(ក្រចេះ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រគល់ ជែលលាងឲ្យសាខាកាកបាតក្រហមខេត្តក្រចេះ ព្រមទាំងមន្ទីរពេទ្យបង្អែកទាំង៥ ការិយាល័យប្រតិបត្តិ៣ និងអនុសាខាកាកបាតក្រហមទាំង៦ស្រុក ចំនួន ៩១៤កេស ស្មើ ១៤,៦២៤ដប។

ពិធីប្រគល់ជែលលាងដៃនេះដែរ ធ្វើឡើងនៅក្នុងបរិវេណសាខាកាកបាទក្រហមកម្ពុជា ក្រុងក្រចេះ ក្រោមវត្តមាន លោក វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ កាកបាទក្រហមកម្ពុជា និង លោក វ៉ា ថនអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

វេជ្ជបណ្ឌិត អ៊ុយ សំអាត បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរចំពោះជួរគណៈអភិបាល កងកម្លាំងមាន សមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៃខេត្តក្រចេះ ក៏ដូចជាគណៈកិត្តិយស គណៈកម្មាធិការ មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់ នៃសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជាប្រតិបត្តិករមនុស្សធម៌ជួរមុខ បានលះបង់យ៉ាងធំធេង ក្នុងការចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ។

ទន្ទឹមនឹងនេះដែរ បុគ្គលិកសុខាភិបាលនៅគ្រប់មន្ទីរពេទ្យទាំងអស់ក្នុងខេត្ត ក៏បានយកចិត្តទុកដាក់ខ្ពស់ ចំពោះការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលផ្តោតលើកកម្ពស់ និងពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកខេត្ត នៅទូទាំងប្រទេស ក្នុងការព្យាបាលជំងឺជូនប្រជាពលដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន។

លោក អ៊ុយ សំអាត បានគូសបញ្ជាក់ថា៖ «យុទ្ធសាស្ត្រគន្លឹះ និងចក្ខុវិស័យដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ទូទាំងប្រទេស រួមជាមួយការលើកកម្ពស់ការយល់ដឹង ពីវិធានការទប់ស្កាត់ និងការអនុវត្តវិធានការ ៣ការពារ និង៣កុំ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ បានធ្វើឱ្យប្រទេសកម្ពុជាយើង ឈានដល់ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ហើយសង្ឃឹមជឿជាក់ថាខ្លឹមសារនៃ យុទ្ធសាស្ត្រស្តីពី ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ នឹងជ្រួតជ្រាបកាន់តែច្បាស់ដល់បងប្អូនប្រជាពលរដ្ឋយើង ដើម្បីធានានូវស្ថិរភាពនៃការបើកដំណើរការប្រទេសឡើងវិញ»

ក្នុងឱកាសនោះដែរ លោក វ៉ា ថន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខភាព និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់ ជែលលាងដៃនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់មន្ត្រីជួរមុខតាមគោលដៅ ក្នុងការរួមចំណែកទទួលខុសត្រូវទប់ស្កាត់ការចម្លងកូវីដ-១៩ នៅក្នុងខេត្តក្រចេះ៕