(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋាន កុំតម្លើងថ្លៃឲ្យសោះ នៅថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១នេះ។ លោកស្រីថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំពិភាក្សាការងារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

ក្នុងនោះ លោកស្រីបានរៀបចំផែនការការពារសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់ ជូនបេក្ខជនជាពិសេស ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩។ លោកស្រីបានឲ្យមន្ទីរសុខាភិបាលរៀបចំក្រុមគ្រូពេទ្យសម្រាប់វាស់កម្តៅ បាញ់អាល់កុល សម្លាប់មេរោគ និងរៀបចំឲ្យមានបន្ទប់ត្រៀមបម្រុង សម្រាប់បេក្ខជនមានបញ្ហាសុខភាពជាដើម។ លោកស្រី បាន ស្រីមុំ បានប្តេជ្ញាចិត្តរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ នឹងធ្វើឲ្យបានល្អប្រសើជាងឆ្នាំមុនៗទៀត សម្រាប់ខេត្តប៉ៃលិន។

លោកស្រីបានបន្ថែមទៀតថា «ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកនេះ សូមមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់កងកម្លាំងការពារសន្តិសុខសហការគ្នា ធ្វើយ៉ាងណាឲ្យការប្រឡងនៅថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២១នេះ ប្រព្រឹត្តទៅដោយបរិយាកាសល្អប្រសើរទទួលបានលទ្ធផលជោគជ័យ»

ក្នុងឱកាសដែរ លោកស្រី បានស្រី មុំ បានបង្ហាញពីការកង្វល់ចំពោះបញ្ហាស្នាក់នៅ របស់បេក្ខជនក្រីក្រ ដែលមិនមានលទ្ធភាពជួលផ្ទះសម្រាប់ស្នាក់នៅ។ លោកស្រី ក៏បានរៀបចំឲ្យមានកន្លែងផ្ញើរកង់-ម៉ូតូ ដោយមិនបាច់បង់ថ្លៃជូនបេក្ខជនប្រឡង ហើយលោកស្រីអំពាវនាវឲ្យនៅតាមសណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន កុំឲ្យតម្លើងថ្លៃនៅថ្ងៃប្រឡង ដើម្បីសម្រួលដល់ជីវភាពបេក្ខជនមួយកម្រិត។

លោកស្រីអភិបាលខេត្ត បានចាត់ឲ្យក្រុង-ស្រុក ដែលមានមណ្ឌលប្រឡងធ្វើការអំពាវនាវដល់អ្នកប្រកបអាជីវកម្មថតចម្លង ផ្អាកការថតចម្លងរយៈពេល៣ថ្ងៃ គឺថ្ងៃ២៥, ២៦ និង២៧ ខែធ្នូឆ្នាំ២០២១។

យោងតាមរបាយការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិន បានឲ្យដឹងថា មណ្ឌលប្រឡងសរុបចំនួនមាន០២មណ្ឌល មានបេក្ខជនប្រឡង៥០៥នាក់ ក្នុងនោះសិស្សស្រី២១៧នាក់ ដោយមានថ្នាក់វិទ្យាសាស្ត្រ០១មណ្ឌល សិស្សថ្នាក់វិទ្យាសាស្ត្រសង្គម០១មណ្ឌល ដែលមានទីតាំងស្ថិតនៅវិទ្យាល័យហ៊ុនសែន ក្រុងទេពនិម្មិត ក្នុងក្រុងប៉ៃលិន៕