(ភ្នំពេញ)៖ មន្ត្រីនគរបាលម្នាក់ឈ្មោះ គ្រី រ៉ាឌី អាយុ៣៧ឆ្នាំ រស់នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញលិខិតកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីរងទទួលពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ឈៀង សំរ៉ុង ករណី «ឆបោករឿងរត់ការឲ្យចូលបម្រើរការងារជាកងកម្លាំងមន្ត្រីនគរបាលជាតិ»

នេះបើតាមលិខិតកោះហៅរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។

ជនរងគ្រោះឈ្មោះ ឈៀង សំរុង អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្អាត់យំ ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ បានឲ្យដឹងថា គាត់បានដាក់ពាក្យបណ្តឹងទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយចោទប្រកាន់ឈ្មោះ គ្រី រ៉ាឌី មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១២២អា ផ្លូវលេខ១១បុរីពិភពថ្មីព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់»

ជនរងគ្រោះបានបញ្ជាក់ថា ឈ្មោះ គ្រី រ៉ាឌី បានទទួលប្រាក់ពីខ្លួន ដើម្បីយកទៅរត់ការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌកងកម្លាំងនគរបាលជាតិ ប៉ុន្តែបន្ទាប់ពីទទួលបានប្រាក់ពីជនរងគ្រោះហើយ បុគ្គលរូបនេះមិនបានរត់ការឱ្យខ្លួន បានចូលដូចការធានាអះអាងនោះទេ។

ទង្វើនេះបានធ្វើឱ្យខ្លួនបាត់បង់ទំនុកចិត្ត និងព្យាយាមសុំទារប្រាក់ត្រឡប់មកវិញក្រៅប្រព័ន្ធផ្លូវច្បាប់ជាច្រើនលើកតែមិនមានប្រសិទ្ធភាពដោយបុគ្គល គ្រី រ៉ាឌី នេះបានចេញមូលប្បទានប័ត្រ (សែកស្អុយ) ចំនួន២លើកមិនមាន សាច់ប្រាក់ និងព្យាយាមភូតកុហកដោះសារគ្រប់រូបភាពដោយមិនព្រមសងប្រាក់តាមការសន្យានោះឡើយ។ ដោយសារកាចាញ់បោកនេះ ទើបលោកសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យជួយរកយុត្តិធម៌ពាក់ព័ន្ធនិងការឆបោករបស់បុគ្គលរូបនេះ។

យ៉ាងណាក៏ដោយនៅថ្ងៃនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបកស្រាយពីបុគ្គលឈ្មោះ គ្រី រ៉ាឌី បាននោះទេ៕