(កំពង់ឆ្នាំង)៖ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ របស់សមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) ជូនគ្រួសារជនពលី និងវត្តជន ដែលជាសមាជិក ស.អ.ក ចំនួន៣គ្រួសារ នៅស្រុកទឹកផុស។

ថវិកាសង្គ្រោះមរណៈ ត្រូវបាននាំដោយលោកវរសេនីយ៍ឯក ប៉ាត ឈាន តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា ប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង និងលោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិ អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង។

គ្រួសារ និងគ្រួសារនិវត្តន៍ជន ៣គ្រួសារ នៅស្រុកទឹកផុស ដែលទទួលបានថវិកាសង្គ្រោះមរណៈ រួមមាន៖

* សមាជិកស.អ.កទី១៖ ឈ្មោះ ស៉ឹម សាម ត្រូវជាម្ដាយជនពលី ឈ្មោះ គឹម សែ ទទួលមរណភាពកាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានទីលំនៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ អ្នកទទួលបណ្ដាំឈ្មោះ គឹម ស៊ន ត្រូវជាកូនស្រី។
* សមាជិកស.អ.ក ទី២៖ ឈ្មោះ ចក់ ខឹប ត្រូវជាម្ដាយជនពលីឈ្មោះ ប៉ែន ទ្រី បានទទួលមរណភាពនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានទីលំនៅក្នុងភូមិក្រាំងម៉ ឃុំតាំងក្រសាំងអ្នកទទួលបណ្ដាំឈ្មោះ ប៉ែន ណេត ត្រូវជាកូនស្រី។
* សមាជិក ស.អ.ក ទី៣៖ ឈ្មោះ អ៊ុ សុវណ្ណ (និវត្តជន)ទទួលមរណភាពនៅថ្ងទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង អ្នកទទួលបណ្ដាំឈ្មោះ អ៊ុ សុផានិត (កូនប្រុសបង្កើត)។

លោក ចក់ កែវចំរើន បានបញ្ជាក់ប្រាប់ឲ្យដឹងថា ប្រាក់បេឡាមរណៈសង្គ្រោះ របស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលបាននាំយកទៅជូនគ្រួ សារជនពលី និងនិវត្តជន ខាងលើនេះ គឺក្នុងមួយគ្រួសារទទួលបាន ៤លានរៀល ដែលបានប្រគល់ជូនក្រុមគ្រួសារអ្នកដែលមានឈ្មោះតាមបណ្ដាំរបស់សព មុនពេលទទួលមរណភាព។

ប្រាក់នេះផងដែរ គឺបានមកពីការកាត់ប្រាក់ខែរបស់ពួកគាត់ ក្នុងមួយខែ ៧,០០០រៀល តែពួកគាត់ត្រូវបង់តែ ៣,៥០០រៀលប៉ុណ្ណោះ ចំណែក ៣,៥០០រៀលទៀត គឺសម្ដេចតេជោ ហ៊ុន សែន ទទួលបង់ជំនួសពួកគាត់។ បន្ទាប់ពីទទួលមរណភាព ក្រុមគ្រួសាររបស់ពួកគាត់អាចបន្តបើកប្រាក់ខែរយៈពេល ៣ខែបន្ថែមទៀតផងដែរ។

នៅក្នុងឱកាសនោះដែរ លោក ចក់ កែវចំរើន ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោក ស៊ុន សុវណ្ណរិទ្ធ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង។ ពិសេសបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរ សុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា មកដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក សម្តេចក៏បានជួយផ្ទះ ៥០ខ្នង បន្ថែមពីលើរដ្ឋបាលខេត្តកំពង់ឆ្នាំងដែលមាន ១០០ខ្នង ជូនដល់គ្រួសារអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង។

ខណៈនោះដែរ សមាជិកនៃក្រុមគ្រួសារអតីតយុទ្ធជនទាំង៣ គ្រួសារខាងលើនេះ បានលើកដៃសំពះថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេរ តែងគិតគូអំពីសុខទុក្ខដល់ប្រជាពលរដ្ឋ ពិសេសគឺគ្រួសារអតីតយុទ្ធជន តាំងពីដើមរហូតមក។

ពួកគាត់ក៏បានលើកដៃប្រសិទ្ធិពរជ័យដល់សម្ដេចទាំងទ្វេ ព្រមទាំងបុត្រាបុត្រីឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ការងារ ដោយពួក គាត់បានសន្យាថា និងបោះឆ្នោតជូនសម្ដេច ដើម្បីបន្តដឹកនាំប្រទេសជាបន្តទៀត និងគាំទ្រនូវគំនិតផ្ដួចផ្ដើមរបស់សម្ដេចយ៉ាងពេញទំហ៉ឹង៕