(ភ្នំពេញ)៖ សមាគមជប៉ុន ChokuGen kai បានផ្តួចផ្តើមគំនិតឲ្យវិទ្យាស្ថានវិទ្យាសាស្ត្រអូស្ត្រាលី និងបច្ចេកវិទ្យា និងវិស័យឯកជន ចាប់ដៃគ្នាក្នុងការបណ្តុះបណ្តាលជំនាញថែទាំប្រកបដោយវិជ្ជាជីវៈ និងបណ្តុះបណ្តាលភាសាជប៉ុន ដល់ប្រជាពលរដ្ឋកម្ពុជា។

គំនិតនេះនឹងរួមចំណែកក្នុងការផ្តល់ឱកាសការងារដល់ធនធានមនុស្សកម្ពុជា ឲ្យមានចំណេះ ជំនាញច្បាស់លាស់ អាចស្វែងរកប្រាក់ចំណូលបានខ្ពស់ និងទទួលបានបទពិសោធន៍ល្អៗនៅប្រទេសអភិវឌ្ឍនិងជឿនលឿន ថែមទាំងអាចទទួលយកបទពិសោធន៍ ចំណេះ ជំនាញ ទាំងនោះមកអភិវឌ្ឍនៅមាតុភូមិកម្ពុជាវិញជាក់ជាមិនខាន។

ជាក់ស្តែង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន International human resource inc និងក្រុមហ៊ុន International Easy Reach co.,ltd ព្រមទាំងវិទ្យាស្ថានវិទ្យាសាស្ត្រអូស្ត្រាលី និងបច្ចេកវិទ្យា បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ ស្តីពីការបណ្តុះបណ្តាលជំនាញថែទាំប្រកបដោយវិជ្ជាជីវៈ និង បណ្តុះបណ្តាលភាសាជប៉ុន។

កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ ធ្វើឡើងរវាង ៣ភាគី គឺ ក្រុមហ៊ុនInternational human resource inc ដែលមានលោក Aikawa Tatsuya ជានាយកប្រតិបត្តិ, ក្រុមហ៊ុន International Easy Reach co.,ltd មានលោក Luk Sing Yip ជានាយកប្រតិបត្តិ, និងវិទ្យាស្ថានវិទ្យាសាស្ត្រអូស្ត្រាលី និងបច្ចេកវិទ្យា ដែលមានលោក បណ្ឌិត ឃុន សូគ្រីន ជានាយកវិទ្យាស្ថាន។

កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ គឺជាគំនិតផ្តួចផ្តើមរបស់លោក Ishikawa ដែលជាប្រធាននៃសមាគម ChokuGen kai ហើយលោកក៏ជាស្ថាបនិកនៃមន្ទីរពេទ្យ Sagamihara minami, មជ្ឈមណ្ឌលថែទាំមនុស្សចាស់ Rindo Asamizo និង ក្រុមហ៊ុនទទួលយកធនធានមនុស្សពីកម្ពុជា International human resource។

ក្នុងនាមជាប្រធានសមាគម ChokuGen kai លោក Ishikawa បានសម្រេចបើកដំណើរការមន្ទីរពេទ្យ និងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរាអស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅសាហ្គាមីហារ៉ា ខេត្តកាណាហ្គាវ៉ាប្រទេសជប៉ុន។ រយៈពេលជាង ១០ឆ្នាំមកនេះ លោកនិងក្រុមការងារបានធ្វើការស្ម័គ្រចិត្ត ដោយនាំគ្នាចុះមកពិនិត្យសុខភាពមាត់ធ្មេញ ជូនប្រជាពលរដ្ឋកម្ពុជាទាំងចាស់ ទាំងក្មេងនៅតាមតំបន់ និង ជាយក្រុងនៃខេត្តសៀមរាបជារៀងរាល់មួយឆ្នាំម្ដងផងដែរ។

តាមរយៈសកម្មភាពការងារស្ម័គ្រចិត្តរបស់លោកនាពេលកន្លងមក លោកសង្កេតឃើញថាប្រជាជនកម្ពុជាមានទឹកចិត្តសប្បុរស និងភាពរួសរាយរាក់ទាក់ ព្រមទាំងមានស្នាមញញឺមគ្រប់ពេលវេលានៅពេលដែលបានជួបជាមួយនឹងក្រុមការងាររបស់លោក។ លើសពីនេះ ពួកគាត់បានទទួលស្វាគមន៍ក្រុមការងារលោកយ៉ាងកក់ក្តៅ មិនដែលអាក់ខានផងដែរ ទើបធ្វើឱ្យលោកស្រលាញ់ជនជាតិកម្ពុជា និងមានបំណងទទួលយកធនធានកម្ពុជាដែលសម្រាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញថែទាំប្រកបដោយវិជ្ជាជីវៈ និង ភាសាជប៉ុន ដើម្បីទៅធ្វើការនៅក្នុងមន្ទីរពេទ្យរបស់លោក។

ដោយមើលឃើញពីទឹកចិត្ត ស្នាមញញឹម និងក្តីស្រឡាញ៉ ទាំងអស់នេះហើយ ទើបជំរុញឲ្យលោក Ishikawa ដែលជាអ្នកតំណាងសមាគម ChokuGen kai បានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីសហការជាមួយក្រុមហ៊ុន International Easy Reach co.,ltd និងវិទ្យាស្ថានវិទ្យាសាស្ត្រអូស្ត្រាលី និងបច្ចេកវិទ្យា ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការនេះឡើង ក្នុងគោលបំណង ដើម្បីជ្រើសរើសធនធានមនុស្សកម្ពុជាមកបណ្តុះបណ្តាលជំនាញថែទាំ និងបណ្តុះបណ្តាលភាសាជប៉ុន ដើម្បីចេញទៅធ្វើការក្នុងមន្ទីរពេទ្យនៅប្រទេសជប៉ុនជាពិសេសតែម្តង៕