(ភ្នំពេញ)៖ គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូជួបប្រជុំទ្វេភាគីលើកទី៣ ជាមួយគណៈប្រតិភូអន្តរស្ថាប័នជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ី ដែលដឹកនាំដោយ លោក Nikolai Patrashev លេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរលើវិស័យសន្តិសុខ វិស័យយោធា និងបច្ចេកទេសយោធា ព្រមទាំងវិស័យយុត្តិធម៌។

កិច្ចប្រជុំទ្វេភាគី បានធ្វើឡើងក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូអន្តរស្ថាប័នជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ី មកកាន់ព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២១។

ក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូអន្តរស្ថាប័នជាន់ខ្ពស់ នៃសហព័ន្ធរុស្ស៊ី បានជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបំពាក់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ដែលជាគ្រឿងឥស្សរិយយសរបស់រដ្ឋ ជូនចំពោះសម្តេចនៅវិមានសន្តិភាព។

ជាមួយគ្នានេះ លោក Nikolai Patrashev នឹងមានជំនួបពិភាក្សាការងារដោយឡែក ជាមួយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកផងដែរ។

គោលបំណងនៃទស្សនកិច្ច គឺដើម្បីពង្រឹងទំនាក់ទំនងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងជាពិសេសរវាងស្ថាប័ន និងស្ថាប័ននៃប្រទេសទាំងពីរ លើវិស័យយោធា និងបច្ចេកទេសយោធា វិស័យយុត្តិធម៌របស់ប្រទេសទាំងពីរ ព្រមទាំងកិច្ចទំនាក់ទំនង និងកិច្ចការពារសន្តិសុខព័ត៌មានអន្តរជាតិ។

នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំគណៈប្រតិភូប្រទេសទាំងពីរ បានចែករំលែកផ្លាស់ប្តូរព័ត៌មានគ្នាទៅលើការវិវឌ្ឍន៍ថ្មីៗនៃសភាពការណ៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបញ្ហាមួយចំនួនដែលបានគំរាមកំហែងទៅដល់សន្តិសុខក្នុងតំបន់ និងពិភពលោក។

ភាគីទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម ការប្រយុទ្ធប្រឆាំងការរត់ពន្ធគ្រឿងញៀនខុសច្បាប់ ក្រុមឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆាំងបដិវត្តន៍ពណ៌ កិច្ចសហប្រតិបត្តិការក្នុងការៈនប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម ដែលចាំបាច់ត្រូវរួមគ្នា និងសហការក្នុងការទប់ស្កាត់ និង
ឆ្លើយតបបានទាន់ពេលវេលា ដើម្បីធានាដល់ស្ថិរភាព សន្តិភាពក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នាផងដែរ ភាគីកម្ពុជា ក៏បានចែករំលែកបទពិសោធន៍របស់កម្ពុជាលើចលនាបង្កើតបដិវត្តន៍ពណ៌ និងវិធានការទប់ស្កាត់ការបដិវត្តន៍ពណ៌ ដែលកន្លងមកត្រូវបានរៀបចំក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ជាទីបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពការងារដែលសម្រេចបានតាមរយៈកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងស្ថាប័នទាំងពីរ បានជំរុញលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងពីរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងប្តេជ្ញាសម្របសម្រួលវិធានការចាំបាច់នានាដើម្បីសម្រេចតាមទស្សនវិស័យទៅថ្ងៃខាងមុខ៕