(ភ្នំពេញ)៖ ភាគីពាក់ព័ន្ធ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកវេទិកាថ្នាក់និពន្ធនាយកសារព័ត៌មាន ស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតនៅកម្ពុជា នាសណ្ឋាគារហ៉ីម៉ាវ៉ារី រាជធានីភ្នំពេញ។

វេទិកានិពន្ធនាយកសារព័ត៌មាននេះដែរ បានធ្វើឡើងក្រោមអធិបតីភាពលោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីលោកស្រី មឹន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមទាំងមន្ត្រីរាជរដ្ឋាភិបាល អង្គការជាដៃគូ និពន្ធនាយកសារព័ត៌មាន តំណាងរោងចក្រ តំណាងសហជីព និងតំណាងកម្មករ និយោជិត ជាច្រេីនរូបទៀតផងដែរ។

វេទិកានេះមានគោលបំណងបង្ហាញនូវព័ត៌មាន ភស្តុតាង និងអនុសាសន៍ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតកម្ពុជា តាមរយៈការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងផ្តល់ឱកាសដើម្បីគូសបញ្ជាក់អំពីបញ្ហាសុវត្ថិភាពចរាចរណ៍ ក្នុងចំណោមកម្មករនិយោជិតសម្រាប់ជំរុញ ការផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទឱ្យបានជ្រួតជ្រាបដល់សាធារណជន។

បើតាមលោកស្រី មឹន មាណាវី បានថ្លែងថា រយៈពេល ១០ខែ ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ២,១៣១លើក បណ្ដាលឱ្យមានអ្នកស្លាប់ចំនួន ១,១៩៨នាក់ របួសធ្ងន់ស្រាល ២,៩២៩នាក់។ ក្នុងនោះ គ្រោះថ្នាក់ដោយម៉ូតូមានចំនួន ៧៧ភាគរយ មិនពាក់មួកសុវត្ថិភាព ៧៨ភាគរយ៕