(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា បានាត់ទុកថា ការប្រគល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ពីរដ្ឋាភិបាល នៃសហព័ន្ធរុស្សី ជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាសក្ខីភាពដ៏ប្រត្យក្សបង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ចំពោះការរួមចំណែក និងដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា និងរុស្សី កាន់តែស្អិតរមួត និងរឹងមាំបានយូរអង្វែង ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងថា ការទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតដែលសម្តេចតេជោ ហ៊ុន សែន លោកស្រីសូមសម្តែងនូវអំណរសាទរប្រកបដោយក្តីរំភើបជាទីបំផុតគោរពជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលនេះមិនត្រឹមតែជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តម សម្រាប់សម្ដេចផ្ទាល់ប៉ុណ្ណោះទេ តែក៏ជាមោទកភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូលផងដែរ។

លោកស្រីកិត្តិសង្គហបណ្ឌិត សូមគោរពជូនពរ សម្តេចតេជោ មានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ពលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗ ធំធេងថែមទៀតក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងវឌ្ឍនភាពលើគ្រប់វិស័យជារៀងដរាប។

សូមជម្រាបថា គ្រឿងឥស្សរិយយសនេះ ត្រូវបានលោក NIKOLAI PATRUSHEV លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៉ី នាំមកជូនសម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។

គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋ នៃសហព័ន្ធរុស្ស៉ី ដែលត្រូវបានបង្កើតឡើងដោយ លោក Boris Yeltsin អតីតប្រធានាធិបតីរុស្ស៉ី តាមរយៈក្រឹត្យលេខ ៤៤២ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ១៩៩៤ ដើម្បីផ្តល់ឱ្យជនជាតិរុស្ស៉ី ឬជនជាតិដទៃទៀត ដែលខិតខំលើកស្ទួយ ចំណងមិត្តភាព ជាមួយប្រជាជន និងប្រទេសរុស្ស៉ី៕