(បាត់ដំបង)៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ដល់ម្ចាស់កម្មសិទ្ធិ ចំនួន២៨០គ្រួសារ ស្មើនឹង៣៤៩ក្បាល ស្មើជាង១,០០០ហិចតា។

លោក សុខ លូ បានលើកឡើងថា ដោយសារតែការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចក្នុងការប្រគល់ដីជូនប្រជាពលរដ្ឋ ឲ្យជាម្ចាស់កម្មសិទ្ធិពេញលេញ បន្ទាប់ពីធ្វើការវាស់វែង និងចុះបញ្ជីដីធ្លី ដូចជាការកំណត់ព្រំដី ការងារវាស់វែង យ៉ាងមានសុក្រឹតភាពទៅតាមនីតិវិធីនៃច្បាប់។

លោកក៏បានបន្តទៀតថា ចំពោះសន្លឹកវិញ្ញាណបនបត្រនេះ មិនអាចមានការក្លែងបន្លំបានឡើយ ព្រោះនៅលើសន្លឹកប័ណ្ណមានភ្ជាប់ជាមួយនឹង QR Code ដែលគ្រាន់តែស្កេនភ្លាមចេញទិន្នន័យច្បាស់មកទាំងអស់ ទោះបីជាព្យាយាមបំផ្លាញសន្លឹកប័ណ្ណបំបាត់ភស្ដុតាងក៏ដោយ ក៏ទិន្នន័យមាននៅក្នុងប្រព័ន្ធកុំព្យូទ័រទាំងអស់។

លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិហើយ ហើយនៅតែបន្តឈូសឆាយ រំលោភបំពានដល់ដីព្រៃ ដែលជាសម្បត្តិរបស់រដ្ឋ ឬដីដែលជាសម្បត្តិរបស់រដ្ឋ រដ្ឋបាលខេត្តនឹងធ្វើការចាត់វិធានការទៅផ្លូវ
ច្បាប់ រកឲ្យឃើញមេខ្លោង ដោយមិនមានការលើកឡើយ ព្រមទាំងណែនាំដល់រដ្ឋបាលស្រុក រក្សាភ្នំធម្មជាតិឲ្យបានដើម្បីទុកដល់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ជាគោលដៅទេសចរណ៍នាពេលអនាគត។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានកម្មសិទ្ធិដីធ្លីនៅថ្ងៃនេះ សូមមេត្តាកុំយកដីទៅលក់ ដើម្បីអាចប្រើប្រាស់ដីនេះក្នុងការដាំដុះដំណាំផ្សេងៗ ដើម្បីចិញ្ចឹមជីវិត និងផ្គត់ផ្គង់ក្នុងគ្រួសារ ព្រមទាំងអាចទុកបន្តដល់កូនចៅជំនាន់ក្រោយៗផងដែរ៕