(ភ្នំពេញ)៖ ក្នុងពិធីបុណ្យព្រហ្មទានដែលរៀបចំឡើងនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចព្រះពោធិវ័ង្សកិត្តិឧទ្ទេសបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ និងជាសម្តេចព្រះអគ្គាធិការរងទទួលបន្ទុកនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានប្រគេនជូនថវិកាដល់ថ្នាក់ដឹកនាំ មន្ត្រីសង្ឃ មន្ត្រីរាជការ និងសមណនិស្សិត និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជចំនួន៨២៣អង្គ/នាក់។

សម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានថេរដីកាទូលថ្វាយ ប្រគេន និងជម្រាបជូននូវស្ថិតិនៃថ្នាក់ដឹកនាំ មន្ត្រីសង្ឃ មន្ត្រីរាជការ និងសមណនិស្សិត និស្សិត ចំពោះសម្តេចជាអម្ចាស់ ក្នុងពិធីបុណ្យព្រហ្មទានរបស់សម្តេចព្រះពោធិវ័ង្សកិត្តិឧទ្ទេសបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកររងទី១ និងជាសម្តេចព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដែលសម្តេចជាអម្ចាស់មានព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីនេះផ្ទាល់។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានបណ្តុះបណ្តាលបែបព្រះពុទ្ធសាសនារបស់រដ្ឋក្រោមឱវាទក្រសួងធម្មការ និងសាសនា និងទាក់ទិនដោយផ្ទាល់ទៅនឹងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មិនត្រឹមតែបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រលើឯកទេសព្រះពុទ្ធសាសនាតែមួយមុខនោះទេ គឺមានឯកទេសចំនួន៩ ក្នុងនោះមានភាសាបាលី ទស្សនវិជ្ជាព្រះពុទ្ធសាសនា សង្គមវិជ្ជា អក្សរសាស្រ្តខ្មែរ គ្រប់គ្រងទូទៅ រដ្ឋបាលអប់រំ បរិស្ថាន ភាសាអង់គ្លេស និងនីតិសាស្ត្រ ហើយពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ប្រហែលជាគ្រឹះស្ថានតែមួយគត់ដែលមានការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់លើឯកទេសភាសាបាលី និងសំស្ក្រឹត។

បច្ចុប្បន្ននេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជមានសាខាចំនួន២ គឺសាខាខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។ ដោយឡែកនៅរាជធានីភ្នំពេញ មានសមណនិស្សិត និស្សិតកំពុងសិក្សាចំនួនសរុប៦៧៦អង្គ/នាក់ គឺថ្នាក់បរិញ្ញាបត្រមានចំនួន៥៤១អង្គ/នាក់ ក្នុងនោះបព្វជិត២២៤អង្គ ប្រុស១៦២នាក់ ស្រី១៥៥នាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១៣៥អង្គ/នាក់ ក្នុងនោះបព្វជិត៦៩អង្គ ប្រុស៤៧នាក់ និងស្រី១៩នាក់។ ជាមួយគ្នានោះដែរ មានថ្នាក់ដឹកនាំមន្ត្រីសង្ឃ មន្ត្រីរាជការ គ្រូក្របខណ្ឌ គ្រូបង្រៀនប្រាក់ម៉ោងបន្ថែម និងមន្ត្រីកិច្ចសន្យាសរុបចំនួន១៤៧អង្គ/នាក់ផងដែរ។ សរុបទាំងមន្ត្រី និងសមណនិស្សិត និស្សិតទាំងអស់ចំនួន៨២៣អង្គ/នាក់។

ជាការកត់សម្គាល់ ឆ្នាំនេះមានសមណនិស្សិតច្រើនជាងឆ្នាំមុន ដែលថ្នាក់ដឹកនាំ ជាពិសេសសម្តេចជាអម្ចាស់ពេញព្រះទ័យសប្បាយរីករាយចង់ឱ្យព្រះសង្ឃមានការបណ្តុះបណ្តាល លើគ្រប់កម្រិតតាំងពីកម្រិតមធ្យមសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងឈានទៅថ្នាក់បណ្ឌិតថែមទៀត ដែលគណៈគ្រប់គ្រងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងថ្នាក់ដឹកនាំនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ តែងតែពិគ្រោះពិភាក្សារិះរកនីតិវិធី ដើម្បីឈានទៅបើកថ្នាក់បណ្ឌិតនាពេលខាងមុខ។ ជាមួយគ្នានេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីសម្ដេចព្រះជាអម្ចាស់ និងសម្តេចព្រះអគ្គាធិការរងគ្រប់ព្រះអង្គ គឺបានបណ្តុះបណ្តាលអនុវត្តទៅតាមគោលការណ៍គរុកោសល្យ និងឈរលើលិខិតបទដ្ឋានគតិយុត្តនានា និងមានការយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលដល់សមណនិស្សិត និស្សិត ឱ្យមានចំណេះដឹងទៅតាមកម្រិតនៃការបណ្តុះបណ្តាល ព្រមទាំងមានក្រមសីលធម៌នៃការរស់នៅដែលជាគោលការណ៍សំខាន់ក្នុងជីវិតរស់នៅ។

ក្នុងពេលនោះ លោក នរៈ រតនវឌ្ឍនា រដ្ឋលេខាធិការនៃក្រសួងធម្មការ និងសាសនា បានថ្លែងនូវអំណរព្រះគុណដ៏ក្រៃលែងចំពោះសម្តេចព្រះពោធិវ័ង្សជាអម្ចាស់ ដែលបានរៀបចំនូវទានជាបច្ច័យដែលហៅថាព្រហ្មទាន ដើម្បីប្រគេនជូនចំពោះថ្នាក់ដឹកនាំសមណនិស្សិត និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលជាទានប្រកបដោយព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា និងឧបេក្ខា ដែលសម្តេចជាអម្ចាស់បានមើលឃើញនូវទុក្ខលំបាករបស់សមណនិស្សិត និស្សិត និងថ្នាក់ដឹកនាំដែលកំពុងសិក្សា និងបម្រើការងារទាំងអស់។

ក្នុងនាមថ្នាក់ដឹកនាំនៃក្រសួងធម្មការ និងសាសនា សូមគាំទ្រ និងអនុមោទនាចំពោះព្រហ្មទានដ៏ថ្លៃថ្លានេះប្រគេនជូនចំពោះថ្នាក់ដឹកនាំ សមណនិស្សិត និងនិស្សិតចំនួន៨២៣រូប ហើយនៅថ្ងៃទី៣០ ខែធ្នូខាងមុខនេះ សម្តេចជាអម្ចាស់នឹងទៅធ្វើបុណ្យព្រហ្មទានប្រគេនជូនដល់ថ្នាក់ដឹកនាំសមណនិស្សិត និស្សិត នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបងថែមទៀត។

ព្រះរាជបេសកម្មបម្រើសង្គមជាតិរបស់សម្តេចជាអម្ចាស់ គឺតែងតែមានជារៀងរាល់ថ្ងៃ ប្រកបដោយព្រហ្មវិហារធម៌។ និស្សិតពិតជាមានភព្វវាសនាខ្ពស់ណាស់
ដែលបានមកសិក្សាជាមួយព្រះសង្ឃ លោកក៏បានផ្តល់នូវពាក្យបណ្តាំចំពោះនិស្សិតផងដែរថា ដើម្បីបានសម្រេចជោគជ័យនូវវិថីជីវិត និងគោលបំណងរបស់ខ្លួននោះ គឺទី១. ត្រូវរក្សាឱ្យខ្ជាប់នូវសីល៥ ដែលអាចក្លាយជាគ្រូបាធ្យាយអប់រំដឹកនាំឆ្ពោះទៅរកសុខសន្តិភាព ហើយអនាគតអាចក្លាយជាអ្នកដឹកនាំល្អម្នាក់ ទី២. ត្រូវគោរពតាមដំបូន្មានល្អៗរបស់គ្រូ ឱពុកម្តាយ និងទី៣. ទោះបីជារៀនសូត្រជាមួយព្រះសង្ឃក៏ដោយ ត្រូវតែរៀបចំកាយវាចាចិត្តគោរពព្រះសង្ឃ ព្រោះព្រះសង្ឃជាភេទដ៏ឧត្តមខ្ពង់ខ្ពស់។

សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង បានមានព្រះបន្ទូលសំណេះសំណាល និងប្រទានឱវាទចំពោះអង្គពិធីទាំងមូលថា ថ្ងៃនេះនិមន្តមកនេះ គឺដោយសាមានទឹកចិត្ត សទ្ធាជ្រះថ្លា មានការអាណិតស្រលាញ់ និងរាប់អានជាទីបំផុត ចំពោះសមណនិស្សិត និស្សិតទាំងអស់។ សម្តេចជាអម្ចាស់ចង់ប្រទាននូវបច្ច័យធ្វើព្រហ្មទាននេះយូរហើយ តែដោយស្ថានភាពកូវីដ-១៩ តម្រូវឱ្យសមណនិស្សិត និស្សិត រៀនតាមអនឡាញ មិនអាចធ្វើបាន នាំឱ្យពិធីនេះរងចាំមកដល់ថ្ងៃនេះ។ សម្តេចជាអម្ចាស់ធ្លាប់ចិញ្ចឹមព្រះសង្ឃសិក្សារៀនសូត្រ២០០-៣០០អង្គ គឺមានការយល់អធ្យាស្រ័យ និងអាណិតអាសូរគ្រប់បែបយ៉ាង។ គឺដោយសារមានការតស៊ូរៀនសូត្រទ្រាំនឹងការលំបាកច្រើនទើបបានមកដល់ថ្ងៃនេះ។ នៅក្នុងសម័យកូវីដ-១៩នេះ ព្រះសង្ឃមិនមានចំណូលទេ សេដ្ឋកិច្ចធ្លាក់ចុះ ចឹងហើយសម្តេចជាអម្ចាស់មានសទ្ធាជ្រះថ្លាធ្វើពិធីបុណ្យព្រហ្មទាននេះប្រគេន ជូនដល់សមណនិស្សិត និស្សិត និងថ្នាក់ដឹកនាំនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជទាំងអស់ ដើម្បីជាឱកាសបាននៅសិក្សារៀនសូត្រ និងលើកទឹកចិត្តក្នុងការបំពេញការងារឱ្យបានល្អថែមទៀត។

សម្ដេចជាអម្ចាស់បានប្រគេនជូនបុណ្យដល់អង្គពិធីទាំងមូលសូមបានបុណ្យស្មើៗគ្នា។ ចំនួនបច្ច័យដែលប្រគេនជូនដល់ថ្នាក់ដឹកនាំ មន្ត្រីសង្ឃ មន្ត្រីរាការ សមណនិស្សិត និងនិស្សិតមាន៖ ឯកទេសភាសាបាលីទទួលបានថវិកាចំនួន២០០ដុល្លារក្នុងមួយអង្គ/នាក់ ឯកទេសផ្សេងៗទទួលបានថវិកាចំនួន១០០ដុល្លារក្នុងមួយអង្គ/នាក់ មន្ត្រីទាំងអស់ទទួលបានចំនួន៥០ដុល្លារ ក្នុងមួយអង្គ/នាក់។

សូមបញ្ជាក់ថា កាលកន្លងទៅសម្តេចជាអម្ចាស់ តែងតែលើកទឹកចិត្ត ដល់មន្ត្រី សមណនិស្សិត និស្សិត ទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ និងបម្រើកិច្ចការជូនជាតិ សាសនា ជាពិសេសវិស័យពុទ្ធិកសិក្សានេះឱ្យរីកចម្រើនក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ៕