(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ មានរៀបចំពិធីចុះហត្ថលេខាលើ អនុស្សារណៈយោគយល់ ស្តីពីការ អនុវត្តគម្រោងគាំទ្រការកែទម្រង់ថវិកា និងគណនេយ្យ ដំណាក់កាលទី២ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ និងទីភ្នាក់ងារអន្តរជាតិបារាំង សម្រាប់ការប្រឹក្សាបច្ចេកទេស ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក វង្សី វិស្សុត បានលើកឡើងថា ការអនុវត្តគម្រោង ជំនួយបច្ចេកទេសដំណាក់កាលទី១ សម្រេចបាននូវលទ្ធផល ជាផ្លែផ្កាជាច្រើន ហើយការអនុវត្តគម្រោងគាំទ្រ ការកែទម្រង់ថវិកា និងគណនេយ្យ ដំណាក់កាលទី២នេះ នឹងផ្តោតលើការពង្រឹងការ អនុវត្តប្រព័ន្ធថវិកា សមិទ្ធកម្ម ទាំងការរៀបចំថវិកា ទាំងការអនុវត្ត ចំណាយថវិកា និងការតាមដានត្រួតពិនិត្យការអនុវត្តថវិកា ការពង្រឹងប្រព័ន្ធ គណនេយ្យ ព្រមទាំងការរៀបចំលិខិតបទដ្ឋាន គតិយុត្ត សម្រាប់ប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច តាមរយៈការកសាង សមត្ថភាពមន្រ្តី ដែលនឹងចូលរួមចំណែក ក្នុងការកសាង ប្រព័ន្ធថវិកាកម្ពុជា ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព តាមរយៈការផ្លាស់ប្ដូរ បទពិសោធន៍ នៃការងារកែទម្រង់ប្រព័ន្ធថវិកា របស់ប្រទេសបារាំងដែលធ្លាប់បានឆ្លងកាត់។

លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ក្នុងការរៀបចំយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥, កម្ពុជាបានធ្វើទស្សនកិច្ចសិក្សា និងដកស្រងបទពិសោធពីបណ្តាល ប្រទេសជាច្រើន ពិសេសការងារកែទម្រង់ប្រព័ន្ធថវិការបស់បារាំងតែម្តង ដែលមានប្រព័ន្ធ និងលំនាំប្រហាក់ប្រហែល នឹងកម្ពុជា ដើម្បីឈានទៅអនុវត្តប្រព័ន្ធថវិកាសមិទ្ធកម្ម ឱ្យស្របតាមឧត្តមានុវត្តន៍អន្តរជាតិ និង ស្របតាមតថភាពជាក់ស្តែងរបស់កម្ពុជា។

លោកបានបន្តថា កន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្កើតគណៈកម្មាធិការ ដឹកនាំការធ្វើវិសោធនកម្មច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលមានរូបឯកឧត្តមផ្ទាល់ជាប្រធាន ដោយមានក្រុមការងារបច្ចេកទេសចំនួន៤ ធ្វើជាសេនាធិការ ដើម្បីរៀបចំការធ្វើវិសោធនកម្មច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

លោកបានគូសបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងការរៀបចំនូវបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យស្របតាមប្រព័ន្ធថវិកាថ្មី គឺជាកិច្ចការមួយដ៏លំបាក និងមានទំហំធំ ហើយគ្របដណ្តប់លើទិដ្ឋភាព ជាច្រើនពាក់ព័ន្ធ នឹងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈទាំងមូល ដែលទាមទារនូវការសិក្សា និងការគិតគូរគ្រប់ជ្រុង ជ្រោយ ដោយមិនអាចចម្លងនូវ ឧត្តមានុវត្តជាអន្តរជាតិ ឬរបស់ប្រទេសណាមួយ ដោយគ្មាន ការថ្លឹងថ្លែង ជាមួយនឹងបរិការណ៍ ជាក់ស្តែងរបស់កម្ពុជាបានឡើយ។ ក៏ប៉ុន្តែយើងមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីរៀបចំកិច្ចការ ដ៏មានសារៈសំខាន់ខាងលើនេះ ឱ្យសម្រេចបានជោគជ័យ ដើម្បីអាចឈានទៅរៀបចំ បាននូវប្រព័ន្ធថវិកាថ្មីមួយ ដែលមានលក្ខណៈគ្រប់ជ្រោយ និងអាចយក មកអនុវត្តបាន នៅក្នុងរយៈពេលវែង ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគណនេយ្យភាព នៅក្នុងការគ្រប់គ្រង ការគៀរគរ និងការប្រើប្រាស់ នូវធនធានរបស់ជាតិ និងក្លាយជាឧបករណ៍ សម្រាប់បម្រើឱ្យការអភិវឌ្ឍកម្ពុជា និងការធានា បាននូវសមធម៌សង្គម។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, លោក វង្សី វិស្សុត បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង ដែលតែងផ្តល់នូវការគាំទ្រ ជាប្រចាំទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជា ក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីគាំទ្រដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ហើយភាពជាដៃគូនេះ បាននិងកំពុងពង្រឹងនូវចំណងមិត្តភាព រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើង មួយកម្រិតថែមទៀតផងដែរ៕