(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្មីៗនេះ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះ ការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានបញ្ជាទៅឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឱ្យដឹកនាំកិច្ចប្រជុំក្រសួងស្ថាប័នពាក់ព័ន្ធនេះ ដើម្បីបែងចែកភារកិច្ច ក្នុងការចុះពិនិត្យ បង្ក្រាប និងរឹបអូសដីដែលបានកាប់ទន្ទាននោះមកវិញ។

ក្រោយមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន, លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរថ្នាក់ក្រោមជាតិនៃខេត្តជុំវិញបឹងទន្លេចុះពិនិត្យភ្លាមៗ ពីស្ថានភាពដែនដីព្រៃលិចទឹក ដែលរងការកាប់ទន្ទ្រានពីសំណាក់ប្រជាពលរដ្ឋ និងក្រុមឈ្មួញមួយចំនួន រហូតទទួលបានលទ្ធផល ដោយអ្នកដែលបានកាន់កាប់ខុសច្បាប់ទាំងនោះ បានប្រគល់ដីជូនរដ្ឋវិញជាបន្តបន្ទាប់ផងដែរ។

ទន្ទឹមគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានចេញសេចក្តីសម្រេចបែងចែកភារកិច្ចជូនក្រសួងស្ថានប័ន និងអាជ្ញាធរជុំវិញបឹងទន្លេសាប ដើម្បីធ្វើការទប់ស្កាត់ និងបង្ក្រាបការកាប់ទន្ទ្រានដីព្រៃលិចផងដែរ។ នៅក្នុងសេចក្តីសម្រេចនោះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានប្រគល់ភារកិច្ចជូនក្រសួងធនធានទឹក និងឧតុនិយម ទទួលដាំបង្គោលព្រំដែនព្រៃលិចទឹកដែលខ្វះ និងដែលបានដួលរំលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋ នូវដីព្រៃលិចតំបន់ទន្លេសាប។

ក្រោយទទួលភារកិច្ចនេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងជាប្រធានអាជ្ញាធរទន្លេសាប បានចាត់ចែងក្រុមការងារភ្លាមៗតាមមុខព្រួញចុះអនុវត្តការងារនេះរហូតទទួលបានលទ្ធផលល្អប្រសើរ ដោយបានចុះពិនិត្យបង្គោលជិត៦០០ដើម និងបានដាំឡើងវិញជាច្រើនដើមផងដែរ។

យោងរបាយការណ៍របស់ក្រសួងធនធានទឹក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃ លិចទឹកនៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ, អាជ្ញាធរទន្លេសាប រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង៦ ជុំវិញបឹងទន្លេសាប សហការជាមួយអាជ្ញាធរមូលដ្ឋាន បានអនុវត្តការងារចុះពិនិត្យទីតាំងបង្គោលដែលដាំរួចរាល់ (តាមរយៈអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១១ របស់រាជរដ្ឋាភិបាល) ការងារតម្រង់បង្គោលឡើងវិញ ការងារដាំបង្គោលថ្មីដែលបានបាត់ និងការលើកប៉ាណូ ផែនទីកំណត់តំបន់៣។

របាយការណ៍បានបញ្ជាក់ថា ការងារបានអនុវត្តចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ មកដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចដូចខាងក្រោម៖

*ទី១៖ បានចុះពិនិត្យទីតាំងបង្គោលបានចំនួន ៥៨៣ដើម លើ ៨០២ដើម (យោងអនុក្រឹត្យលេខ១៩៧) ស្មើនឹង៦៧,១%។
*ទី២៖ ក្នុងចំណោមបង្គោលដែលបានចុះពិនិត្យចំនួន ៥១៧ដើម ក្រុមការងារបានលាបថ្នាំលើក្បាលបង្គោល លើកតម្រង់បង្គោល និងដាំបង្គោលថ្មីដូចខាងក្រោម៖

*បង្គោលនៅឈរត្រង់ល្អចំនួន ១៩៧ដើម
*បង្គោលលើកតម្រង់ចំនួន ១៥៤ដើម
*បង្គោលធ្វើថ្មីចំនួន ៣១ដើម
*រីឯបង្គោលចំនួន ១៥៦ទៀត ស្ថិតនៅក្នុងទឹកនៅឡើយ ក្រុមការងារនឹងរៀបចំនៅពេលទឹកស្រកខាងមុខ។

*ទី៣៖ ការងារលើប៉ាណូផែនទីកំណត់តំបន់៣ សម្រេចបានចំនួន ០៥កន្លែង លើផែនការចំនួន ៥២កន្លែង៕