(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានទទួល ជែលលាងដៃចំនួន៦៧៣កេស ស្មើនឹង១,០៧៦៨ដប ជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ អំណោយនេះ ប្រគល់តាមរយៈលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទីមួយ កាកបាទក្រហមកម្ពុជា ដែលផ្តល់ជូនសាខាកាកកាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ។

ពិធីប្រគល់-ទទួល ជែលលាងដៃនេះ ធ្វើឡើងនារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅស្នាក់ការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ក៏នឹងត្រូវបានចែកជូនដល់រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពទូទាំងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងអនុសាខាកាកបាទក្រហមទាំង ០៧ក្រុង-ស្រុក។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរចំពោះជួរគណៈអភិបាល កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៃខេត្តត្បូងឃ្មុំ ក៏ដូចជាគណៈកិត្តិយស គណៈកម្មាធិការ មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់នៃសាខាកាកបាទក្រហមកម្ពុជាខេត្ត ជាពិសេសក្រុមគ្រូពេទ្យជួរមុខ ទាំងអស់ ដែលបានលះបង់យ៉ាងធំធេង ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ។

លោកស្រី បន្តថាស្របពេលដែលកាកបាទក្រហមកម្ពុជា ទទួលបានការឧបត្ថម្ភជាជែលលាងដៃពីក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ជំហានទី១ ចំនួន ១៦,២០០កេស (ស្មើនឹង២៥៩,២០០ដប។ ភ្លាមៗនោះផងដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ចែងឱ្យមន្ត្រីទីស្នាក់ការកណ្តាល ចុះប្រគល់ជែលទាំងអស់ជូនដល់សាខាកាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យបង្អែក នៅទូទាំង២៥ រាជធានី-ខេត្ត ដែលជាប្រតិបត្តិករជួរមុខប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសដើម្បីលើកកម្ពស់ការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក នៅទូទាំងប្រទេស ក្នុងការព្យាបាលជំងឺជូនប្រជាពលដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន។

ទន្ទឹមនឹងនោះ លោកស្រីសង្ឃឹមជឿជាក់ថា ខ្លឹមសារនៃយុទ្ធសាស្ត្រស្តីពី «ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩» នឹងជ្រួតជ្រាបកាន់តែច្បាស់ដល់ប្រជាពលរដ្ឋយើង ដើម្បីធានាបាននូវស្ថិរភាពនៃការបើកដំណើរការប្រទេសឡើងវិញ និងស្តារសេដ្ឋកិច្ច សង្គមឡើងវិញ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែបានគាំទ្រនូវសកម្មភាពមនុស្សធម៌របស់សាខា យកចិត្តទុកដាក់ គិតគូរពីសុខភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ។

ជាពិសេសការផ្តល់ជែលលាងដៃនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់មន្ត្រីតាមគោលដៅ ក្នុងការរួមចំណែកទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ នៅតាមមូលដ្ឋាននានា ក្នុងការជួយទំនុកបម្រុងថវិកា សម្ភារៈយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងអំឡុងពេលនៃការប្រយុទ្ធជាមួយជំងឺកូវីដ១៩កន្លងមកឱ្យមានប្រសិទ្ធភាព ៕