(សៀមរាប)៖ ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកស្រី សួរ សុខគីម បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីសម្ពោធ និងឆ្លងបុណ្យសាលាធម្មសភា កុដិព្រះអធិការ និងសាលាធម្មវិន័យ នៅវត្តចន្ទសាយសត្ថារាម ហៅ វត្តសសៃពង ស្ថិតក្នុងភូមិសសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប។

តាមការបញ្ជាក់ឲ្យដឹងតាមរបាយការណ៍ស្វាគមន៍ របស់ឧបាសក ស៊ុន សម្បត្តិ ជាម្ចាស់ដើមទាន ចូលរួមកសាងសាលាកុដព្រះចៅអធិការ សាលាធម្មវិន័យ និងសាលាធម្មសភា នៅវត្តសសៃពង បានឲ្យដឹងថា ចំពោះការចំណាយការកសាងនៅវត្តនេះ គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ គឺអស់ទឹកប្រាក់សរុបចំនួន ២២៥,២៥៣ដុល្លារអាមេរិក ហើយទឹកប្រាក់នេះ គឺទទួលបានតាមរយៈការធ្វើបុណ្យកឋិនសាមគ្គី និងការចូលបុណ្យផ្សេងៗពីសាច់ញាតិ និង មិត្តភក្ត្រជិតឆ្ងាយ និងពុទ្ធបរិសុទ្ធចំណុះជើងវត្ត។

ជាមួយគ្នានេះ លោក កៅ ថាច មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានអញ្ជើញចូលរួមសម្ពោធ និងឆ្លងសមទ្ធិផលនានា នៅក្នុងវត្តសសៃពង ដែលជាទឹកដី នៃភូមិកំណើតរបស់លោកផ្ទាល់។

លោកក៏បានធ្វើការរំលឹកអំពីស្ថានភាព នៃអតីតកាលនៃទីអារាមនេះ ដែលជាទីវាលរហោនឋាន និងមិនមានសំណង់រឹងណាមួយ ក្រៅពីកុដឈឺដែលពុកបាក់ ដែលបានបន្សល់ទុកពីសំណល់សង្គ្រាម ជាពិសេសក្នុងរបប៣ ឆ្នាំ៨ខែ ២០ថ្ងៃ ដែលទីវត្តនេះ ត្រូវបានបំផ្លាញ់គ្មានសល់។ ប៉ុន្តែថ្ងៃនេះ ទីវត្តអារាមនេះ ត្រូវបានកែប្រែមុខមាត់ថ្មី តាមរយៈសមិទ្ធិផលនានាដែលបានកសាងរួចមានព្រះវិហារ សាលាធម្មវិន័យ សាលាធម្មសភា ជាដើម ដែលកើតចេញពីស្មារតីសាមគ្គីភាព និងកើតចេញពីសទ្ធាជ្រះថ្លារបស់បងប្អូន ពូ មីង យាយតា ចំនុះជើងវត្តរបស់យើង សម្រាប់ដាក់អោយប្រើប្រាស់ជាប្រយោជន៍ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។

បន្ថែមលើនេះ លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសមិទ្ធផលទាំងនេះ ឲ្យបានគង់វង្ស និងតំកល់ ជាឧត្តមប្រយោជន៍ក្នុងវិស័យ ព្រះពុទ្ធសាសនាតរៀងទៅ។ ជាមួយគ្នានេះ លោកផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខភាព និងអនុវត្តវិធានការបីកុំ និងបីការពារ ទាំងអស់គ្នា និងកុំឲ្យឆ្លងជំងឺកូវីដ១៩។

លោក កៅ ថាច និងលោកស្រី បានធ្វើការឧបត្ថម្ភជូនលោកយាយ លោកតា ចំនួន៤០នាក់ ក្នុងម្នាក់ៗ ទទួលបានអង្ករចំនួន២៥គីឡូក្រាម អាវរងារចំនួន១ ក្រណាត់ខ្មៅ ១ដុំ ក្រណាត់ស ១ដុំ ថង់យាមចំនួន១ ប៊ីចេង១កញ្ចប់ និងថវិកាចំនួន ២ម៉ឺនរៀល។ ដោយឡែកបងប្អូនប្រជាពលរដ្ឋចំនួន ៤០០ នាក់ក្នុងម្នាក់ៗទទួលបានអង្ករចំនួន ២៥គីឡូ អាវរងាមួយ សារុង១ និងថវិកាចំនួន ១ម៉ឺនរៀល៕