(ត្បូងឃ្មុំ)៖ លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យជាតិកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធ Zoom បានដឹកនាំការប្រារព្ធទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្រ្ត បន្តលើកទី៧ ដើម្បីបន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងចំណេះដឹងថ្មីៗបន្ថែម ដល់លោកគ្រូអ្នកគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ។ ទិវានេះធ្វើឡើងដោយមានការចូលរួម ពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាល សមាជិកគណៈគ្រូពេទ្យ ទូទាំងខេត្តត្បូងឃ្មុំ និងសិក្ខាកាមមកពីតាមបណ្ដាខេត្តនានា នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ។

បើតាមលោកវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា នៅក្នុងខេត្តត្បូងឃ្មុំ គណៈគ្រូពេទ្យខេត្ត និងការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ មានគ្រូពេទ្យសរុបក្នុងខេត្ត ២៣៥នាក់ គ្រូពេទ្យបានចុះបញ្ជីការសរុប ២២៩នាក់ (ស្រី៣៥នាក់) គ្រូពេទ្យបានចុះបញ្ជីការ និងស្នើសុំអាជ្ញាបណ្ណ មានសរុបចំនួន១៤៣នាក់។

លោកវេជ្ជបណ្ឌិត ឆន មុនី បន្ថែមថា កន្លងមកមន្ទីរបានពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការសុខាភិបាល ក្រុមគ្រូពេទ្យ នៅគ្រប់អង្គភាពសុខាភិបាលក្រោមឱវាទ គ្រប់ថ្នាក់ ទាំងរដ្ឋ និងឯកជន ជាពិសេសអង្គភាពផ្ដល់សេវាមានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដើម្បីលើកកម្ពស់ទំនុកចិត្តដល់ប្រជាពលរដ្ឋ ចំពោះមូលដ្ឋានសុខាភិបាលសាធារណៈ។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ទាំងមន្ទីរសុខាភិបាលខេត្ត រួមទាំងគណៈវិជ្ជាជីវៈទាំងអស់ បានបន្តខិតខំណែនាំក្រើនរំលឹកដល់ វេជ្ជបណ្ឌិត គ្រូពេទ្យ ទន្តបណ្ឌិត ទន្តពេទ្យ ឱសថការី គិលានុបដ្ឋាក ឆ្មប ត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា ជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌គុណភាពនិងសមធម៌។

ថ្លែងនាឱកាសនោះ តាមរយៈ Zoom លោកសាស្ត្រាចារ្យ ធា គ្រុយ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីសុខាភិបាលខេត្ត ពិសេសក្រុមគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ ក្នុងអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ក្នុងការបំរើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋតបានយ៉ាងល្អប្រសើរ។

លោកសាស្ត្រាចារ្យ បានណែនាំដល់គ្រូពេទ្យទាំងអស់ ត្រូវបន្ថែមការយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋ ដែលគាត់មានបញ្ហាជំងឺឈឺថ្កាត់ នៅគ្រប់ទីតាំងបម្រើសេវាសុខាភិបាលទាំងអស់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ជាគ្រូពេទ្យ ត្រូវដាក់វេនគ្នាជាប្រចាំការក្នុងការទទួលប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីពិនិត្យ ព្យាបាលគាត់បានទាន់ពេលវេលានិងប្រកបដោយសុវត្ថិភាពខ្ពស់ ជាពិសេសរួមគ្នាបន្តបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕