លើរថយន្តជ្រកក្រោមស្លាកលេខផ្សេង រំពឹងចូលមកបង់ពន្ធច្រើន ព្រោះដល់ឱសានវាទនៃការអនុគ្រោះពន្ធ១០ភាគរយ, ទី២ ដោយសារបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ធ្វើឲ្យតម្រូវការទំនិញនឹងមានសន្ទុះកើនឡើង ការនាំចូលក៏កើនឡើងផងដែរ និងទី៣ ក្នុងឱកាសចុងឆ្នាំ ពាណិជ្ជករតែងតែមានតម្រូវការនាំចូលច្រើន តាមរយៈកម្មវិធីក្រុមហ៊ុនលក់លាងឃ្លាំង ដែលធ្វើឲ្យទំនិញមានតម្លៃថោក ជាឱកាសរបស់ពាណិជ្ជកម្មខ្មែរ ប្រមូលទិញ និងនាំចូលមកកម្ពុជា។

សូមជម្រាបថា ពន្ធជាប្រភពចំណូលសំខាន់របស់ជាតិ ដែលមាន២ប្រភព គឺទី១៖ ចំណូលពន្ធផ្ទៃក្នុង ជាចំណូលពន្ធដារ និងទី២៖ ចំណូលពន្ធគយ។ នៅរយៈពេល១១ ខែឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបាន ២ ៥៦០.១២លានដុល្លារ កើនលើសផែនការ១៤ភាគរយ។ ដូច្នេះសរុបចំណូលទាំងពន្ធគយ និងពន្ធដារ កម្ពុជាទទួលបានចំណូលពន្ធ ៤ ៦២៥លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានថ្លែងថា បន្ទាប់ពីបើកប្រទេសឡើងវិញ ប្រាក់ចំណូលដែលធ្លាក់ចុះ ពេលនេះបានងើបឡើងវិញហើយ ទោះបីជាវាមិនទាន់ងើប ស្មើជាមួយនឹងមុនសម័យកូវីដ-១៩ ក៏ដោយក្ដី។

សម្តេចបានលើកឡើងថា មុនសម័យកូវីដ កម្ពុជារកចំណូលក្នុងមួយខែបានក្នុងរង្វង់៥០០ ទៅ៧០០លានដុល្លារ បន្ទាប់ពីកូវីដ-១៩មកដល់ បានធ្លាក់ចុះមកនៅលើ៤០០លានដុល្លារ ហើយបន្ដធ្លាក់ចុះ មកនៅក្រោយ៤០០លានដុល្លារ តែក្នុងពេលបច្ចុប្បន្ននេះ បានងើបឡើងវិញ៕