(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និង អង្គការមូលនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (IFAD) គ្រោងដំណើរការគម្រោងថ្មី មួយឈ្មោះថា «Accelerating Inclusive Markets for Smallholders (AIMS)» ដោយប្រើថវិកាប្រមាណ ៣៦លានដុល្លារអាមេរិក ដើម្បីធានាបាននិរន្តរភាពក្នុងការប្រកួតប្រជែង និង ស្វ័យគាំទ្រលើផលិតផលរបស់ខ្មែរ។
យោងតាមទំព័រ Facebook របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា គម្រោង AIMS គ្រោងនឹងអនុវត្តឲ្យមានប្រសិទ្ធភាពនៅក្នុងឆ្នាំ ២០១៧។ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោកស្រី Hoonae Kim នាយកគ្រប់គ្រងតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការ IFAD ក៏បានជួបពិភាក្សាគ្នាលំអិតទៅលើគម្រោងនេះផងដែរ។
បើតាមក្រសួងពាណិជ្ជកម្ម គម្រោងនេះ មានទិសដៅចំនួនពីររួមមាន៖ ១. ផ្ដល់ថវិកាបដិភាគទៅឲ្យអាជីវករខ្នាតតូច ដែលមាននៅក្នុង កន្សោមអាទិភាព ដើម្បីពង្រឹងផលិតកម្ម និងជ្រៀតចូលទីផ្សារ, ២. សហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដើម្បីផ្ដល់ កញ្ចប់ហិរញ្ញប្បទានដែលអាចទទួលយកបានទៅអាជីវករដទៃទៀត ដើម្បីធានាបានការប្រកួតប្រជែង និងស្វ័យគាំទ្រ។
គម្រោង AIMS នឹងអនុវត្តន៍ដោយអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ដោយមាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិជាអ្នកគាំ ទ្រផ្នែកគ្រប់គ្រងគម្រោង។
លោក ប៉ាន សូរស័ក្ដិ បានសម្ដែងការស្វាគមន៍ និង មានសេចក្ដីសោមនស្សរីករាយ ចំពោះប្រតិភូ IFAD ដែលបានចូលរួមសហការជា លើកដំបូងជាមួយ ក្រសួងពាណិជ្ជកម្ម នៅក្នុងវិស័យពាណិជ្ជកម្ម។ លោកមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរបស់ IFAD នៅ ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា ជាឱកាសដ៏ល្អមួយសម្រាប់ធ្វើការជំរុញវិស័យពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ឈានទៅរក ការអភិវឌ្ឍមួយកម្រិតទៀត៕